ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ពិធីបើក កីឡាអាស៊ី Asian Games ក្នុងក្រុងហាងចូវ ប្រទេសចិន នៅថ្ងៃទី ២៣ ខែកញ្ញា នឹងមិនមានការបាញ់កាំជ្រួចឡើយ ដើម្បីធ្វើជាគំរូ នៃការកាត់បន្ថយការបញ្ចេញសារធាតុកាបូន។ នេះជាការអះអាងរបស់ លោក Sha Xiaolan អគ្គនាយករៀបចំ ពីធីបើកបិទព្រឹត្តិការណ៍ កីឡាប្រចាំតំបន់ អាស៊ី ដោយនឹងរៀបចំការសម្ដែង ទស្សនីយភាពផ្សេងៗ តាមរយៈគ្រឿងបច្ចេកវិទ្យា ជំនួសវិញ។
សម្រាប់អត្ដពលិកកម្ពុជា ១១៤ នាក់ នឹងត្រូវប្រកួតលើ ១៧ ប្រភេទកីឡា រួមមាន ប្រភេទកីឡា និង ចំនួនអត្តពលិកកីឡាហែលទឹក អត្ដពលិក ៤ នាក់ អត្ដពលកម្ម អត្តពលិក ១០ នាក់ វាយសី អត្ដពលិក ២ នាក់បាល់បោះ (៣ទល់៣) អត្ដពលិក ៤ នាក់គ្រីកឃីត អត្ដពលិក ១៥ នាក់ទូកនាគ អត្ដពលិក ១៤ នាក់គុនដាវ អត្ដពលិក ២ នាក់យូដូ អត្ដពលិក ២ នាក់ជឺជិតស៊ូ អត្ដពលិក ២ នាក់ការ៉ាតេ អត្ដពលិក ១០ នាក់ អុកចិន អត្ដពលិក ២ នាក់ទូកក្ដោង អត្ដពលិក ៣ នាក់តេក្វាន់ដូ WT អត្ដពលិក ៦ នាក់សូហ្វតិន្នីស អត្ដពលិក ១០ នាក់ទ្រីយ៉ាត្លុង អត្ដពលិក ២ នាក់បាល់ទះក្នុងសាល (បុរស) អត្ដពលិក ១២ នាកនិងចំបាប់ អត្ដពលិក ១៤ នាក់។
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា តាមរយៈព្រឹត្តិការណ៍ នៃការប្រកួតកីឡាអាស៊ីនេះ កម្ពុជាបានរៀនសូត្រ ពីបទពិសោធន៍ នៃការរៀបចំពិធី ស្វាគមន៍ និងគោរពទង់ជាតិ បណ្ដាប្រទេសមកដល់ភូមិកីឡា ក៏ដូចជាទីតាំងប្រកួត គឺយើងរៀនសូត្របានច្រើន ជាពិសេសរៀនសូត្រពី ការទទួលបដិសណ្ឋារកិច្ច ពិធីបង្ហូតទង់ជាតិ និងការផ្លាស់ប្ដូរវត្ថុអនុស្សាវរីយ៍ជាដើម។ យើងនឹងរៀនសូត្រ ពីកម្រិតរៀបចំកីឡាអាស៊ីនេះ ដើម្បីត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជន អាស៊ី នាឆ្នាំ២០២៩ ដែលមានកម្រិតអាស៊ីដូចគ្នា ៕ V / N