ដោយ : ប.ជ័យ / បន្ទាយមានជ័យៈ ជំនន់ទឹកភ្លៀងបានបង្កការជន់លិចពីរដង ហើយនៅពេលមានភ្លៀងធ្លាក់បន្តនៅរសៀលម៉ោង១ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នេះបានធ្វើអោយទឹកមិនទាន់ស្រកបង្ករការលំបាក
ដល់ពលរដ្ឋនៅភូមិតោជោភ្នំឆ័ត្រ។
ពលរដ្ឋបានឱ្យដឹងថា កាលពីវេលាម៉ោងជាង៧យប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ មានភ្លៀងធ្លាក់មួយមេធំ លុះដល់ព្រឹកថ្ងៃទី២៤ បន្ទាប់ក៏មានទឹកជនលិចផ្ទះបងប្អូនយោធិនពិការមួយចំនួនជាពិសេសផ្ទះដែលសង់ជាប់ដី និងហូរកាត់ផ្លូវលំក្នុងមណ្ឌលដែលរស់នៅនាមណ្ឌលអភិវឌ្យន៍យោធិនពិការ៣១៧ តេជោភ្នំឆ័ត្រ ភូមិតេជោភ្នំឆត្រ័ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ហើយដល់ល្ងាចថ្ងៃទី២៤ និងព្រឹកថ្ងៃទី២៥ ខែកញ្ញា ទឹកបានស្រក ប៉ុន្តែលុះដល់ម៉ោង១រសៀល ថ្ងៃទី២៥ ខែកញ្ញា មានភ្លៀងធ្លាក់បន្ថែមទៀត ក៏បង្កអោយមានទឹកជន់ថ្មីហូរមក។
លោក កូវ ប៊ុនធឿន មេភូមិតេជោភ្នំឆ័ត្របានឱ្យដឹងថា តាមទម្លាប់អោយតែមានភ្លៀងធ្លាក់ខ្លាំងពីលើភូមិសាស្រ្តនេះ និងតំបន់ព្រំដែនកម្ពុជា-ថៃ ម្តុំភ្នំឆ័ត្រនោះ ជំនន់ទឹកភ្លៀងនឹងរុញចុះមកលិចផ្នែកខ្លះនៃមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោភ្នំឆ័ត្រ ប៉ុន្តែ វាក៏ស្រកវិញក្នុងរយ:ពេលខ្លីដែរ បើសិនជាគ្មានភ្លៀងជាថ្មី ។ ហើយជំនន់ទឹកភ្លៀងនេះ មិនបង្កខូចខាតធ្ងន់ធ្ងរ ឬគ្រោះថ្នាក់ដល់ជីវិតមនុស្សសត្វឡើយ៕/r