ប្រែសម្រួល : កញ្ញាដាលីស (ស៊ីនហួ) ៖ មេដឹកនាំពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ដែលជាថ្ងៃទីបីនៃការជជែកដេញដោលទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់អ.ស.បនិងតម្រូវការក្នុងការធ្វើកំណែទម្រង់អង្គការនេះដើម្បីធ្វើឱ្យវាសមស្របទៅនឹងគោលបំណងរបស់ខ្លួន។
ប្រធានាធិបតីសែប៊ី លោក អាឡិកសាន់ដា វូស៊ីក (Aleksandar Vucic) បាននិយាយថា គោលការណ៍នៃធម្មនុញ្ញអ.ស.ប មានផលប៉ះពាល់លើការរស់រានមានជីវិតនៃអរិយធម៌របស់មនុស្ស។
“ខ្ញុំចង់បញ្ចេញសំឡេងក្នុងនាមប្រទេសរបស់ខ្ញុំ ប៉ុន្តែក្នុងនាមអ្នកទាំងឡាយណា ដែលពិតជាជឿជាក់ថា គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ គឺជាការការពារដ៏សំខាន់តែមួយគត់របស់សន្តិភាពពិភពលោក សិទ្ធិទទួលបានសេរីភាព និងឯករាជ្យភាពរបស់ប្រជាជាតិនិងប្រទេសនានា នៅ៧៨ឆ្នាំក្រោយការបង្កើតអង្គការសហប្រជាជាតិ។ ប៉ុន្តែលើសពីនោះទៅទៀតនោះ ពួកវាគឺជាការសន្យានៃការរស់រានមានជីវិតនៃអរិយធម៌របស់មនុស្សតែប៉ុណ្ណោះ”។
លោកបាននិយាយថា រលកសង្គ្រាមនិងអំពើហិង្សាជាសកលថ្មី ដែលកំពុងជះឥទ្ធិពលដល់មូលដ្ឋានគ្រឹះនៃសន្តិសុខអន្តរជាតិ គឺជាផលវិបាកដ៏ឈឺចាប់ ដែលបុព្វហេតុរបស់វាគឺស្ថិតនៅក្នុងការបោះបង់ចោលគោលការណ៍ដែលរំពឹងទុកនៅក្នុងធម្មនុញ្ញអ.ស.ប។
លោកបានព្រមានថា នៅពេលដែលមហាអំណាចធំៗងាកចេញពីគោលការណ៍នេះ នៅពេលដែលគ្មានសីលធម៌នៅក្នុងនយោបាយពិភពលោក វាច្បាស់ណាស់ថាមនុស្សជាតិនឹងរកកល់ឈានចូលយុគសម័យនៃការបែកបាក់និងជម្លោះធំ។
ប្រធានាធិបតីសែប៊ី លោក អាឡិកសាន់ដា វូស៊ីក ថ្លែងនៅអ.ស.បកាលពីថ្ងៃព្រហស្បតិ៍
លោកវូស៊ីកនិយាយថា “ហើយច្បាស់ណាស់នៅក្នុងស្ថានភាពដ៏លំបាកនេះ អង្គការសហប្រជាជាតិគឺជាវេទិកាដ៏សំខាន់ចុងក្រោយដែលនាំពួកយើងទាំងអស់គ្នាមកជួបគ្នា ដោយមិនគិតពីការខ្វែងគំនិតគ្នានិងការបែកបាក់របស់យើង។ ខ្ញុំជឿថា ការប្ដេជ្ញាចិត្តដើម្បីសន្តិភាពនិងការអភិវឌ្ឍ មធ្យោបាយទូទៅដើម្បីបញ្ចប់ការរងទុក្ខរបស់មនុស្ស និងដើម្បីធានាបាននូវអនាគតដ៏វិបុលភាពនិងស្ថិរភាព គឺជាអ្វីដែលបង្រួបបង្រួមពួកយើង”។
លោកនិយាយថា “ដើម្បីរក្សាសន្តិភាពពិភពលោក ដើម្បីកុំឱ្យយើងទាំងអស់គ្នារលាយបាត់ក្នុងជម្លោះ Darwinist ដឹកនាំដោយមហាអំណាច ចាំបាច់ត្រូវចូលរួមជាមួយកម្លាំងរបស់យើងដូចកាលពី ៧៨ ឆ្នាំមុន ក្នុងការតស៊ូរួមគ្នាដើម្បីសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើធម្មនុញ្ញអ.ស.ប។”
អគ្គលេខាធិការអ.ស.ប លោក អង់តូនីញ៉ូ គូថេរ៉េស បានសង្កត់ធ្ងន់លើសារៈសំខាន់នៃស្ថាប័នពហុភាគីដែលត្រូវគ្នានឹងពិភពលោកពហុប៉ូល ដែលកំពុងតែលេចឡើង។
លោកបានប្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដែលត្រៀមសម្រាប់កិច្ចប្រជុំកំពូលអំពីអនាគត យ៉ាងដូច្នេះថា “យើងកំពុងឆ្ពោះទៅរកពិភពលោកពហុប៉ូល។ ពហុប៉ូលកំពុងបង្កើតឱកាសថ្មីសម្រាប់ប្រទេសផ្សេងៗគ្នាដើម្បីឈានមុខគេលើឆាកពិភពលោក។ ប៉ុន្តែប្រវត្តិសាស្ត្របង្រៀនថាពហុប៉ូលដោយគ្មានស្ថាប័នពហុភាគីរឹងមាំបង្កើតបាននូវហានិភ័យដ៏ធ្ងន់ធ្ងរ។ វាអាចបណ្តាលឱ្យមានភាពតានតឹងផ្នែកភូមិសាស្ត្រកាន់តែខ្លាំង ការប្រកួតប្រជែងដ៏វឹកវរ និងការបែងចែកកាន់តែធំ”។
ស្ថាប័នពហុភាគីនឹងរស់បានលុះត្រាតែពួកវាមានលក្ខណៈជាសកល។ លោកបាននិយាយថា កិច្ចប្រជុំកំពូលអំពីអនាគតនៅឆ្នាំក្រោយគឺជាឱកាសពិសេសមួយ ដើម្បីជួយកសាងទំនុកចិត្តឡើងវិញនិងនាំយកស្ថាប័ននិងក្របខ័ណ្ឌពហុភាគីដែលហួសសម័យឱ្យស្របទៅតាមពិភពលោកនាពេលបច្ចុប្បន្ន ដោយផ្អែកលើសមធម៌និងសាមគ្គីភាព៕
អគ្គលេខាធិការអ.ស.ប លោក អង់តូនីញ៉ូ គូថេរ៉េស (កណ្តាល)និយាយនៅកិច្ចប្រជុំមួយនៅក្រុងញូវយ៉កកាលពីថ្ងៃ២១កញ្ញា