ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ពុត​និក​) ៖ កូរ៉េខាងត្បូង​បាន​រៀបចំ​ព្យុហយាត្រា​យោធា​ដ៏​ធំ​មួយ​នៅ​ទីក្រុង​សេ​អ៊ូ​ល​កាលពី​ថ្ងៃ​អង្គារ​ទី​២៦​កញ្ញា​ដើម្បី​ឧទ្ទិស​ដល់​ខួប​លើក​ទី ៧៥ នៃ​ការបង្កើត​កងកម្លាំងប្រដាប់អាវុធ​របស់​ប្រទេស​។ តើ​អាវុធ​ប្រភេទ​ណា​ខ្លះ​ត្រូវបាន​បង្ហាញ​? តើ​អាវុធ​ប្រភេទ​ណា​ដែល​សម្ពន្ធមិត្ត​ជា​យុទ្ធសាស្ត្រ​របស់​អាម៉េរិក​នេះ​ផលិត និង​នាំចេញ​?

​សាធារណរដ្ឋ​កូរ៉េ (​កូរ៉េខាងត្បូង​) បាន​ប្រារព្ធ​ពិធី​ព្យុហយាត្រា​យោធា​ដ៏​សំខាន់​លើកដំបូង​របស់​ខ្លួន​ក្នុង​រយៈពេល​មួយ​ទស្សវត្សរ៍​កាលពី​ថ្ងៃ​អង្គារ ដោយ​សម្ញែង​សាច់ដុំ​យោធា​របស់​ខ្លួន​ចំ​ពេល​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង​នៅ​ឧបទ្វីប​កូរ៉េ បន្ទាប់​ពី​ការ​ផ្តាច់ទំនាក់ទំនង​ការទូត​ផ្ទាល់ខ្លួន​រវាង​មេដឹកនាំ​នៅ​ទីក្រុង​ព្យុង​យ៉ាង សេ​អ៊ូ​ល និង​វ៉ាស៊ីនតោន បន្ទាប់​ពី​រដ្ឋបាល​ត្រាំ​និងមូន​ចាក​ចេញពី​ការិយាល័យ​ក្នុង​ឆ្នាំ ២០២១ និង ២០២២​។​

​ទាហាន​ប្រហែល ៦.០០០ នាក់ និង​យោ​ធូប​ក​រណ៍​រហូតដល់ ២០០ គ្រឿង​បាន​ដង្ហែ​និង​បើក​តាម​ដងផ្លូវ​នៃ​ទីក្រុង​សេ​អ៊ូ​ល រួម​ទាំង​រថក្រោះ​និង​រថយន្ត​ចុះ​ទឹក​ឡើងគោក​បែប​វាយប្រហារ ដ្រូ​ន មី​ស៊ី​ល និង​ប្រព័ន្ធ​ការពារ​ដែនអាកាស ដែល​ភាគច្រើន​ផលិត​ដោយ​ក្រុមហ៊ុន​ធំៗ​របស់​កូរ៉េ​ខាងត្បូង ដែល​អ្នក​ប្រហែលជា​ធ្លាប់​ស្គាល់​រួចហើយ​។​

