​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ក្រសួងការបរទេស​ចិន​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា កង​ឆ្នាំ​សមុទ្រ​ចិន​បាន​ចាត់វិធានការ​ចាំបាច់​ស្របតាម​ច្បាប់​ដើម្បី​រារាំង​និង​បណ្តេញ​នាវា​ហ្វីលីពីនមួយអោយចេញ​ឆ្ងាយ​ពី​តំបន់​ជម្លោះ​មួយ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​

​អ្នកនាំពាក្យ​ក្រសួង​លោក វ៉ាង វិន​ពីន បាន​និយាយ​ដូច្នេះ​ក្រោយពី​ហ្វីលីពីន​កាលពី​ថ្ងៃអាទិត្យ​ចោទប្រកាន់​ចិន​ថា «​ដាក់​ខ្សែ​ពោង​បណ្តែត​»​នៅ​តំបន់​ថ្ម​ប៉ប្រះ​ទឹក​ស្កា​បូ​រូ​ហ្វ​ សូ​ល​(Scarborough Shoal)​ដើម្បី​ធ្វើ​ជា​បន្ទាត់​ឃាំង​មិនអោយ​ហ្វីលីពីន​ចូលក្នុង​តំបន់​នោះ​។​

​ពួក​មន្ត្រី​ហ្វីលីពីន​នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​ប្តេជ្ញា​រើ​ចេញ​ពោង​បណ្តែត​របស់​កង​ឆ្មាំ​សមុទ្រ​ចិន​នេះ​។​ពួកគេ​បាន​និយាយថា ការដាក់​ខ្សែ​ឃាំង​ប្រវែង​៣០០​ម៉ែត្រ​នៅ​មាត់​បឹង​ទឹកប្រៃ​នៅ​តំបន់​Scarborough Shoal កាលពី​ថ្ងៃ​សុក្រ​ជា​«​អំពើ​ខុសច្បាប់​»​ នាំអោយទូក​នេសាទ​ហ្វីលីពីន​ជាង​៥០​បាន​ស្ថិតនៅ​ក្រៅ​បឹង​នេះ​ពេល​ចិន​ព្យាយាម​រារាំង​មិន​អោយ​ចូល​។​

​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ហ្វីលីពីន បាន​និយាយថា​« យើង​ថ្កោលទោស​ការដាក់រ​បាំង​នេះ​។​វា​រំលោភសិទ្ធិ​នេសាទ​របស់​អ្នកនេសាទ​របស់​យើង​។​យើង​នឹង​ចាត់​វិធានការ​សមស្រប​ដើម្បី​ដក​ចេញរ​បាំង​និង​ការពារ​សិទ្ធិ​របស់​ប្រជា​នេសាទ​របស់​យើង​»​។​

​នៅ​ទីក្រុង​ប៉េកាំង​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក វ៉ាង វិន​ពីន បាន​និយាយថា តំបន់​ថ្ម​ប៉ប្រះ​ទឹក​នេះ​«​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​ចិន​»​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក វ៉ាង វិន​ពីន

​លោក​បាន​និយាយថា នាវា​នេសាទ​របស់​រដ្ឋាភិបាល​ហ្វីលីពីន​បាន​បើក​ចូល​ដែនទឹក​នេះ​ដោយ​គ្មាន​សុំ​ការអនុញ្ញាត​ពី​ចិន​កាលពី​ថ្ងៃ​២២​កញ្ញា តែ​«​កង​ឆ្មាំ​សមុទ្រ​ចិន​បាន​ចាត់វិធានការ​ចាំបាច់​ដើម្បី​រារាំង​និង​ព្រមាន​អោយ​វា​បើក​ចេញ​ទៅ​ឆ្ងាយ​ស្របតាម​ច្បាប់ បែប​វិជ្ជាជីវៈ​និង​ជាមួយ​នឹង​ការអត់ធ្មត់​»​។​

​នាវា​នៃ​កង​ឆ្មាំ​សមុទ្រ​ចិន ព្យាយាម​ពាំង​ផ្លូវ​របស់​ទូក​ផ្គត់ផ្គង់​ហ្វីលីពីន​មួយ ដែល​បើក​សំដៅ​ទៅ​កាន់​តំបន់​ថ្ម​ប៉ប្រះ​ទឹក Second Thomas Shoal​ដែលក៏ជាតំបន់ប្រទាញប្រទង់គ្នាក្នុង​សមុទ្រ​ចិន​ខាងត្បូង​កាលពី​ថ្ងៃ​២២ សីហា​២០២៣

​ខ្សែ​ពោង​បណ្តែត​ដាក់​ដោយ​កង​ឆ្មាំ​សមុទ្រ​ចិន​រារាំង​មិន​អោយ​ទូក​នេសាទ​ហ្វីលីពីន​ចូលក្នុង​បឹង​ទឹកប្រៃ​ដ៏​សំបូរ​ត្រី​នៅ​សមុទ្រ​ចិន​ខាងត្បូង​

​សូមបញ្ជាក់​ថា​ចិន​អះអាង​ដែន​ទឹក​ស្ទើរ​ទាំងស្រុង​នៅ​សមុទ្រ​ចិន​ខាងត្បូង ដោយ​ជាន់​លើ​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់​ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី​ន ព្រុយ​ណេ​និង​ឥណ្ឌូនេស៊ី​៕