​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស៊ីនហួ​) ៖ ខ្សែ​រថភ្លើង​ព្យួ​រលើអាកាស​បែប​ពាណិជ្ជ​កម្ម​ដំបូង​គេ​របស់​ចិន​បាន​បើក​ជា​សាធារណៈ​កាលពី​ថ្ងៃ​អង្គារ​នៅ​ទីក្រុង​អ៊ូ​ហាន​នៃ​ខេត្ត​ហ៊ូ​ប៉ី ភាគ​កណ្តាល​ប្រទេស​ចិន​។​

​យោង​តាម​ក្រុមហ៊ុន Optics Valley Traffic ដែល​ជា​ប្រតិបត្តិ​ករ​នៃ​ខ្សែ​រថភ្លើង​នេះ​បានឱ្យដឹងថា ដំណាក់កាល​ប្រតិបត្តិការ​ដំបូង​នៃ​គម្រោង​នេះ​មាន​ចម្ងាយ​សរុប ១០,៥ គីឡូម៉ែត្រ និង មាន​ស្ថានីយ​ចំនួន ៦​។​

​ខ្សែ​រថភ្លើង​ទោល (Monorail) ដែល​ព្យួរ​សំ​យ៉ុង​លើ​អាកាស​នេះ ដំណើរការ​រយៈពេល ១២ ម៉ោង​ជា​រៀងរាល់ថ្ងៃ ដោយ​រថភ្លើង​ចេញដំណើរ​រៀងរាល់ ១០ នាទី​ម្តង​។​

​ល្បឿន​ប្រតិបត្តិការ​អតិបរមា​នៃ​រថភ្លើង​នេះ​គឺ ៦០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ដំណើរការ​ប្រតិបត្តិកា​រ​ទាំងមូល រួម​ទាំង​ការចាប់ផ្តើម ការចូល​ស្ថានីយ ការបើក និង​ការបិទទ្វារ គឺ​ធ្វើឡើង​ដោយ​ស្វ័យប្រវត្តិ​ទាំងស្រុង ហើយ​មិន​ត្រូវ​ការអន្តរាគមន៍​ពី​មនុស្ស​ឡើយ​។​

​លោក ស៊ី ហុង​ចិន (Xie Hongzhen) បុគ្គលិក​របស់​ក្រុមហ៊ុន​បាន​និយាយថា ការ​រចនា​ខ្សែ​រថភ្លើង​តែមួយគត់ ជាមួយនឹង​រថភ្លើង​ព្យួរ​ពី​ធ្នឹម​តែមួយ គឺជា​ដំណោះស្រាយ​ប្រតិបត្តិការ​ដ៏​ឆ្លាត​វៃ​។ បើ​ប្រៀបធៀប​ទៅ​នឹង​ផ្លូវដែក​ប្រពៃណី​ឬ​ផ្លូវដែក​ក្រោម​ដី​ដែល​មាន​ពីរ​ធ្នឹម រថភ្លើង​ធ្នឹម​មួយ​ផ្តល់នូវ​ការ​ជិះ​រលូន​ជាង និង​មាន​ប្រសិទ្ធភាព​លុបបំបាត់​ការរំខាន​ពី​ចរាចរណ៍​និង​អ្នក​ថ្មើរជើង​ផ្សេងទៀត​។​

​រថភ្លើង Monorail ដែល​គេ​ស្គាល់​ផង​ដែរ​ថា​ជា “The Optics Valley Photon” ហាក់​សំ​យ៉ុង​ក្បាល​ចុះ​ក្រោម​ដោយសារតែ​ខ្សែ​រថភ្លើង​ស្ថិតនៅ​ខាងលើ​អាកាស​។ អ្នកដំណើរ​អាច​រីករាយ​នឹង​ទីក្រុង​ពី​ទិដ្ឋភាព​ខុសគ្នា​ទាំងស្រុង​តាមរយៈ​កម្រាល​កញ្ចក់​ក្រោម​ជើង​របស់​ពួកគេ​។​

​ចាប់តាំងពី​ប្រតិបត្តិការ​សាកល្បង​របស់​ខ្លួន​ក្នុង​ខែ​ឧសភា​មក រថភ្លើង Monorail បាន​ទាក់ទាញ​ភ្ញៀវទេសចរ​មកពី​ទូទាំង​ប្រទេស​៕

ខ្សែ​រថភ្លើង​ទោល (Monorail) ដែល​ព្យួរ​សំ​យ៉ុង​លើ​អាកាស​នេះ ដំណើរការ​រយៈពេល ១២ ម៉ោង​ជា​រៀងរាល់ថ្ងៃ ដោយ​រថភ្លើង​ចេញដំណើរ​រៀងរាល់ ១០ នាទី​ម្តង