ដោយៈ គង់ហេង/ កំពង់ចាម៖ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជួននិយាយឱ្យដឹងថា ម្រោងស្ថាបនាពង្រីកផ្លូវជាតិ៧ ចម្ងាយជាង ៤០ គីឡូម៉ែត្រជាបួនគន្លងចាប់រង្វង់មូលស្គន់ ស្រុកជើងព្រៃ ដល់រង្វង់ស្ពានគីហ្ស៊ូណា ក្រុងកំពង់ចាម ដែលគ្រោងនឹងចំណាយថវិកាប្រមាណជាង ១១៧លាន ដុល្លារអាម៉េរិកនោះ នឹងចាប់ផ្តើមស្ថាបនានៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
លោករដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជួនបានថ្លែងថា នៅថ្ងៃទី ២៥ ខែ កញ្ញាលោកបានដឹកនាំមន្រ្តីជំនាញបច្ចេកទេសរបស់ក្រសួង ក្រុមហ៊ុនម៉ៅការសាងសង់ និងអាជ្ញាធរមូដ្ឋានចុះពិនិត្យវាយតម្លៃវាយតម្លៃផលប៉ះពាល់ និងពន្លឿនការងារដែលប្រឈម ហើយដោះស្រាយឱ្យរួចរាល់។មកដល់ពេលនេះក្រុមហ៊ុនម៉ៅការកំពុងរៀបចំការដ្ឋានចំនួនបួន ដោយចែកចេញជាក្រុមរួចហើយ ដើម្បីឱ្យក្រុមហ៊ុនចាប់ផ្តើមអនុវត្តគម្រោងមួយនេះ។
លោករដ្ឋលេខាធិការបន្តថា មន្ត្រីជំនាញក៏បានសិក្សាកំណត់គំនូសប្លង់ផលប៉ះពាល់ និងគំនូសប្លង់កម្ចាត់យុទ្ធភណ្ឌមិនផ្ទុះរួចហើយ ដើម្បីអនុវត្តការងារបន្ត។ការងារបន្ទាប់មន្ត្រីជំនាញនៅចាំដោះស្រាយរាល់ផលប៉ះពាល់សេសសល់ ខណៈអាជ្ញាធរ មូលដ្ឋានជូនដំណឹងដល់ពលរដ្ឋរួចរាល់។ លោកបានបន្ថែមថា ក្រុមការងារនឹងបានសាងសង់ស្ពានចំនួន ប្រាំបី ស្ពាន ។ចំពោះមុខក្រសួងសាធារណការ និងដឹកជញ្ជូន នឹងធ្វើការប្រជុំការងារមួយទៀតចំពោះផលប៉ះពាល់ជាមួយនឹងអន្តរក្រសួងដែលពាក់ព័ន្ធ លើបញ្ហាបច្ចេកទេសដូចជា ប្រព័ន្ធទឹក ប្រព័ន្ធអគ្គិសនី និងខ្សែកាប ជាដើម។ លោកបានអំពាវនាវ និងជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលរស់នៅ និងធ្វើអាជីវកម្មតាមបណ្តោយដងផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណាក្រុងកំពង់ចាម មេត្តាយោគយល់ និងជួយសម្របសម្រួលនូវពេលក្រុមការងារធ្វើការស្ថាបនាផ្លូវជាតិលេខ៧ ជាបួនគន្លងនេះផង ប្រសិនបើមានផលប៉ះពាល់។
ចំណែកលោក សុខ លឹមហៀង ប្រធានមន្ទីរសាធារការ និងដឹកជញ្ជួន ខេត្តកំពង់ចាមបានឱ្យដឹងនៅថ្ងៃទី ២៧ ខែកញ្ញាថា ស្ពានចំនួន ប្រាំបី កន្លែងដែលត្រូវសាងសង់លើផ្លូវជាតិលេខ៧ ដែលត្រូវពង្រីកជាបួន គន្លងចម្ងាយ ៤៥,៥០ គីឡូម៉ែត្រមាននៅស្រុកជើងព្រៃចំនួន បួន ស្ពាន,ស្រុកព្រៃឈរចំនួន បី ស្ពាន និងស្រុកកំពង់សៀមចំនួន មួយ ស្ពាន។ សូមបញ្ជាក់ថា តាមគម្រោងផ្លូវមួយខ្សែនេះ នឹងស្ថាបនានៅក្នុងអំឡុងខែវិច្ឆិកា ឆ្នាំនេះ ដែលមានប្រវែងសរុប ៤៥,៤៨៩គីឡូម៉ែត្រ ដោយទទឹងផ្លូវ នៅតំបន់ក្រៅទីប្រជុំ មានទទឹង ២៤ម៉ែត្រកន្លះ និងក្នុងទីប្រជុំជន មានទទឹង២០ម៉ែត្រកន្លះ ចាប់ពីរង្វង់មូលស្គន់ ដល់ រង្វង់មូលស្ពានគីហ្សូណាខេត្តកំពង់ចាម ដោយមានសួនច្បារនៅចំចំណុចកណ្តាលផ្លូវ។គម្រោងនេះស្ថិត ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសរុបចំនួនជាង ១១៧ ដុល្លារ៕សរន/r