ដោយ៖ គង់ហេង / កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបំផុស និងអំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំ, ស្រឡាញ់ និងថែរក្សាការពារដើមឈើទាំងអស់គ្នា នៅតាមទីសាធារណៈនានា ដើម្បីលើកកម្ពស់បរិស្ថាន និងប្រែក្លាយតំបន់ទាំងនោះ ជាគម្របបៃតង នាពេលអនាគត។

លោកអភិបាលខេត្តកំពង់ចាម បានថ្លែងថា ប្រសិនបើឱ្យខាងជំនាញ រដ្ឋបាលព្រៃឈើ ដាំ និងថែរក្សាការពារតែម្ខាង គ្មានការចូលរួមសហការពីប្រជាពលរដ្ឋ ឬដៃគូពាក់ព័ន្ធនានា នោះទេ គឺនឹងមិនបានឆ្លើយតប ឬមិនបានទទួលផលល្អជាវិជ្ជមាន នៃការដាំដើមឈើ នោះទេ។ ជាក់ស្តែង បន្ទាប់ពីការដាំដើមឈើ ដំណាក់កាលដំបូង ប្រមាណជាង ២.០០០ ដើម លើផ្ទៃដីប្រហែលជាង ប្រាំ ហិកតា នៅព័ទ្ធជុំវិញមជ្ឈមណ្ឌលវិបស្សនាកម្មដ្ឋានធម្ម កម្ពុជា នៅថ្ងៃទី ២៥ កញ្ញា គឺត្រូវធ្វើរបងការពារថែរក្សា ដោយខាងមជ្ឈមណ្ឌល សហការជាមួយខាង ខណ្ឌរដ្ឋបាលព្រៃ កំពង់ចាម។

លោកបានបន្តថាៈ ការដាំដើមឈើលើកនេះ គឺជាគោលការណ៍ស្តារ ធ្វើយ៉ាងណាឱ្យតំបន់ ជុំវិញមជ្ឈមណ្ឌលវិបស្សនាកម្មដ្ឋានធម្មកម្ពុជា ក្លាយជាតំបន់បៃតង ឬខ្សែក្រវាត់បៃតង ពោលគឺ ធ្វើយ៉ាងណា ឱ្យគ្របដណ្តប់ជុំវិញមជ្ឈមណ្ឌលមួយនេះ មានរូបភាពបៃតង គ្រប់រដូវ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៥ កញ្ញា លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយលោក កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុករដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្រ្តីរាជការ សិស្សានុសិស្ស និង ប្រជាពលរដ្ឋ ដាំដើមឈើ ចំនួនជាង ២.០០០ ដើម នៅជុំវិញមជ្ឈមណ្ឌលវិបស្សនាកម្មដ្ឋាន ធម្មកម្ពុជា ស្ថិតក្នុងភូមិរលួស ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ៕ V / N