ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យៈ នៅសាលាខេត្ត បន្ទាយមានជ័យនាថ្ងៃទី២៥ខែ កញ្ញា ឆ្នាំ ២០២៣ រដ្ឋបាលខេត្តបានរៀបចំពិធីផ្សព្វផ្សាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍លើកឡើងថា ក្នុងក្របខ័ណ្ឌនៃទស្សនវិស័យនេះ និងផ្អែកតាមកម្មវិធីនយោបាយសម្រាប់នីតិកាលទី៧នៃរដ្ឋសភា រាជរដ្ឋាភិបាលដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាពនិងចីរភាពដោយបន្តផ្ដោតជាសំខាន់លើរបៀបវារៈធានា “ប្រសិទ្ធភាពសមិទ្ធកម្ម” តាមរយៈការអនុវត្តអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”។
ទន្ទឹមនេះ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កំណត់យកអាទិភាពគន្លឹះ ៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ជាពិសេសគឺ “បច្ចេកវិទ្យាឌីជីថល” សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច ព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះនិងមធ្យោបាយដ៏សំខាន់នៃការសម្រេចបាន ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
លោក បានថ្លែងបន្តថា : ក្នុងរយៈពេល២៥ឆ្នាំខាងមុខយុទ្ធសាស្ត្របញ្ចកោណនិងត្រូវបានជំរុញប្រកបដោយភាពប្រទាក់ក្រឡាគ្នា ក្នុងស្មារតីបុរេសកម្ម និងច្បាស់លាស់ក្នុងគោលបំណងកសាងកម្ពុជា ជាអរិយប្រទេសមួយដែលឆ្លើយតបនិងលក្ខណៈសម្បត្តិ ៥ចំណុចសំខាន់ៗរួមមាន កម្ពុជាជាសង្គមជាតិមួយដ៏រស់រវើក ដែលមានសុខសន្តិភាព ឋិតថេរចីរកាល មានស្ថេរភាពនយោបាយសម្រាប់សណ្ដាប់ធ្នាប់សាធារណៈរឹងមាំ កម្ពុជាជាប្រទេសមានចំណូលខ្ពស់ មានសេដ្ឋកិច្ចធន់រឹងមាំ ប្រជាជនកម្ពុជា “មានចំណេះដឹងខ្ពស់និងមានជំនាញមួយយ៉ាងតិចប្រចាំជីវិត” ប្រជាជនកម្ពុជា “រស់នៅក្នុងសេចក្ដីថ្លៃថ្នូរ សុភមង្គល និងទទួលបានការការពារសង្គមប្រកបដោយសមធម៌ ស្មើសិទ្ធិ ស្មើឱកាស”កម្ពុជាជាប្រទេសមាន”បរិស្ថានរូបវ័ន្ត ធម្មជាតិប្រកបដោយសុខដុមភាព ភាពធន់និងមានតុល្យភាព រវាងការអភិវឌ្ឍន៍ ការអភិរក្ស ធនធានធម្មជាតិ សម្រាប់ការរស់នៅប្រកបដោយ ផាសុខភាពដល់មនុស្សគ្រប់រូប ៕ P / N