វី​ង​និង​អាល់​មិន​គ្រុប ចាប់​ដៃគូ​សហការ​ផ្តល់​បទពិសោធន៍ នៃ​ការទូទាត់​មិន​ប្រើ​សាច់ប្រាក់​

1235
ចែករម្លែក
  • 5
    Shares

​ដោយ​: សុផល / ភ្នំពេញ​: ស្របពេល​ហាង​អាជីវកម្ម​របស់ខ្លួន​ទទួលបាន​ការគាំទ្រ​យ៉ាង​ធំធេង​ពី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ក្រុមហ៊ុន អាល់​មិន​គ្រុប បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា​ជាមួយ​ធនាគារ​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត​ដើម្បី​ផ្តល់ជូន​អតិថិជន​នូវ​បទពិសោធន៍​ទូទាត់ ដោយ​មិន​ប្រើ​សាច់ប្រាក់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​ ពិធី​ចុះហត្ថលេខា បាន​ត្រូវធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​៤ ខែ សីហា ឆ្នាំ​២០១៨
​ភោជនីយដ្ឋាន​យី សាង សាខា​ទួលគោក រាជធានី​ភ្នំពេញ​។​

​ភាពជា​ដៃគូ​រវាង​វី​ង​និង​អាល់​មិន​គ្រុប​នេះ​នឹង​នាំមក​នូវ​ការដាក់ឱ្យ​ប្រើប្រាស់​សេវាកម្ម​ទូទាត់​ប្រាក់​តាម​អន​ឡាញ និង ស្គេ​ន​កូដ QR ដែល​ហៅថា​វី​ង​ផេ “WingPay” និង​ការទទួល​ទូទាត់​តាមរយៈ​កម្មវិធី​ទូទាត់​ប្រា​ក់លើ​ទូរ​ស័​ព្ធ​ដៃ​ធំៗ ចំនួន​ពីរ​របស់​ប្រទេស​ចិន គឺ “Ali Pay” និង “WeChat Pay” ដែល​ផ្តល់ជូន​ដោយ​វី​ង នៅ​បណ្តា​ហាង​របស់​ក្រុមហ៊ុន អាល់​មិន គ្រុប ១៧​កន្លែង នៅ​កម្ពុជា​។

​លោក លូ ម៉េង អគ្គនាយក​ក្រុម​អាល់​មិន​គ្រុប​បាន​មានប្រសាសន៍​ក្រោយពី​ការចុះហត្ថលេខា​ថា​៖ អតិថិជន​តែងតែ​ធ្វើការ​សួរនាំ​ទៅកាន់​ក្រុមការងារ​របស់លោក ដើម្បី​ដឹងថា​ពួកគាត់​អាចធ្វើ​ការទូទាត់​ប្រាក់​ដោយ​ស្គេ​ន​កូដ QR កម្មវិធី Ali Pay ឬ WeChat Pay បានដែរ​ឬទេ​?​ដោយ​មើលឃើញ​មាន​សំណើ​ជាច្រើន​ពី​អតិថិជន​ក្រុមហ៊ុន​អាល់​មិន​គ្រុប ក៏​សម្រេចចិត្ត​ជ្រើស​រើសយក​វី​ង​ជា​ដៃគូ​សហការ ដើម្បី​ផ្តល់ជូន​សេវាកម្ម​នេះ​ដោយហេតុថា ក្រុមហ៊ុន​បាន​មើល ឃើញ​នូវ​បទពិសោធន៍​ជាច្រើន​ឆ្នាំ​របស់​ធនាគារ​មួយ​នេះ ក្នុង​ការផ្តល់សេវា​ទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​។​

​លោក​ លូ ម៉េង បាន​បន្ថែមថា “​វា​គឺជា​ការតាំង​ចិត្ត​របស់​ក្រុមហ៊ុន​អាល់​មិន​គ្រុប ក្នុងការ​ផ្តល់ជូន​នូវ​សេវាកម្ម​ដែល​ប្រកបដោយ​ភាព​ច្នៃប្រឌិត ដោយ​រួមបញ្ចូល​ចាប់ពី​សេវាកម្ម​ម្ហូបអាហារ និង​បដិសណ្ឋារកិច្ច រហូតដល់​បទពិសោធ​ន៍​នៃ​ការទូទាត់​ប្រាក់​ដែល​រហ័ស ងាយស្រួល និង​មាន​សុវត្ថិភាព​។ បន្ទាប់ពី​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​សេវា​កម្មនេះ យើង​សង្ឃឹមថានឹង​ទទួលបាន​លទ្ធផល​ជា​វិជ្ជមាន​ពី​អតិថិជន ជាពិសេស​ភ្ញៀវទេសចរ​ជនជាតិ​ចិន​រាប់ពាន់នាក់​ដែល​មកលេង​ព្រះរាជាណាចក្រ​កម្ពុជា​”​។​

​មានប្រសាសន៍​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា លោក​ចូ​ចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក​ធន​គារ​ឯកទេស​វី​ង​បាន​ប្រាប់​ឱ្យដឹងថា វី​ង​យល់ច្បាស់​ពី​តម្រូវការ​របស់​ដៃគូ​អាជីវកម្ម​របស់ខ្លួន ក្នុងការ​ផ្តល់ជូន​អតិថិជន​នូវ​បទពិសោធន៍​ទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់​នៅ​កម្ពុជា​។ ការដាក់ឱ្យ​ប្រើប្រាស់​នូវ​សេវាកម្ម “WingPay” “Ali Pay” និង “WeChat Pay”​នឹង​ឆ្លើយតប​តម្រូវការ​នេះ និង​បង្ហាញ​ប្រាប់​ពិភពលោក​ឲ្យ​បានដឹងថា ប្រទេស​កម្ពុជា​កំពុង​ខិត​កាន់តែ​ជិត និង​ក្លាយជា​សង្គម​មួយ​ដែលមាន​ប្រព័ន្ធ​អេកូ​នៃ​ការទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់​។

លោក ម៉ា​ឡូ​ឡូ​ស មានប្រសាសន៍ថា “​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ប្រមូល​សាច់ប្រាក់​ប្រកបដោយ​ភាព​ច្នៃប្រឌិត អតិថិជន​ដែលមាន​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង កម្មវិធី​Alipay ឬ​កម្មវិធី WeChat អាច​ប្រើ​ទូរស័ព្ទ​របស់​ពួកគាត់​ដើម្បី​ស្គេ​ន​កូដ QR នៅ​បណ្តា​ហាង​របស់​ក្រុមហ៊ុន​អាល់​មិន​គ្រុប ដើម្បី​ធ្វើការ​ទូទាត់​ប្រាក់​ដោយ​ចំនាយពេល​ត្រឹមតែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​”​។​

WingPay ជា​សេវា​ទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់​របស់​វី​ង ដែល​ធ្វើឡើង​ដោយ​ស្គេ​ន​កូដ QR ។ វា​ជា​មុខងារ មួយ​ក្នុងចំណោម​មុខងារ​ដែលមាន​អត្ថប្រយោជន៍​ជាច្រើន​នៅលើ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង ដែល​អនុញ្ញាតឱ្យ​អតិថិជន អាចធ្វើ​ប្រតិបត្តិ​ការទូទាត់​ប្រាក់​ជាច្រើន​ដោយ​គ្រាន់តែ​ចុច​លើ​ទូរស័ព្ទ​របស់​ពួកគេ​។ លើសពីនេះ​ទៀត កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង អនុញ្ញាតឱ្យ​អតិថិជន​ធ្វើ​ប្រតិបត្តិការ​ដូចជា​បង់​វិក្កយបត្រ បញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ ផ្ទេរប្រាក់ ទិញ​ទំនិញ​តាម​អន​ឡាញ​។ ល​។​

​ការទូទាត់​តាម​ទូរស័ព្ទ​ចល័ត​កំពុង​ក្លាយជា​ការពេញនិយម​យ៉ាង​ខ្លាំង​ក្នុងចំណោម​ភ្ញៀវទេសចរ​ចិន​។ ជាង​៩០% នៃ​ភ្ញៀវទេសចរ​ចិន នឹង​ជ្រើស​យក​ការទូទាត់​ប្រាក់​តាម​ទូរស័ព្ទ​ចល័ត ប្រសិនបើ​បណ្តា​ហាង​នៅក្រៅ​ប្រទេស​ជាច្រើន​មាន​ផ្តល់​សេវា​កម្មនេះ​។ នៅ​តំបន់​អាស៊ីអាគ្នេយ៍ សេវាកម្ម Alipay ត្រូវបាន​គេ​ប្រើប្រាស់​នៅ​ប្រទេស​កម្ពុជា មី​យ៉ាន់​ម៉ា ឡាវ និង​ហ្វីលីពីន ដែលមាន​អ្នកប្រើប្រាស់​សញ្ជាតិ​ចិន​ប្រមាណ ៥២០​លាន​នាក់​។ ទន្ទឹមនឹង​នេះដែរ​របា​យ​ការណ៍​ថ្មី​មួយ​របស់​ស្ថានីយទូរទស្សន៍ CNBC បាន​បង្ហាញថា ប្រជាជន​ប្រមាណ​៨០០​លាន​នាក់​បាន​ប្រើប្រាស់​សេវា WeChat ដើម្បី​ទូទាត់​ប្រាក់​។​

​ក្រុមហ៊ុន​អាល់​មិន​គ្រុប មាន​សណ្ឋាគារ​អាជីវក​ម្ម​ឈានមុខ​គេ​គឺ​អាល់​ម៉ុ​ន​សុធារស អាល់​ម៉ុ​ន​បាសាក់​និង​ភោជនីយដ្ឋាន​ល្បីៗ​ជាច្រើន​ដូចជា យី​សាង កាន​ជិ វើ​ល​ដា​ញ​នី​ង អ៊ុយ​គុយទាវ និង​សេ​វិ​ន​ស៊ី​។ ចំណែក​ធនាគារ​ឯកទេស​វី​ង ជា​អ្នកផ្តល់​សេវាកម្ម​ធនាគារ​តាម​ទូរស័ព្ទ​ចល័ត​ដំបូង​គេ​នៅ​កម្ពុជា​។ វី​ង​ជា​ធនាគារ​មួយ​ក្នុងចំណោម​ធនាគារ​ឯកទេស​មួយចំនួន​ក្នុង​ពិភពលោក​។ បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៩ ធនាគារ​ឯកទេស​វី​ង ផ្តល់ជូន​វី​ធី​សាស្ត្រ​ជាច្រើន​សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​ការផ្ញើ និង ទទួល​ប្រាក់​គ្រប់ពេលវេលា គ្រប់​ទីកន្លែង​ដោយ​ការប្រើប្រាស់​ទូរស័ព្ទ​ចល័ត​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម