​ប្រែ​សម្រួលៈ​បំណង​(CNA)៖​ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ពីង បាន​បើក​ការប្រកួត​កីឡា​អាស៊ី​(Asian Games)​លើក​ទី​១៩​កាលពី​យប់​ថ្ងៃ​សៅរ៍​ទី​២៣​កញ្ញា​នៅ​ទីក្រុង​ហាង​ចូ​វ ដោយ​ពួក​អ្នករៀបចំ​រំពឹងថា​វា​នឹង​ជួយ​អោយ​អារម្មណ៍​ភ្លឺ​ថ្លា​ឡើង​នៅក្នុង​ប្រជាជាតិ​មួយ​ដែល​កំពុង​តស៊ូ​នឹង​កំណើន​សេដ្ឋកិច្ច​ស្ពឹក​។​

​អ្នកចូលរួម​និង​អ្នក​ទស្សនា​នៅក្នុង​កីឡាដ្ឋាន​ដែល​អាច​ដាក់​មនុស្ស​បាន​៨០.០០០​នាក់​បាន​បញ្ចេញ​សម្លេង​ស្វាគមន៍​កងរំពង​នៅ​ពេល​លោក​ស៊ី​ត្រូវបាន​ណែនាំ​និង​ដើរ​ចូល​អង្គុយ​ជាមួយ​ឥ​ស្សនរ​ជន រួម​មានប្រ​ធាន​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ច​អន្តរជាតិ លោក ថូ​ម៉ាស បាច​(Thomas Bach ) និង​ប្រធានាធិបតី​ស៊ី​រី លោក បាស​សា អាល់​-​អា​សាដ​។​

​​ប្រធានាធិបតី​ស៊ី ជីន​ពីង និង​ជំទាវ ផឹង លី​យូ​អាន ( Peng Liyuan )​ចូលរួម​ពិធី​បើក​កីឡា​អាស៊ី​នៅ​ក្រុង​ហាង​ចូ​វ កាលពី​ថ្ងៃ​២៣​កញ្ញា

តាមពិត​ការប្រកួត​កីឡា​នេះ​ត្រូវ​បាន​ពន្យារ​ពេល​មួយ​ឆ្នាំ​ដោយសារតែ ចិន​អនុវត្ត​វិធានការ​បិទ​ខ្ទប់​ប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ ។​ឥឡូវ​វា​ជា​ព្រឹត្តិការណ៍​កីឡា​ធំ​បំផុត​របស់​ប្រទេស​នៅ​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មក​នេះ ជាមួយនឹង​អត្ត​ព​លិកប្រមាណ​១២.០០០​នាក់​ចូលរួម​មកពី​៤៥​ប្រទេស​សំរាប់​វិញ្ញាសារ​កីឡា​៤០​ប្រភេទ​។​

​ក្រោយ​ការ​បង្ហូតទង់​ជាតិចិន ក្រុមកីឡា​ដំបូង​ដែល​ចេញមក​គឺ​អា​ហ្វ​ហ្គានី​ស្ថាន ដោយ​អត្ត​ពល​លិកជា​ស្ត្រីស្ថិតនៅ​បរទេស​ដោយសារ​តែ​ក្រុម​តា​លី​បង់​ហាម​មិនអោយ​ស្ត្រី​លេង​កីឡា​។​ពួកគេ​ដើរ​ជាមួយ​សហសេវិក​ជា​បុរស​របស់គេ​។

​ក្រុម​ដទៃ​ទៀត រួម​មាន​ចិន​តៃប៉ិ ក៏​ត្រូវបាន​ស្វាគមន៍​ជាមួយនឹង​សម្លេង​ហ៊ោ​ពី​អ្នកទស្សនា តែ​គ្មាន​ក្រុម​ជម្រើសជាតិ​ណា​ទទួលបាន​ការស្វាគមន៍​ខ្លាំង​ដូច​ក្រុម​ម្ចាស់ផ្ទះ ដែល​គេ​រំពឹងថា​នឹង​ទទួលបាន​មេដាយ​ច្រើន​ជាង​គេ​ជា​ថ្មី​ក្នុង​ព្រឹត្តិការណ៍​នេះ​។​

កីឡាការិនីចិនទទួលបានមេដាយមាសមុនគេនៅព្រឹកថ្ងៃអាទិត្យនេះក្នុងកីឡាអាស៊ីនៅងាហាងចូវ

​ពិធី​កាលពី​យប់​ថ្ងៃ​សៅរ៍​ខុសគ្នា​ស្រឡះ​ពី​ការបើក​អូ​ឡាំ​ពិ​ច​រដូវរងារ​ក្រុង​ប៉េកាំង​កាលពី​ឆ្នាំ​២០២២​ដែល​ពេលនោះ​មិន​បាន​អ្នកចូលរួម​អបអរនិអតស្សនាទេ ដោយវាត្រូវ​ធ្វើឡើង​ក្រោម​លក្ខខណ្ឌ​កូវី​ដ​១៩​ដ៏​តឹងរឹង​។​

​អ្នកចូលរួម​ទស្សនា​ម្នាក់​ឈ្មោះ​ចា​វ បាន​និយាយថា​« ខ្ញុំ​មាន​អារម្មណ៍​រំភើប​ណាស់ ជាពិសេស​ក្នុងនាម​ជា​អ្នក​ក្រុង​ហាង​ចូវ​ម្នាក់​។​វា​ជា​ឳ​កាស​ធំ​ណាស់​ដើម្បី​បង្ហាញ​ពិភពលោក​ថា​ទីក្រុង​នេះ​ល្អ​ស្អាត​កំរិតណា​…។​វា​ត្រូវ​បាន​ពន្យារពេល​មួយឆ្នាំ តែ​បាន​ទុកពេល​អោយ​យើង​រៀបចំ​បាន​កាន់តែ​ល្អ​»​។​

​ពួក​អ្នក​រៀបចំ​មិន​បាន​បញ្ចេញ​អោយដឹង​ថា​បាន​ចំណាយ​លុយ​ប៉ុន្មាន​សំរាប់​កីឡា​នេះ​ទេ តែ​រដ្ឋាភិបាល​ក្រុង​​ហាង​ចូ​វ បាន​និយាយថា​ខ្លួន​បាន​ចំណាយ​ជាង​២០០​ពាន់​លាន​យ័ន​(៣០​ពាន់​លាន​ដុល្លារ​)​នៅ​ប្រាំ​ឆ្នាំ​មក​នេះ​ទៅ​លើ​ហេដ្ឋារចនាសម្ពន្ធ កីឡាដ្ឋាន និង​ទីតាំង​ផ្សេងៗ​។​ពួក​អ្នក​រៀបចំ​សង្ឃឹម​ថា​ការ​បើ​កីឡា​ជាមួយនឹង​ការសម្ដែង​រួមទាំង​ទស្សនីយភាព​ផ្សេងៗ តាមរយៈ​គ្រឿង​បច្ចេកវិទ្យា​ជាន់ខ្ពស់​នឹង​ជួយ​បង្កើន​អារម្មណ៍​រីករាយ​នៅក្នុង​ស្រុក​ចំពេល​ចិន​ជួប​បញ្ហា​ប្រឈម​សេដ្ឋកិច្ច​ខ្លះ​៕

​ទិដ្ឋភាព​បើក​កីឡា​អាស៊ី​កាលពី​ថ្ងៃ​២៣​កញ្ញា​នៅ​ក្រុង​ហាង​ចូ​វ