គ​.​ជ​.​ប ចាប់ធ្វើ​ផ្តើម​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង​បូកសរុប​លទ្ធផល នៃ​ការបោះឆ្នោត​

901
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានចាប់ផ្តើម​ធ្វើការ​ត្រួត​ពិនិត្យ ផ្ទៀងផ្ទាត់ និង​បូកសរុប​លទ្ធផល នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​រសៀល​ពីថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០១៨ រហ​ហូត​ដល់​បញ្ចប់​ស្ថាពរ នៅ​សាលសន្និសីទ​គ​.​ជ​.​ប ដោយមាន​ការចូលរួម​ពី​តំណាង​គណបក្សនយោបាយ និង​អ្នកសង្កេតការណ៍​ជាតិ អន្តរជាតិ​។​

រូបភាពបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ (រូប: គន្ធា)

​ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់​នេះ ត្រូវបានចាត់តាំង​ជា ៤​ក្រុម​ធំៗ រួមមានៈ ក្រុម​សម្រួល​ថ្នាក់កណ្តាល ក្រុម​ទទួល​សម្ភារៈ ឯកសារ​បោះឆ្នោត ក្រុម​កំណត់​បែងចែក​អាសនៈ និង​ក្រុម​ត្រួតពិនិត្យ​លទ្ធផល​ឡើងវិញ​។ ដោយឡែក​ក្រុម​ត្រួតពិនិត្យ​ឡើងវិញ ត្រូវបាន​បែងចែក​ជា​៥​ក្រុម​តូច​ទៀត ដើម្បី​ជួយ​បំពេញការងារ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។​

​លោក​សោម សូលី​ដា អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​០៣ ខែសីហា ថា នៅពេលដែល​គណៈកម្មាកា​រ​រាជធានី ខេត្ត រៀបចំ​ការបោះឆ្នោត បានធ្វើការ​បូកសរុប​លទ្ធផល នៃ​ការបោះឆ្នោត តាម​រាជធានី ខេត្ត របស់ខ្លួន​រួចរាល់ លទ្ធផល​និង​ឯកសារ​សម្ភារ​ទាំងអស់​ត្រូវ​បញ្ជូនមក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​។ ហើយ​ពាក់ព័ន្ធ​ទៅ​និង​លទ្ធផល​បោះឆ្នោត​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​ពិនិត្យ​ផ្ទៀងផ្ទាត់​ឡើងវិញ និង​ផ្តល់​សុពលភាព​ហើយ​ប្រកាស​លទ្ធផល​បណ្តោះអាសន្ន នេះ​គឺជា​យន្តការ​នៃ​ការ​បូកសរុប​លទ្ធផល នៃ​ការបោះឆ្នោត​តាម​លំដាប់ថ្នាក់​។​

​លោក​បាន​បញ្ជាក់ថា នៅពេលដែល​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​លទ្ធផល នៃ​ការបោះឆ្នោត​នៅតាម​រាជធានី ខេត្ត រួចមក ហើយ​នៅពេលដែល​បណ្តឹង​ពាក់ព័ន្ធ​ទៅនឹង​លទ្ធផល​បោះឆ្នោត ត្រូវបាន​ចប់សព្វគ្រប់​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប នឹងត្រូវ​ប្រកាស​លទ្ធផល​បណ្តោះអាសន្ន​។ ពេលដែល​ប្រកាស​លទ្ធផល​បណ្តោះអាសន្ន គណបក្សនយោបាយ​មាន​សិទ្ធិ​ប្តឹងតវ៉ា​អំពី​លទ្ធផល​មួយផ្នែក ឬ​ទាំងមូល នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ហើយ​ការប្តឹង​នេះ គឺអាច​ប្តឹង​មក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ឬ​ក្រុមប្រឹក្សាធម្មនុញ្ញ​ក្នុង​រយៈពេល​៧២​ម៉ោង បន្ទាប់​ពីថ្ងៃ​ប្រកាស​លទ្ធផល​បណ្តោះអាសន្ន​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម