ដោយៈ ភ្នំសន្ទុក/កំពង់ធំ៖ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះអន្តរាយ អញ្ជើញទៅត្រួតពិនិត្យ ស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ដែលបណ្ដាលមកពីជំនន់ទឹកភ្លៀង នៅឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

លោក ឃឹម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានបញ្ជាក់ថាក្នុងរយៈពេលជាង១០ថ្ងៃកន្លងមកនេះ ភ្លៀងបានធ្លាក់ជាបន្តបន្ទាប់ បានធ្វើឱ្យជំនន់ទឹកភ្លៀងបង្កការប៉ះពាល់នៅតាមបណ្ដាភូមិ/ឃុំមួយចំនួនរបស់ស្រុកប្រាសាទសំបូរ។ កន្លងមកថ្មីៗនេះនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ មានកុមារពីរនាក់ ដែលធ្វើដំណើរមកតាមឪពុកទៅបង់សំណាញ់ ហើយត្រូវបានទឹកហូរគួចបណ្តាលឱ្យលង់ទឹកស្លាប់ នៅភូមិចារ្យ ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម បានណែនាំដល់អាជ្ញាធរដែនដី/ភូមិ/ឃុំ/ស្រុក ត្រូវយកចិត្តទុកដាក់ណែនាំដល់ប្រជាជនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវត្រៀមកងកម្លាំង និងមធ្យោបាយគ្រប់ប្រភេទ ដើម្បីដឹកជញ្ជូនពួកគាត់ទៅកាន់ទីទួលសុវត្ថិភាពក្នុងកាលៈទេសៈ ដែលទឹកជំនន់នៅតែបន្តកើនឡើង។

ជាមួយគ្នានោះដែរលោកទេសរដ្ឋមន្ត្រី ក៏បានណែនាំដល់មន្ទីរ ស្ថាប័នពាក់ព័ន្ធត្រូវវាយតម្លៃឲ្យបានច្បាស់លាស់អំពីផលប៉ះពាល់ ដែលបណ្ដាលមកពីគ្រោះទឹកជំនន់នេះ មានជាអាទិ៍ បញ្ហាប្រព័ន្ធផ្លូវគមនាគមន៍ បញ្ហាប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់មានជីវភាពលំបាកខ្វះខាត និងការខូចខាតផលដំណាំផ្សេងៗ ដែលកើតមានឡើង ដើម្បីត្រៀមស្តារការខូចខាតនិងដោះស្រាយជូនប្រជាពលរដ្ឋយើងឲ្យបានសមស្របទាន់ពេលវេលា។

ទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ត្រៀមលក្ខណៈជួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ពិសេសគ្រោះទឹកជំនន់ ដែលកើតមានឡើងនៅក្នុងឱកាសនេះឲ្យទាន់ពេលវេលា ៕/r