​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ចៅក្រម​ញូវយ៉ក​បាន​សម្រេច​កាលពី​ថ្ងៃ​អង្គារ​ទី​២៦​កញ្ញា​ថា លោក ដូ​ណា​ល់ ត្រាំ និង​កូនប្រុស​របស់​គាត់ អេ​រិក (Eric) និង ដុន ជូនៀ (Don Jr) បាន​ប្រព្រឹត្តិ​អំពើ​ឆបោក ដោយ​បំប៉ោង​តម្លៃ​អចលនទ្រព្យ​និង​ទ្រព្យសកម្ម​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Trump Organization អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។​

​សេចក្តីសម្រេច​របស់​ចៅក្រម អា​ធឺ អិន​ហ្គោ​រ៉ុន (Arthur Engoron) គឺជា​បរាជ័យ​មួយ​សម្រាប់​អតីត​ប្រធានាធិបតី​រូបនេះ មុន​ពេល​ការកាត់ក្តី​ក្នុង​សំណុំរឿង​រដ្ឋប្បវេណី​នេះ ដែល​នឹង​ត្រូវ​ចាប់ផ្តើម​នៅ​ថ្ងៃ​ចន្ទ​ក្រោយ និង​ជា​ជ័យជម្នះ​មួយ​ផ្នែក​សម្រាប់​អគ្គ​រដ្ឋអាជ្ញា​នៃ​រដ្ឋ​ញូវយ៉ក លោកស្រី ឡេ​ទីធ្យា ជែម​ស៍ (Letitia James)​។​

​លោកស្រី​ជែម​ស៍បាន​ចោទប្រកាន់លោក​ត្រាំ កូនប្រុស​ច្បង​ពីរ​នាក់​របស់​គាត់ និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Trump Organization ផ្សេង​ទៀត​ថា​បាន​កុហក​អ្នកប្រមូលពន្ធ អ្នក​ផ្តល់​ប្រាក់​កម្ចី និង​អ្នកធានារ៉ាប់រង​ជាច្រើន​ឆ្នាំ​នៅក្នុង​គ្រោងការណ៍​មួយ ដែល​តែងតែ​បំប៉ោង​តម្លៃ​អចលនទ្រព្យ​របស់​ពួកគេ​។​

​មេធាវី​របស់​លោក​ត្រាំ​បាន​ស្នើ​ឱ្យ​ចៅក្រម​ទម្លាក់ចោល​សំណុំរឿង​នេះ​មុន​ការកាត់ក្តី ដោយ​ផ្តល់​អ្វី​ដែល​គេ​ស្គាល់​ថា​សាលក្រម​សង្ខេប​ដោយ​អនុគ្រោះ​។​

​ទោះជា​យ៉ាងនេះក្តី លោកស្រី​ជែម​ស៍ក៏បាន​ស្នើសុំ​ឱ្យ​មាន​ការកាត់ក្តី​សង្ខេប​ផងដែរ ដោយ​ស្វែងរក​ឱ្យ​ឃើញ​ថា លោក​ត្រាំ​មាន​កំហុស នៅមុន​ការកាត់ក្តី ហើយ​ចៅក្រមឈរ​ខាង​អគ្គ​រដ្ឋអាជ្ញា​។​

​ក្រៅពី​ការរកឃើញ​ថា ត្រាំ​និង​កូនប្រុស​របស់​គាត់​បាន​ប្រព្រឹត្ត​អំពើ​ឆបោក ចៅក្រម​ក៏បាន​ដកហូត​អាជ្ញា​បណ្ណ​អាជីវកម្ម ដែល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន Trump Organization ដំណើរការ​អចលនទ្រព្យ​មួយចំនួន​នៅ​រដ្ឋ​ញូវយ៉ក​របស់ខ្លួន​ផងដែរ​។​

​លោកស្រី​ជែម​ស៍​កំពុង​ព្យាយាម​ទាមទា​រ​ផាកពិន័យ​ចំនួន ២៥០ លាន​ដុល្លារ និង ដក​ត្រាំ​និង​កូនប្រុស​របស់​គាត់​ចេញពី​ការគ្រប់គ្រង​ចក្រភព​បែ​ប​គ្រួសារ គឺ ក្រុមហ៊ុន Trump Organization​។​

​លោកស្រី​ជែម​ស៍​អះអាងថា ត្រាំ​និង​សហការី​របស់​គាត់​បាន​ដាក់​តួលេខ “​បំប៉ោង​” ទៅកាន់​ធនាគារ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ជា​រៀងរាល់​ឆ្នាំ​រវាង​ឆ្នាំ ២០១១ និង ២០២១ “​ដើម្បី​ធានា​និង​រក្សា​បាន​ប្រាក់កម្ចី​និង​ការធានារ៉ាប់រង​ក្រោម​លក្ខខណ្ឌ​អំណោយផល​ខ្ពស់​”​។​

​ពួកគេ​ត្រូវបាន​ចោទប្រកាន់ថា​បាន​ក្លែងបន្លំ​តម្លៃសុទ្ធ​នៃ​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន Trump Organization រាប់​ពាន់​លាន​ដុល្លារ ជាហេតុ​នាំ​ឱ្យ​មាន “​ប្រាក់​សន្សំ​និង​ប្រាក់ចំណេញ​ទុច្ចរិត​រាប់រយ​លាន​ដុល្លារ​”​។​

​លោកស្រី​ជែម​ស៍​បាន​ចោទប្រកាន់​ថា ការវាយតម្លៃ​បំប៉ោង​ទ្រព្យសម្បត្តិ​របស់​លោក​ត្រាំ​គឺ​មាន​ពី​ចន្លោះ ១,៩ ពាន់​លាន​ដុល្លារ​ទៅ ៣,៦ ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​៕

ត្រាំ​សារភាព​កំហុស​អំពី​ការ​បំប៉ោង​តម្លៃ​អចលនទ្រព្យ