ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ ការផ្ទុះដ៏ខ្លាំងក្លាមួយនៅឯឃ្លាំងប្រេងមួយកន្លែងក្នុងតំបន់ណាហ្គ័រណូ-ការ៉ាបាក់ (Nagorno-Karabakh) បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០ នាក់ និងរាប់រយនាក់ទៀតរងរបួសកាលពីថ្ងៃចន្ទ ខណៈដែលជនជាតិអាមេនីបានសម្រុកចាកចេញពីដែនដីផ្តាច់ខ្លួន បន្ទាប់ពីយោធាអាសែបៃហ្សង់បានដណ្តើមយកមកវិញនូវការគ្រប់គ្រងពេញលេញលើតំបន់នេះ។
អាជ្ញាធរផ្តាច់ខ្លួនបាននិយាយថា ការផ្ទុះនៅកន្លែងស្តុកប្រេងនៅជិតទីក្រុងស្តេផាណាកឺត (Stepanakert) ក្នុងតំបន់នេះបានសម្លាប់មនុស្ស ២០ នាក់ និងរបួសជិត ៣០០ នាក់។
ភ្លាមៗនោះ គេនៅមិនទាន់ដឹងច្បាស់ថាតើការផ្ទុះនេះកើតឡើងដោយសារអ្វីនោះទេ ខណៈដែលអ្នកស្រុកកំពុងតម្រង់ជួរដើម្បីយកប្រេងឥន្ធនៈសម្រាប់រថយន្តរបស់ពួកគេ ដើម្បីចាកចេញពីតំបន់នោះ។
លោក ហ្គេចហាម ស្តេផានយ៉ាន (Gegham Stepanyan) ជាអ្នកឃ្លាំមើលសិទ្ធិមនុស្សនៅតំបន់ណាហ្គ័រណូ-ការ៉ាបាក់ បានសរសេរលើ X ថា ភាគច្រើននៃជនរងគ្រោះស្ថិតក្នុងស្ថានភាព “ធ្ងន់ធ្ងរឬរ៉ាំរ៉ៃ” ដោយបន្ថែមថា ជនរងគ្រោះនឹងត្រូវសណ្តោងតាមឧទ្ធម្ភាគចក្រពីតំបន់នេះសម្រាប់ការព្យាបាលវេជ្ជសាស្ត្រដើម្បីជួយសង្គ្រោះជីវិតរបស់ពួកគេ។
យោធាអាសែបៃហ្សង់បានបណ្តេញកងកម្លាំងអាមេនីក្នុងរយៈពេល ២៤ ម៉ោងកាលពីសប្តាហ៍មុនដោយបង្ខំឱ្យអាជ្ញាធរផ្តាច់ខ្លួនយល់ព្រមទម្លាក់អាវុធ និងចាប់ផ្តើមការចរចាស្តីពី “ការរួមបញ្ចូលឡើងវិញ” របស់តំបន់ណាហ្គ័រណូ-ការ៉ាបាក់ទៅក្នុងប្រទេសអាហ្សែបៃហ្សង់ បន្ទាប់ពីការគ្រប់គ្រងបែបផ្តាច់ខ្លួនបីទសវត្សរ៍។
ខណៈអាសែបៃហ្សង់សន្យាថានឹងគោរពសិទ្ធិជនជាតិភាគតិចអាមេនីនៅក្នុងតំបន់និងស្ដារការផ្គត់ផ្គង់ឡើងវិញបន្ទាប់ពីការហ៊ុមព័ទ្ធរយៈពេល ១០ ខែ អ្នកស្រុកជាច្រើនបារម្ភអំពីការសងសឹកហើយបានសម្រេចចិត្តចាកចេញទៅកាន់ប្រទេសអាមេនី។
រដ្ឋាភិបាលអាមេនីបាននិយាយថា អ្នកស្រុកជាង ៦.៥០០ នាក់នៃតំបន់ណាហ្គ័រណូ-ការ៉ាបាក់បានភៀសខ្លួនទៅកាន់ប្រទេសអាមេនីគិតត្រឹមថ្ងៃចន្ទ។
រដ្ឋាភិបាលក្រុងមូស្គូបាននិយាយថា កងរក្សាសន្តិភាពរុស្ស៊ីនៅតំបន់ណាហ្គ័រណូ-ការ៉ាបាក់កំពុងជួយដល់ការជម្លៀស។ មនុស្សប្រហែល ៧០០ នាក់នៅតែស្ថិតក្នុងជំរំរក្សាសន្តិភាពនៅទីនោះកាលពីថ្ងៃចន្ទ។
មនុស្សរាប់សិបនាក់កំពុងតម្រង់ជួរនៅទីតាំងស្តុកប្រេងឥន្ធនៈ ជាកន្លែងដែលការផ្ទុះបានកើតឡើង ដោយសារតែពួកគេត្រូវបានគេសន្យាផ្តល់ប្រេងឥន្ធនៈ ដែលមានការខ្វះខាតខ្លាំងក្នុងអំឡុងពេលការហ៊ុមព័ទ្ធ សម្រាប់រថយន្តរបស់ពួកគេអាចផ្លាស់ទីទៅប្រទេសអាមេនី នេះបើយោងតាមអាជ្ញាធរផ្តាច់ខ្លួនរបស់តំបន់ណាហ្គ័រណូ-ការ៉ាបាក់។
ការផ្ទុះនេះបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីកិច្ចចរចាជុំទីពីររវាងមន្ត្រីអាសែបៃហ្សង់និងអ្នកតំណាងរបស់ក្រុមផ្តាច់ខ្លួនបានធ្វើឡើងកាលពីថ្ងៃចន្ទនៅក្នុងទីប្រជុំជនខូចាលី (Khojaly) ភាគខាងជើងនៃទីក្រុងធំរបស់តំបន់ណាហ្គ័រណូ-ការ៉ាបាក់។
ការចរចាជុំទីមួយបានធ្វើឡើងកាលពីសប្តាហ៍មុន។ ការិយាល័យប្រធានាធិបតីរបស់អាហ្សែបៃហ្សង់បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចចរចាត្រូវបានធ្វើឡើង “ក្នុងបរិយាកាសស្ថាបនា” ហើយការចរចានោះទៀតសោតផ្តោតលើការផ្តល់ជំនួយមនុស្សធម៌និងសេវាកម្មវេជ្ជសាស្ត្រដល់តំបន់នេះ៕
ការផ្ទុះដ៏ខ្លាំងក្លាមួយនៅឯឃ្លាំងប្រេងមួយកន្លែងក្នុងតំបន់ណាហ្គ័រណូ-ការ៉ាបាក់ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០ នាក់ និងរាប់រយនាក់ទៀតរងរបួសកាលពីថ្ងៃចន្ទ