ដោយៈ ភ្នំសន្ទុក/កំពង់ធំ៖ លោក សួគ៌ ប៊ុនធង អភិបាលរងស្រុកស្ទោង បានណែនាំ ដោយមានការលើកទឹកចិត្ត ដល់គ្រប់ផលិតកម្ម ដែលមានផលិតកម្មខ្ពស់ ត្រូវពង្រីកខ្លួន ទៅជាសហគ្រាស និង សហគ្រិន ដែលមានសក្តាននុពល ទាំងនៅក្នុងមូលដ្ឋាន ក៏ដូចជា ថ្នាក់ជាតិជាដើម ដែលអាចផលិតបាន នូវផលិតផល ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ក៏ដូចជា បង្កើននូវប្រាក់ចំណូលខ្ពស់ផងដែរ ។

លោកអភិបាលរងស្រុកស្ទោង បានណែនាំដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីតាំងពិព័រណ៍ផលិតកម្ម “សហគមន៍កសិកម្មសណ្ដាន់សាមគ្គី” នៅព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងស្នាក់ការទីផ្សារសហគមន៍។

ទន្ទឹមនឹងនេះ លោកអភិបាលរងស្រុកស្ទោង បានណែនាំបន្ថែមដល់ គណៈគ្រប់គ្រង សហគមន៍ និងសមាជិក ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ធ្វើផែនការអាជីវកម្ម ឱ្យបានត្រឹម ត្រូវ ហើយត្រូវមានភាពស្មោះត្រង់ មានការទទួលខុសត្រូវខ្ពស់ និងទម្លាក់ទុន ឬថវិកា ជូនដល់ក្រុមផលិត ដែលមានផលិតកម្មខ្ពស់ ការគ្រប់គ្រងប្រកបដោយគណនេយ្យភាព និងបន្តកៀរគរមូលធន ពីគ្រប់ដៃគូ អង្គការនានា និងអ្នកពាក់ព័ន្ធ ដើម្បីពង្រីកខ្លួនឱ្យ កាន់តែធំ។

លោក សួគ៌ ប៊ុនធង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់តំណាងដៃគូនានា  និងអាជ្ញាធរមូលដ្ឋាន និងម្ចាស់ភាគហ៊ុនទាំងអស់ ដែលបានសហការឧបត្ថម្ភគាំទ្រ សម្របសម្រួល ក្នុងការធ្វើឱ្យសហគមន៍នេះ កាន់តែរីកចម្រើន រហូតមកដល់ពេលនេះ។

ជាចុងបញ្ចប់ លោក សួគ៌ ប៊ុនធង អភិបាលរងស្រុកស្ទោង ក៏បានផ្ដាំផ្ញើដល់សហគមន៍ និងសមាជិក សមាជិកាទាំងអស់ ត្រូវបន្តអនុវត្តប្រតិបត្តិនូវគោលការណ៍របស់ រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍក៏ដូចជា អនុសាសន៍ល្អៗរបស់ថ្នាក់ដឹកនាំ ដែលបានអញ្ជើញ ជាអធិបតី នៅក្នុងកម្មវិធីផ្សេងៗរបស់សហគមន៍ បន្តពង្រីកចំនួនសមាជិក និងម្ចាស់ភាគ ហ៊ុនបន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា នៅឆ្នាំ២០២៣ គិតត្រឹមខែមីនា “សហគមន៍កសិកម្មសណ្តាន់ សាមគ្គី ” មានអាសយដ្ឋាន នៅក្នុងភូមិព្រះនង្គ័ល ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ មានសមាជិក សរុបចំនួន ៤០៣ នាក់ និងមានភាគហ៊ុន ចំនួន ១.៤៧២ ហ៊ុន ដែលតម្លៃ ក្នុងមួយហ៊ុន ៣០.០០០ រៀល និងទឹកប្រាក់ ៤៤.១៦៦.០០០ រៀល ហើយកំពុងផលិតមុខរបរសំខាន់ៗ ចំនួន ៦ ដូចជាឥណទានសាច់ប្រាក់  សន្សំប្រាក់ លក់ជីកសិកម្ម និងថ្នាំ ផលិតពូជស្រូវលក់ លក់អង្ករ និងបោចមាន់សាច់លក់៕ V / N