– អាវុធ​នៅ​ក្បួន​ដង្ហែ​

​ដូច​រំពឹង​ទុក​ក្នុងឱកាស​នៃ​ខួប​លើក​ទី ៧៥ នៃ​ការបង្កើត​យោធា​កូរ៉េខាងត្បូង ក្បួន​ដង្ហែ​កាលពី​ថ្ងៃ​អង្គារ​នៅ​ទីក្រុង​សេ​អ៊ូ​ល​បានបង្ហាញ​នូវ​អាវុធ​និង​ឧបករណ៍​ចុងក្រោយបង្អស់​របស់​កូរ៉េខាងត្បូង រួម​ទាំង​រថក្រោះ​ស៊េរី K1A1/K1A2 និង K2 Black Panther ។ ផលិត​ដោយ​ក្រុមហ៊ុន Hyundai Rotem ដាក់ឱ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ ២០១៤ និង​ត្រូវបាន​ចាត់ទុក​ថា​ជា​រថក្រោះ​ជំនាន់​ទី ៤ ដំបូង​គេ​ក្នុង​ពិភពលោក រថក្រោះ K2 ត្រូវបាន​នាំ​ចេញ​ដោយ​ជោគជ័យ​ទៅកាន់​ប្រទេស​ប៉ូឡូញ ដែល​គ្រោង​នឹង​ទិញ​រថក្រោះ K2 សរុប​រហូតដល់ ១.០០០ គ្រឿង ជាមួយនឹង​ការប៉ាន់ស្មាន​ថា​រថក្រោះ​នេះ​ចំនួន ២៦០ គ្រឿង​កំពុង​បម្រើ​យោធា​កូរ៉េខាងត្បូង​នាពេល​បច្ចុប្បន្ន​រួចហើយ​។ រថក្រោះ​នេះ​មាន​កាណុង​កាំភ្លើង​ញាត់​គ្រាប់​ទំហំ ១២០ មិល្លីម៉ែត្រ​ដោយ​ស្វ័យប្រវត្តិ ពាស​ដែក​ការពារ​កម្រិត​ខ្ពស់ និង សមត្ថភាព​បាញ់​ដោយ​ស្វ័យប្រវត្តិ​ប្រឆាំងនឹង​គោលដៅ​លើដី​និង​អាកាស​នៅ​ចម្ងាយ​រហូតដល់ ១០ គីឡូម៉ែត្រ ដោយ​ប្រើ​កាមេរ៉ា​កម្ដៅ​នៅលើ​រថក្រោះ​។ រថក្រោះ​ផ្ទុក​មនុស្ស​បាន​បី​នាក់​និង​មាន​ទម្ងន់​សរុប​៥៥​តោន​។​

​រថពាសដែក Hansa Defence K21 Korea Next-generation Infantry Fighting Vehicles ឬ (KNIFVs) ក៏​ឃើញ​បើក​តាម​ដងផ្លូវ​ដែល​ជោគជាំ​ដោយ​ទឹកភ្លៀង​របស់​ទីក្រុង​សេ​អ៊ូ​ល​កាលពី​ថ្ងៃ​អង្គារ​ផងដែរ ដោយ​កូរ៉េ​ខាងត្បូង​មាន​រថពាសដែក​បែបនេះ​ប្រហែល ៥៥០ គ្រឿង ហើយ​អូស្ត្រាលី​គ្រោង​នឹង​បញ្ជា​ទិញ​ជិត ១៣០ គ្រឿង​ដើម្បី​កែ​ពួកវា​ទៅ​ជា​រថពាសដែក IFV ក្នុងស្រុក​ដែល​គេ​ហៅថា Redback ។ IFV មាន​អ្នកបញ្ជា​បីនាក់ អាច​ដឹក​អ្នកដំណើរ​បាន​៩​នាក់ បើក​បាន​ចម្ងាយ​រហូតដល់ ៥០០ គីឡូម៉ែត្រ ដោយ​មិន​ចាំបាច់​ចាក់​ប្រេង​ឡើងវិញ និង​បំពាក់​នូវ​ពាស​ដែក​សេ​រ៉ា​មិច​ដែល​ពង្រឹង​ដោយ​កញ្ចក់​ហ្វៃ​បឺ​ដ៏​ទំនើប ដោយ​ផ្តល់​នូវ​ការការពារ​ប្រឆាំង​នឹង​អ្វីៗ​គ្រប់យ៉ាង​ចាប់ពី​កាំភ្លើងយន្ត​ធុន​ស្រាល​រហូតដល់​គ្រាប់កាំភ្លើង​ធំ​។ រថពាសដែក K21 ក៏​មាន​បំពាក់​នូវ​កាំភ្លើង​ស្វ័យប្រវត្តិ ៤០ មិល្លីម៉ែត្រ កាំភ្លើង​យន្ត M60 ៧,៦២ មិល្លីម៉ែត្រ និង​កាំជ្រួច​បញ្ជា​ទិស​ប្រឆាំង​រថក្រោះ AT-1K Raybolt ភ្លោះ​ផងដែរ​។​

