ដោយៈសុវណ្ណកុម្ភៈ/ភ្នំពេញ៖លោក ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជានិងជាគ្រូបង្វឹកផងនោះបានអះអាងថាវគ្គបណ្តុះបណ្តាលបច្ចេកទេសគ្រូបង្វឹកកីឡាកាយ សម្ព័ន្ធកម្រិត១ និងបោះជំរំ (Academy in Aerobic level 1+Training Camp)មានសិក្ខាកាម១២រូបបាននិទ្ទេសល្អ ,ប្រាំមួយរូប បាននិទ្ទេស បង្គួរ និងបួនរូបបាននិទ្ទេសមធ្យម។

វគ្គដែលបើកនៅខេត្តកំពង់ឆ្នាំងពីថ្ងៃទី២២ ដល់ថ្ងៃទី ២៦ ខែកញ្ញា នោះនេះមានសិក្ខាកាមចូលរួមចំនួន២២រូប។ក្នុងនោះរាជធានីភ្នំពេញ ចំនួនបួនរូប ខេត្តកំពង់ឆ្នាំង១៣រូប ខេត្តក្រចេះបួនរូបនិងខេត្ត
កំពង់ចាមមួយរូប។

វគ្គនេះ ដំណើរការដោយប្រើប្រាស់កញ្ចប់ថវិកា ផ្នែកបណ្តុះបណ្តាល ធនធានមនុស្ស របស់ក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់ជូន សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ប្រចាំឆ្នាំ ដើម្បីពន្លឿនការអភិវឌ្ឍ ធនធានកីឡា នៃកីឡាកាយសម្ព័ន្ធ។
នេះ ជាវគ្គដ៏មាន សារៈសំខាន់ ដើម្បីអភិវឌ្ឍន៍ធនធាន ឆ្ពោះទៅទទួល ធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី នាឆ្នាំ២០២៩ ខាងមុខ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។
គឺជាវគ្គដែលជំរុញឱ្យគ្រូបង្វឹក មានចំណេះជំនាញច្បាស់លាស់ ជា ពិសេសគឺ កីឡាករ កីឡាការិនី វ័យក្មេង ត្រូវការជំនាញច្បាស់លាស់ ដែលមានវ័យចាប់ពី ៨ឆ្នាំ ឬក្រោម ១៥ឆ្នាំ។

ពេលនេះ សហព័ន្ធ កំពុងពិនិត្យមើលលើគុណភាពរបស់កីឡាករ កីឡាការិនី ក្រោមអាយុ ១៥ឆ្នាំ ដើម្បីត្រៀមឆ្ពោះ ទៅទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី នាឆ្នាំ២០២៩។
ដើម្បីត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់ជ្រុងជ្រោយ ក្នុងនាមជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ កីឡាយុវជនអាស៊ី ឆ្នាំ២០២៩ កីឡាករ កីឡាការិនីកាយសម្ព័ន្ធ ដែលនឹងសម្រិត សម្រាំង ទុកនេះនឹងមានវ័យក្រោម១៧ឆ្នាំ សម្រាប់ប្រកួតប្រជែងជាមួយបណ្តាប្រទេស នានា ក្នុងទ្វីបអាស៊ី។
ការត្រៀមលក្ខណៈជាមុននេះគឺក្រោមការយកចិត្តទុកដាក់ខ្ពស់និងការចង្អុលបង្ហាញរបស់ លោកទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានសហព័ន្ធកីឡា កាយសម្ព័ន្ធកម្ពុជា ក្នុងការដាក់ គោលដៅឆ្ពោះទៅរកជោគជ័យ ស្រប តាមផែនការប្រចាំឆ្នាំ នៃការអភិវឌ្ឍ និងបណ្តុះ បណ្តាលធនធានមនុស្ស របស់ខ្លួន ប្រកបដោយគុណភាព៕សរន / N