ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោក អ៊ុច បូររិទ្ធ ទេសរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា បានចូលរួមថ្លែងសុន្ទរកថាក្នុង “កិច្ចប្រជុំជាន់ខ្ពស់ពេញអង្គ ដើម្បីប្រារព្ធនិងលើកកម្ពស់ ទិវាអន្តរជាតិ សម្រាប់ការលុបបំបាត់ទាំងស្រុង នូវអាវុធនុយក្លេអ៊ែរ” កាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៣ នាបូរីញូវយ៉ក សហរដ្ឋអាមេរិក ។
នៅក្នុងសុន្ទរកថា លោក អ៊ុច បូររិទ្ធ បានសង្កត់ធ្ងន់ពីតម្រូវការបន្ទាន់ចំពោះគ្រប់ប្រជាជាតិ ទាំងអស់ រួមទាំងក្រុមប្រទេសដែលមានអាវុធនុយក្លេអ៊ែរ ចូលរួមក្នុងកិច្ចសន្ទនា ប្រកបដោយអត្ថន័យ និងបង្ហាញពីការប្តេជ្ញាចិត្តពិតប្រាកដ ចំពោះការលុបបំបាត់សព្វាវុធ ការមិនរីកសាយភាពសញ្វវុធ និង ”សន្និសញ្ញាស្តីពី ការមិនរីកសាយភាយអាវុធនុយ ក្លេអ៊ែរ”។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាៈ “ប្រទេសទាំងអស់ ត្រូវខិតខំបន្ថែមទ្វេដង សំដៅ សម្រេចគោលបំណងរួម គឺពិភពលោក ដែលគ្មានអាវុធនុយក្លេអ៊ែរ “។
ក្នុងនាមជាប្រទេស ដែលស្រឡាញ់សន្តិភាព កម្ពុជា រួមជាមួយនឹងសមាជិកអាស៊ាន ទាំងអស់ ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្ត “សន្និសញ្ញាស្តីពីអាស៊ីអាគ្នេយ៍ជាតំបន់គ្មាន អាវុធនុយក្លេអ៊ែរ” និងផែនការសកម្មភាព របស់សន្និសញ្ញានេះ។
ដោយទទួលស្គាល់ពីសារៈសំខាន់ នៃវិធីសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីសម្រេចបាន នូវការលុបបំបាត់សញ្វវុធ និងការមិនរីកសាយភាពសញ្វវុធ ប្រទេសកម្ពុជា លើកទឹកចិត្ត ជាខ្លាំងចំពោះ ក្រុមប្រទេសដែលមានអាវុធនុយក្លេអ៊ែរ ចូលរួមគាំទ្រកិច្ចខិតខំប្រឹងប្រែង របស់អាស៊ាន ដោយធ្វើការចុះហត្ថលេខាលើ “ពិធីសារនៃសន្និសញ្ញា ស្តីពីអាស៊ីអាគ្នេយ៍ ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ”។
នៅចុងបញ្ចប់នៃសុន្ទរកថា លោក ទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះឯកសារគោល នយោបាយរបស់ អគ្គលេខាធិការ អង្គការសហប្រជាជាតិ ស្តីពី “របៀបវារៈថ្មីសម្រាប់ សន្តិភាព” ដែលបានចេញផ្សាយ កាលពីខែកក្កដា ឆ្នាំ២០២៣។ ឯកសារនេះ ត្រួសត្រាយផ្លូវ សម្រាប់សហគមន៍អន្តរជាតិដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចខិតខំប្រឹងប្រែង ពហុភាគី ក្នុងកិច្ចការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ដោយផ្អែកលើច្បាប់អន្តរជាតិ ៕ V / N