​កាំភ្លើង​ធំ​បាញ់​ដោយ​ខ្លួនឯង K9 Thunder ផលិត​ដោយ​ក្រុមហ៊ុន Hanwha Aerospace ក៏​បាន​បង្ហាញ​ខ្លួន​ផង​ដែរ​។ ប្រព័ន្ធ​កាំភ្លើង​ធំ​នេះ​ជាង ១.៧០០ ត្រូវបាន​បង្កើតឡើង​ចាប់តាំងពី​ការដាក់​ឱ្យ​ប្រើប្រាស់​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ ១៩៩០ ជាមួយនឹង​គ្រាប់ផ្លោង ១៥៥ មិល្លីម៉ែត្រ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន Hyundai ដែល​មាន​សមត្ថភាព​បាញ់​បាន​ចម្ងាយ​ពី ១៨ ទៅ ៦០ គីឡូម៉ែត្រ​។ ប្រព័ន្ធ​នេះ​គឺជា​ជោគជ័យ​នៃ​ការនាំចេញ​ដ៏​ធំ​បំផុត​របស់​កូរ៉េខាងត្បូង​រហូតមក​ទល់​បច្ចុប្បន្ន ដោយ​ប៉ូឡូញ ន័​រវែ​ស អេ​ស្តូ​នី ហ្វាំង​ឡ​ង់ តួ​ក​គី និង​ឥណ្ឌា​បាន​ទិញ​ពួកវា ក៏ដូចជា​អូស្ត្រាលី និង​អេ​ហ្ស៊ី​បបាន​បញ្ជាក់​ពី​ការប​ញ្ជា​ទិញ​ផង​ដែរ​។ ប្រទេស​មួយចំនួន​បាន​ទិញ​វា​ដោយ​ផ្ទាល់​ពី​កូរ៉េខាងត្បូង ដោយ​ប្រទេស​ខ្លះ​ទៀត​ទទួលបាន​អាជ្ញា​បណ្ណ​ផលិត​បន្ត​ពី​ក្រុមហ៊ុន Hanwha និង​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​ទៀតផង​។ រដ្ឋាភិបាល​ក្រុង​វ៉ា​សូវី​ត្រូវ​គេ​ដឹងថា​បានប្រគល់​កាំភ្លើង​ធំ​ចល័ត​ផលិត​ដោយ​ប៉ូឡូញ AHS Krab ប្រហែល ៥០ គ្រឿង​ទៅ​អ៊ុ​យក្រែន ដោយ​កងកម្លាំង​រុស្ស៊ី តាម​សេចក្តីរាយការណ៍ បាន​បំផ្លាញ​វា​អស់​ជាង ១០ គ្រឿង គិត​ត្រឹម​ចុងខែ​ឧសភា ឆ្នាំ ២០២៣​។​

​ប្រព័ន្ធ​រ៉ុក្កែត K239 Chunmoo ផលិត​ដោយ​ក្រុមហ៊ុន Korea Defense Industry និង​ក្រុមហ៊ុន Hanwha Aerospace ក៏​បាន​បង្ហាញ​ខ្លួន​នៅ​ឯ​ក្បួន​ដង្ហែ​ផងដែរ ដោយ​ប្រព័ន្ធ​នេះ​មាន​សមត្ថភាព​បាញ់​គ្រាប់ផ្លោង​ទំហំ ១៣១-៦០០ មិល្លីម៉ែត្រ​និង​បាញ់​បាន​ចម្ងាយ​ពី ៣៦ ទៅ ២៩០ គីឡូម៉ែត្រ ដោយ​មួយ​គ្រាប់​គឺ​គ្រប់គ្រាន់​សម្រាប់​បំផ្លាញ​ផ្ទៃដី​ទំហំ​ស្មើនឹង​ទីលាន​បាល់ទាត់​ចំនួន​បី​។ ប្រព័ន្ធ​នេះ​ត្រូវបាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត អា​រ៉ាប៊ីសាអូឌីត និង​ប៉ូឡូញ​។​

​ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម KM-SAM Cheongung បាន​បង្ហាញ​ខ្លួន​យ៉ាង​លេចធ្លោ​នៅក្នុង​ក្បួន​ដង្ហែ​ផងដែរ​។ ប្រព័ន្ធ SAM ដែល​បង្កើតឡើង​ដោយ​ទីភ្នាក់ងារ​កូរ៉េ​សម្រាប់​ការអភិវឌ្ឍន៍​ការពារជាតិ និង​ក្រុមហ៊ុន Almaz-Antey របស់​រុស្ស៊ី និង​ផលិត​ដោយ​ក្រុមហ៊ុន​ផលិត​យន្តហោះ​កូរ៉េខាងត្បូង LIG Nex1 Co., Ltd. មាន​បំពាក់​កាំជ្រួច​ការពារ​ដែនអាកាស​ទម្ងន់ ៤០០ គីឡូក្រាម បាញ់​បាន​រយៈ​ចម្ងាយ​អតិបរមា​រហូតដល់ ៤០ គីឡូម៉ែត្រ ហោះ​បាន​កម្ពស់ ១៥-២០ គីឡូម៉ែត្រ និង​ល្បឿន​ប្រតិបត្តិការ​លឿន​ជាង​សំឡេង​កម្រិត Mach 4-5​។​

​កាំជ្រួច​មី​ស៊ី​ល​យុទ្ធសាស្ត្រ Hyunmoo បាញ់​ពី​ដី​ទៅ​ដី ដែល​ត្រូវបាន​ណែនាំ​ជា​លើកដំបូង​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៨០ និង​បាន​កែ​ឡើងវិញ​ជិត​១០​ដង​ចាប់តាំងពី​ពេលនោះ​មក ក៏​ត្រូវ​បាន​បង្ហាញ​ផងដែរ ដោយ​កាំជ្រួច​ទម្ងន់ ៥០០ គីឡូក្រាម​នេះ​អាច​ហោះ​បាន​ចម្ងាយ​រហូតដល់ ៣.០០០ គីឡូម៉ែត្រ​ពី​ជើង​ទម្រ​បាញ់​ចល័ត​របស់​វា ដែល​អាច​រួមបញ្ចូល​នាវាចម្បាំង​ផងដែរ​។ ប្រព័ន្ធ​នេះ​ត្រូវបាន​ផលិត​ដោយ​ក្រុមហ៊ុន LIG Nex1 និង​ក្រុមហ៊ុន Hanwha ។​

​ជា​ចុងក្រោយ ការបង្ហាញ​អំណាច​យោធា​កាលពី​ថ្ងៃ​អង្គារ​ក៏​បាន​រួម​បញ្ចូល​ផងដែរ​នូវ​ការបង្ហាញ​ជា​លើកដំបូង​មិន​ធ្លាប់​មាន​នៃ​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ L-SAM ដែល​ជា​ប្រព័ន្ធ​ការពារ​ដែនអាកាស​និង​មី​ស៊ី​ល​ក្នុងស្រុក​ដែល​កំពុង​ត្រូវបាន​បង្កើតឡើង​ដោយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ការពារជាតិ ក្រុមហ៊ុន Hanwha និង​ក្រុមហ៊ុន LIG Nex1 ហើយ​រំពឹង​អាច​បាញ់​បាន​ចម្ងាយ​ដល់​ទៅ ១៥០ គីឡូម៉ែត្រ​។ ប្រព័ន្ធ​នេះ​គ្រោង​នឹង​ដាក់​ឱ្យ​ប្រើប្រាស់​ជាមួយ​យោធា​កូរ៉េខាងត្បូង​ក្នុង​ឆ្នាំ ២០២៦ ហើយ​ត្រូវបាន​គេ​ប្រៀបធៀប​សមត្ថភាព​រប​ស់វា​ជាមួយនឹង​ប្រព័ន្ធ​ការពារ​អាកាស THAAD របស់​អាម៉េរិក និង ប្រព័ន្ធ S-400 របស់​រុស្ស៊ី​៕