ដុត​សំរាម​ខ្វះ​ការទទួលខុសត្រូវ ផ្អើល​ដល់​អាជ្ញាធរ​ពេញ​ភ្នំពេញ ស្មានថា​ករណី​គ្រោះ​អគ្គិភ័យ​

1388
ចែករម្លែក

​ដោយ​: ឆាយា​នាថ / ភ្នំពេញ​: ការដុត​សំរាម ឬ ឧបករណ៍ ផ្សេងៗ ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ កុំ​ឱ្យតែ​ប៉ះពាល់​សិទ្ធិ ឬ ប៉ះពាល់​សុខភាព​របស់​អ្នកដទៃ ។ ប៉ុន្តែ​ការដុត​សំរាម​ខ្លះ ខ្វះ​ភាព​ទទួលខុសត្រូវ ដុត​ច្រើន បង្ក​ជា​ផ្សែង​ខ្លាំង​ខ្មួលខ្មាញ់ ដោយ​ប្រជាពលរដ្ឋ​ភ័យ​ស្លន់ស្លោ​ស្មានតែ​ជា​ករណី​គ្រោះ​អគ្គិភ័យ។

​ជាក់ស្ដែង នៅវេលា​ថ្ងៃត្រង់​ទី​០៤ ខែសីហា នេះ នៅ​ចំណុច​ក្នុង​សាកលវិទ្យាល័យ​កសិកម្ម​ចំការ​ដូង ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បុរស​ម្នាក់​បាន​ដុត​សំរាម យ៉ាងច្រើន​ធ្វើឱ្យ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ នឹកស្មាន​ដា ជា​ករណី​គ្រោះ​អគ្គិភ័យ។

​មិន​ត្រឹមតែ​ភ្ញាក់ផ្អើល​ត្រឹម​ប្រជាពលរដ្ឋ​ទេ កងកម្លាំង​ក្នុង​ខណ្ឌដង្កោ រួមមាន​រថយន្ត​ពន្លត់​អគ្គិភ័យ បានចេញ​អន្តរាគមន៍​យ៉ាង​ប្រញាប់ប្រញាល់ ដើម្បី​ជួយ​ប្រជាពលរដ្ឋ។ ប៉ុន្តែ​ពេលទៅដល់​ចំណុចកើតហេតុ គឺ ស្រងាកចិត្ត​ស្តូក​តែម្ដង គឺ ជាការ​ដុត​សំរាមសោះ។

​គួរ​បញ្ជាក់ថា ទោះបីជា​ករណីនេះ ជាការ​ដុត​សំរាម​ក្តី អាជ្ញាធរ​រួម​និង​រថយន្ត​ពន្លត់​អគ្គិភ័យ​បានសម្រេច ប្រើប្រាស់​ទឹក​ក្នុង​ការបាញ់​ពន្លត់​អស់​ចំនួន​កន្លះ​រថយន្ត ដើម្បី​ពន្លត់ភ្លើង​ដែល​កំពុង​ឆាបឆេះ​សំរាម​នេះ ។ តែ​អ្វីដែល​ហួសចិត្ត​នោះ ពេលដែល​អាជ្ញាធរ​និង​សមត្ថកិច្ច រួម​និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះទៅ​អន្តរាគមន៍ បែរជា​អ្នក​ដែល​ដុត​សំរាម​នោះ បាន​ស្រែក​ស្តីថា​ឱ្យ អាជ្ញាធរ និង​អ្នកកាសែត​ទៅវិញ ទាំង​ដែល​ខ្លួនឯងបាន​ដុត​សំរាម​ឆេះ​ផ្អើល​ដល់​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង​បែបនេះ​។​

​ក្នុងនោះ​បើតាម​សម្តី​អាជ្ញាធរ​ខណ្ឌដង្កោ បាន​លើកឡើងថា ការដុត​សំរាម​បែបនេះ គឺជា​ការដុត​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​ហើយ​នេះ​សំណាង​ហើយ​ដែល​អាជ្ញាធរ​ចុះទៅ​អន្តរាគមន៍​ទាន់ បើ​មិន​ដូច្នេះ​ទេ​អាច​ក្លាយជា​អគ្គិភ័យ​ឆាបឆេះ​អ្វីមួយ​ផ្សេងទៀត​កាន់តែខ្លាំង​ឡើង​ក៏​ថា​បាន៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម