ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី ២៤ កញ្ញា នេះ កីឡាករ កីឡាការិនីហែលទឹក កម្ពុជា ចាប់ផ្ដើមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិនហើយ។ នេះជាប្រភេទកីឡាទី២ បន្ទាប់ពីបាល់ទះរបស់ កម្ពុជា បានបញ្ចប់ កាលពីថ្ងៃពុធ កន្លងទៅ ក្នុងព្រឹត្តិការណ៍កីឡា Asian Games។

សម្រាប់វិញ្ញាសា នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១០និង៤៥ នាទី ព្រឹក ម៉ោងនៅ Hangzhou ត្រូវនឹងម៉ោងនៅកម្ពុជា ម៉ោង ១១និង៤៥ នាទី ព្រឹក ម៉ោងនៅកម្ពុជានេះ រួមមាន កីឡាករ ដឺ ឡាប៉ារ៉ង់ អង់ត្វ័ន ប្រកួតវិញ្ញាសាហែល ១០០ ម៉ែត្រ របៀបសេរី និងផ្ងារ ។ កីឡាករ មនត្រស ផានសុវណ្ណអារុន ប្រកួតវិញ្ញាសាហែល ១០០ ម៉ែត្រ របៀបសេរី កីឡាការិនី សុខ វរល័ក្ខណ៍ ប្រកួតវិញ្ញាសាហែល ៥០ ម៉ែត្រ របៀបកង្កែប។

ជាមួយគ្នានេះដែរ ប្រភេទកីឡាទូកក្ដោង ក៏ចាប់ផ្ដើមប្រកួតដែរ ដោយកីឡាករកម្ពុជា កែវ ភារុណ ប្រកួតលើវិញ្ញាសា RSX កីឡាករ កែវ ភានុន ប្រកួតវិញ្ញាសា Iq foil និងកីឡាករ ញ៉ូវ ចាន់ ប្រកួតវិញ្ញាសា ILCA7 ៕/V/r