ប្រែសម្រួល : កញ្ញាដាលីស (ប៊ីប៊ីស៊ី) ៖ កូសូវ៉ូនិងស៊ែប៊ីបានចោទគ្នាទៅវិញទៅមកជុំវិញការប្រឈមមុខដាក់គ្នាយ៉ាងសាហាវរវាងខ្មាន់កាំភ្លើងជនជាតិសែប៊ីនិងប៉ូលិសនៅភាគខាងជើងកូសូវ៉ូ។
ប៉ូលិសម្នាក់និងខ្មាន់កាំភ្លើងបីនាក់ត្រូវបានសម្លាប់ក្នុងអំឡុងការឡោមព័ទ្ធព្រះវិហារគ្រិស្តអូស្សូដក់របស់សែប៊ីនៅក្នុងភូមិបានស្កា (Banjska) កាលពីថ្ងៃអាទិត្យទី២៤កញ្ញា។
នាយករដ្ឋមន្ត្រីកូសូវ៉ូ លោក អាល់ប៊ីន គួទី (Albin Kurti) បានចោទប្រកាន់ប្រទេសសែប៊ីថាគាំទ្រក្រុមប្រដាប់អាវុធ។ចំណែកប្រធានាធិបតីសែប៊ី លោក អាឡិចសាន់ដា វូស៊ីក (Aleksandar Vucic) បាននិយាយថា មន្ត្រីកូសូវ៉ូទទួលខុសត្រូវដាច់ខាតសម្រាប់ការស្លាប់នេះ។
លោកបាននិយាយថា ខ្មាន់កាំភ្លើងបីនាក់ ដែលត្រូវបានសម្លាប់ គឺជាពួកកូសូវ៉ូសែប៊ី។
ការប៉ះទង្គិចគ្នាកាលពីថ្ងៃអាទិត្យគឺជាការកើនឡើងជម្លោះដ៏ធ្ងន់ធ្ងរនៅកូសូវ៉ូអស់រយៈពេលជាច្រើនឆ្នាំមកនេះ និងកើតឡើងបន្ទាប់ពីមានភាពតានតឹងខ្លាំងឡើងជាច្រើនខែរវាងភាគីទាំងពីរ។
កូសូវ៉ូបានប្រកាសឯករាជ្យក្នុងឆ្នាំ ២០០៨ ប៉ុន្តែសែប៊ីរួមជាមួយនឹងសម្ពន្ធមិត្តដ៏សំខាន់របស់រដ្ឋាភិបាលក្រុងបែលក្រាដ គឺចិននិងរុស្ស៊ីមិនបានទទួលស្គាល់កូសូវ៉ូទេ។
ជនជាតិសែប៊ីជាច្រើនចាត់ទុកកូសូវ៉ូជាស្រុកកំណើតនៃប្រជាជាតិរបស់ពួកគេ។ ប៉ុន្តែក្នុងចំណោមប្រជាជន ១,៨ លាននាក់រស់នៅកូសូវ៉ូគឺមានជនជាតិអាល់បានី ៩២% និងមានជនជាតិសែប៊ីតែ ៦% ប៉ុណ្ណោះ៕
ការបាញ់បោះនៅព្រះវិហារគ្រិស្តអូស្សូដក់របស់សែប៊ីនៅក្នុងភូមិបានស្កាកាលពីថ្ងៃអាទិត្យសម្លាប់ប៉ូលិសកូសូវ៉ូម្នាក់និងខ្មាន់កាំភ្លើងសែប៊ីបីនាក់