ប្រែសម្រួល : កញ្ញាដាលីស (ស្ពុតនិក) ៖ យោងតាមវេបសាយស្ពុតនិករបស់រុស្ស៊ីផ្សាយថ្ងៃចន្ទទី២៥កញ្ញានេះបានឱ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញហ្វូស៊ីលពីងពាងដែលមានអាយុ ១៥ លានឆ្នាំនៅក្នុងប្រទេសអូស្ត្រាលី ដែលគេទទួលស្គាល់ថាជាហ្វូស៊ីលពីងពាងធំបំផុតទីពីរមិនធ្លាប់មានពីមុន។
ការរកឃើញដ៏គួរឱ្យកត់សម្គាល់នេះបង្ហាញឱ្យឃើញពីសម័យកាលពិសេសមួយក្នុងអំឡុងយុគសម័យម៉ៃអូស៊ីន (Miocene) នៅពេលដែលការប្រែប្រួលអាកាសធាតុបានផ្លាស់ប្តូរទិដ្ឋភាពប្រទេសអូស្ត្រាលី ដោយផ្តល់ឱកាសសម្រាប់ក្រុមពីងពាងមីហ្គាឡូម័រ (Mygalomorph) បង្កាត់ពូជច្រើនប្រភេទឡើង។
ក្នុងទំព័រដ៏គួរឱ្យចាប់អារម្មណ៍ក្នុងប្រវត្តិសាស្ត្រផែនដីក្នុងយុគសម័យម៉ៃអូស៊ីន ដែលសម្គាល់ដោយការផ្លាស់ប្តូរអាកាសធាតុយ៉ាងខ្លាំងនិងផ្ទៃដីស្ងួតបែកក្រហែង ការផ្ទុះកំណើតសត្វពីងពាងបានកើតឡើងនៅក្នុងប្រទេសអូស្ត្រាលី។ យុគសម័យនេះបានផ្តល់ឱ្យសត្វពីងពាងមីហ្គាឡូម័រនូវឱកាសមាសដើម្បីបង្កាត់ពូជច្រើនប្រភេទ ជាបាតុភូតមួយដែលធ្វើឱ្យអ្នកវិទ្យាសាស្ត្រចាប់អារម្មណ៍ជាយូរមកហើយ។ ទោះជាយ៉ាងណាក៏ដោយ ការខ្វះខាតហ្វូស៊ីលពីងពាងពីសម័យកាលមួយនេះបានទុកសំណួរជាច្រើនចោលមិនអាចឆ្លើយបាន។
នៅក្នុងការរកឃើញដំបូងបង្អស់លើពិភពលោក អ្នកស្រាវជ្រាវបានប្រទះឃើញហ្វូស៊ីលដ៏ធំសម្បើមពីប្រភេទពីងពាងអារ៉ាចនីដ (Arachnids) ដែលមានអាយុកាលតាំងពីយុគសម័យម៉ៃអូស៊ីន ប្រហែល ១១ ទៅ ១៦ លានឆ្នាំមុន។ ប្រភេទសត្វពីងពាងនេះ ដែលគេស្គាល់ថា Megamonodontium Mccluskyi គឺជាការរកឃើញដ៏គួរឱ្យភ្ញាក់ផ្អើល ដែលធ្វើឱ្យពីងពាងសម័យទំនើបរបស់វាមើលទៅតូចជាងវា៥ដង។
ជាមួយនឹងទំហំ ៥០ មិល្លីម៉ែត្រ (២ អ៊ីញ) ដ៏គួរឱ្យភ្ញាក់ផ្អើល វាអាចត្រដមប្រសងជាមួយសត្វពីងពាងចចកនាពេលបច្ចុប្បន្ននេះបាន៕
ហ្វូស៊ីលពីងពាងកាលពី១៥លានឆ្នាំមុនត្រូវបានរកឃើញនៅអូស្ត្រាលី