ដោយៈ គង់ហេង/ កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានថ្លែងថា ការរៀបចំការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកពានរង្វាន់អភិបាលខេត្ត ដើម្បីអបអរសាទរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី រយៈពេលពីរថ្ងៃ គឺដើម្បី ជំរុញ លើកទឹកចិត្តបំផុសដល់ប្រជាពលរដ្ឋចូលរួមលេងកីឡា គឺយ៉ាងហោចណាស់ម្នាក់លេងកីឡាឱ្យបានមួយប្រភេទ។

  លោកអភិបាលខេត្តកំពង់ចាមបានថ្លែងបែបនេះ នៅក្នុងការដែលលោក បានដឹកនាំសហការីចូលរួមពិធីបិទការប្រកួតកីឡា ប៊ូល និងប៉េតង់ជ្រើសរើសជើងឯកពានរង្វាន់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅកីឡាដ្ឋានខេត្តកំពង់ចាមនាថ្ងៃទី ២៤ កញ្ញាម្សិលមិញ។

  លោកបានបន្ថែមថាៈ ក្នុងនាមខ្លួនលោកផ្ទាល់ក៏សូមកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ បំផុតជូនចំពោះសម្ព័ន្ធប៊ូល និងប៉េតង់នៃមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ចាម ក្នុងការរៀបចំការ ប្រកួតនេះឡើងដែលបង្ហាញឱ្យឃើញពីការខិតខំធ្វើ និងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការ ធ្វើឱ្យវិស័យមួយនេះ កាន់តែមានការអភិវឌ្ឍយ៉ាងឆាប់រហ័សមួយកម្រិតថែមទៀត ក៏ដូចជាជំរុញ និង លើកទឹកចិត្តដល់ប្រជាជនចូលរួមលេងកីឡា យ៉ាងហោចណាស់ ប្រជាជនម្នាក់លេងកីឡាមួយប្រភេទ ដើម្បីទទួលបានសុខភាពល្អ និងសុខមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្តព្រមទាំងស្គាល់ពីគុណតម្លៃ នៃកីឡា ។

លោកបានបញ្ជាក់ថា ក្នុងនោះផងដែរសម្ព័ន្ធប៊ូល និងប៉េតង់នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម តែងតែ សហការយ៉ាងជិតស្និតជាមួយសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ក្នុងការចូលរួមរៀបចំការប្រកួតគ្រប់កម្រិត និងតែងបង្កើតការប្រកួតដណ្ដើមពានរង្វាន់នានាទាំងថ្នាក់ខេត្តថ្នាក់តំបន់ និងថ្នាក់ជាតិដើម្បីសម្លឹងរកកីឡាករកីឡាការិនីជាថ្នាលបន្តវេនតំណាងឱ្យកម្ពុជានៅលើឆាកអន្តរជាតិ។គួររំលេចផងដែរថាក្រៅពីការរៀបចំការប្រកួតសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តកិច្ចការងាររដ្ឋបាល ប្រចាំថ្ងៃរបស់ខ្លួន ដោយសហការជាមួយគ្រូបង្វឹក គ្រូជំនួយ ក្នុងការអនុវត្តការងារប្រកបដោយតម្លាភាព។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ចាមបានរៀបចំការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកពានរង្វាន់នេះមាន រយៈពេលពីរ ថ្ងៃចាប់ពីថ្ងៃទី ២៣ ដល់ ២៤ ខែកញ្ញា ដោយមានក្រុមកីឡាករសរុបចំនួន ១៦០ នាក់មកពី១៣ រាជធានី ខេត្ត។

 ជាលទ្ធផល នៃការប្រកួតលើវិញ្ញាសា ៣នាក់ទល់៣នាក់ ចំណាត់ថ្នាក់លេខ១បានទៅលើក្លិបមន្ទីររ៉ែទទួលបាន ពាន១ មេដាយមាស៤គ្រឿងអមនឹងថវិកា ១លានរៀល ។ ចំណាត់ថ្នាក់លេខ២ បានទៅលើក្លិបខេត្តកំពង់ចាម ទទួលបាន មេដាយប្រាក់៤គ្រឿង និង ថវិកាអម ៦០ម៉ឺនរៀល ។ ចំណាត់ថ្នាក់លេខ៣ បានទៅលើក្លិបខេត្តកំពត ទទួលបាន មេដាយសំរឹទ្ធិ៤គ្រឿង និង ថវិកាអម ៤០ម៉ឺនរៀល ។ ចំណាត់ ថ្នាក់លេខ៤ បានទៅលើក្លិបខេត្តសៀមរាប ទទួលបានថវិកាលើកទឹកចិត្ត ២០ម៉ឺនរៀល។លើវិញ្ញាសា ២នាក់ទល់២នាក់ ចំណាត់ ថ្នាក់លេខ១ បានទៅលើក្លិប CPP ខេត្ត ត្បូងឃ្មុំ ទទួលបាន ពាន១ មេដាយ មាស២គ្រឿង និងថវិកាអម ៧០ម៉ឺនរៀល ។ ចំណាត់ថ្នាក់លេខ២ បានទៅលើក្លិបម្លប់ ស្វាយ រាជធានីភ្នំពេញ ទទួលបាន មេដាយ ប្រាក់២គ្រឿង និងថវិកាអម ៥០ម៉ឺនរៀល ។ចំណាត់ថ្នាក់លេខ៣ បានទៅលើ ក្លិបតំបន់ ប្រតិបត្តិការសឹករងខេត្តកំពង់ធំ ទទួលបាន មេដាយសំរឹទ្ធិ២គ្រឿង និងថវិកាអម ៣០ម៉ឺនរៀល ។ ចំណាត់ថ្នាក់លេខ៤ បាន ទៅលើក្លិប CPP ខេត្តត្បូងឃ្មុំ ទទួលបាន ថវិកា លើកទឹកចិត្ត ១៥ម៉ឺនរៀល ៕ P / N