ក្រសួងសុខាភិបាល បញ្ឈប់សកម្មភាពព្យាបាលជំងឺមិនប្រក្រតី និងលក់ឱសថបុរាណ ដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល របស់លោក ស៊ូ សេងហ៊ួរ
ដោយៈ ទេព មង្គល / ភ្នំពេញៈ នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល បានសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការបញ្ឈប់សកម្មភាពព្យាបាលជំងឺមិនប្រក្រតី និង លក់ឱសថបុរាណ ដោយគ្មានច្បាប់អនុញ្ញាតពី ក្រសួងសុខាភិបាល របស់លោក ស៊ូ សេងហ៊ួរ ។
ក្រសួងសុខាភិបាល បានឱ្យដឹងថា កន្លងមក នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង នៃក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាល នៃរដ្ឋបាល រាជធានីភ្នំពេញ ធ្លាប់បានចុះទៅធ្វើការអប់រំ និងផាកពិន័យ លោក ស៊ូ សេងហួរ ចំពោះ ករណីផ្សព្វផ្សាយការព្យាបាលជំងឺ ចែកចាយ និងលក់ឱសថបុរាណ ដោយគ្មានច្បាប់ អនុញ្ញាតពីក្រសួងសុខាភិបាល និងបើកទីតាំងអគារឱសថបុរាណថ្មី ដោយគ្មានច្បាប់ អនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ ចំនួន ២ ដង រួចមកហើយ នៅខែមីនា និងខែឧសភា ឆ្នាំ២០២៣ ។
ទោះបីជាធ្លាប់បានសន្យាថា បញ្ឈប់ការធ្វើសកម្មភាពខុសច្បាប់ ក៏លោក ស៊ូ សេងហួរ នៅតែបន្តផ្សព្វផ្សាយ តាមបណ្តាញសង្គមហ្វេសប៊ុក នូវការព្យាបាលជំងឺមិនប្រក្រតី និងលក់ឱសថបុរាណ ដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។ ដោយសង្កេតឃើញនូវសកម្មភាពទាំងនេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីចុះទៅបិទបញ្ឈប់សកម្មភាពខុសច្បាប់ និងណែនាំលោក ស៊ូ សេងហួរ ឱ្យលុបវីដេអូ ផ្សព្វផ្សាយការព្យាបាលជំងឺ ប្រាស់ចាក ការពិតទាំងអស់ ចេញពីបណ្តាញសង្គមហ្វេសប៊ុក ជាបន្ទាន់។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រុងប្រយ័ត្ន ក្នុងការសម្រេចចិត្ត ទទួលការព្យាបាល ដោយមន្តអាគម ឬឱសថ បូរាណ ដែលខុសច្បាប់ និងកុំជឿការឃោសនាភូតកុហក បោកប្រាស់ទាំងនោះ តាមបណ្តាញសង្គម គ្លីបវីដេអូ ឬការផ្សព្វផ្សាយតៗគ្នា ដែលនាំឱ្យ ខាតបង់ប្រាក់ ពេលវេលា ប៉ះពាល់ដល់សុខភាព និងអាចបណ្តាលឱ្យគ្រោះថ្នាក់ ដល់ អាយុជីវិត ជាយថាហេតុ៕/V