ដោយៈស្រីនាថ,តារារិទ្ធ/ភ្នំពេញ៖លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធាន​ក្រុមការងាររបស់រាជរដ្ឋាភិបាលទទួលបន្ទុកការអនុវត្តមុខងារសេសសល់របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.)បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធនិងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលធនធាន និងកម្មវិធីផ្សព្វផ្សាយជាស៊េរីរបស់ អ.វ.ត.ក. កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ដែលមានការចូលរួមពីឯកអគ្គរដ្ឋទូតប្រទេស បារាំង ជប៉ុន អ្នកសម្របសម្រួលអង្គការ​សហប្រជាជាតិប្រចាំនៅកម្ពុជា និងអ្នកសម្របសម្រួលភាគីអន្តរជាតិនៃ អ.វ.ត.ក. ផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក វង្សី វិស្សុត បានលើកឡើងថា ក្រោយពីបានបញ្ចប់ដំណើរការកាត់ក្តីប្រកបដោយជោគជ័យកាល​ពីចុងឆ្នាំ២០២២ និងដោយមានការគាំទ្រ និងទទួលស្គាល់ពីសហគមន៍អន្តរជាតិ អ.វ.ត.ក. បានបន្សល់ទុកនូវកេរដំណែលដ៏ល្អនៅក្នុង​សង្គមកម្ពុជា ដោយបានចូលរួមចំណែកពង្រឹងសមិទ្ធផលនៃសន្តិភាព, ការផ្សះផ្សាជាតិ, ការស្វែងរកការពិត, ការពង្រឹងនីតិរដ្ឋ, ការផ្ដល់​យុត្តិធម៌ជូនជនរងគ្រោះ និងបញ្ចប់នូវវប្បធម៌និទណ្ឌភាពចំពោះ ឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នង ដែលបានសម្លាប់រង្គាលនូវជីវិតប្រជាជន​កម្ពុជា​ជាងបីលាននាក់ ព្រមទាំងការលើកកម្ពស់ដល់ការចងចាំ និងការទប់ស្កាត់ការវិលត្រលប់មកវិញនៃរបបដ៏សាហាវយង់ឃ្នងនេះ។

លោក វង្សី វិស្សុត បានបញ្ជាក់ថា ជាមួយនឹងធនធាននៃសំណុំរឿងដែលមានបទពិសោធន៍យ៉ាងច្រើន និងយុត្តិសាស្ត្រនានា ដែលទទួល​បានពីដំណើរការកាត់សេចក្តីរបស់ អ.វ.ត.ក. កម្ពុជាក៏បានចែករំលែកទៅថ្នាក់តំបន់ និងអន្តរជាតិផងដែរ តាមរយៈការផ្ទេរចំណេះដឹង, ចំណេះធ្វើ, និងបទពិសោធន៍ពី អ.វ.ត.ក. ស្របតាមទិសដៅប្រែក្លាយកម្ពុជាពីប្រទេសធ្លាប់រៀនសូត្រពីគេ ទៅជាប្រទេសដែលគេ​មករៀន​សូត្រវិញម្តង។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកឡើងដែរថា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមលោកផ្ទាល់ លោកវាយតម្លៃខ្ពស់ចំពោះ​សមិទ្ធផល​​ដែល អ.វ.ត.ក. សម្រេចបាន ទាំងផ្នែកយុត្តាធិការ និងមិនមែនយុត្តាធិការ និងក៏បានអរគុណដល់ភាគីអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ដែលបានផ្ដល់ការគាំទ្រដល់ដំណើរការកាត់សេចក្ដីទៅដោយរលូន, ទាន់ពេលវេលា និងទទួលបានជោគជ័យ។

លោកបានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថា នេះជាជោគជ័យរួមរបស់រាជរដ្ឋាភិបាល, អង្គការសហប្រជាជាតិ, និងសហគមន៏ អន្តរជាតិ ដែលបានធ្វើឱ្យសាលាក្តីកូនកាត់នេះ ក្លាយជាតុលាការគំរូមួយ សម្រាប់ឱ្យប្រទេសនានាក្នុងតំបន់ និងសកលលោកសិក្សា និងយកធ្វើជាគំរូក្នុងការបង្កើតតុលាការវិនិច្ឆ័យទោសចំពោះឧក្រិដ្ឋកម្មធ្ងន់ធ្ងរនាពេលអនាគត ក្នុងបុព្វហេតុស្វែងរកសន្តិភាពក្រោយសង្គ្រាម ឬជម្លោះរ៉ាំរ៉ៃផ្ទៃក្នុង»។

លោក វង្សី វិស្សុត បានបន្តទៀតថា ទោះបីជាដំណើរការជម្រះក្ដីរបស់ អ.វ.ត.ក. ត្រូវបានបិទបញ្ចប់ជាស្ថាពរក្ដី តែរាជរដ្ឋាភិបាល និងអង្គការ​សហប្រជាជាតិ បានបន្តផ្ដល់ការគាំទ្រដល់ការអនុវត្តការងារសេសសល់របស់ អ.វ.ត.ក. ដោយអនុលោមតាម «កិច្ចព្រមព្រៀងបន្ថែមស្តីពី​ការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ» ដែលបានឯកភាពគ្នាកាលពីឆ្នាំ២០២១ រួមមាន ការងារគតិយុត្តិ មួយចំនួន, ការថែរក្សាទុកនិងការគ្រប់គ្រងបណ្ណសារនៃសំណុំរឿងទាំងអស់តាមស្តង់ដារអន្តរជាតិនិងការផ្សព្វផ្សាយ​ព័ត៌មានឱ្យបានទូលំទូលាយដល់សាធារណជន ក្នុងនោះរួមទាំងការបង្កើតឱ្យមាន «មជ្ឈមណ្ឌលធនធានរបស់ អ.វ.ត.ក.» ក្នុងគោល​បំណងថែរក្សា និងលើកកម្ពស់កេរដំណែល ពាក់ព័ន្ធនឹងបណ្ណសារនៃអង្គជំនុំជម្រះរបស់សាលាក្ដីខ្មែរក្រហម ដើម្បីអនុញ្ញាតឱ្យសាធារណ​ជនអាចចូលមើល និងសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតរបស់កម្ពុជាឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលធនធាននេះ មានសមាសភាគសំខាន់ៗចំនួនប្រាំ រួមមាន ទី១. បណ្ណាល័យ និងកន្លែងស្រាវជ្រាវ ទី២. គេហទំព័រថ្មីដែលកំពុងកែលម្អ និងធ្វើបច្ចុប្បន្នភាព, ទី៣. និហិតដ្ឋានបណ្ណសារ (Archives Repository), ទី៤. បន្ទប់ប្រើប្រាស់ពហុបំណង​សម្រាប់ រៀបចំសិក្ខាសាលានិងតុលាការត្រាប់(Moot Court), ទី៥. បន្ទប់ពិគ្រោះយោបល់ និងតាំងពិព័រណ៍, និងទី៦. ឧទ្យានសម្រាប់ការ​ចងចាំ។
ក្នុងចំណោមសមាសភាគសំខាន់ៗខាងលើ បណ្ណាល័យ និងកន្លែងស្រាវជ្រាវ នៃមជ្ឈមណ្ឌលធនធានរបស់ អ.វ.ត.ក. ត្រូវបានបញ្ចប់ការសាង​សង់ជាស្ថាពរកាលពីចុងខែឧសភា ឆ្នាំ២០២៣ និងទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន សិស្ស និស្សិត និងអ្នកស្រាវជ្រាវ​ជាតិ-អន្តរជាតិ អំឡុងពេលដំណើរការសាកល្បងនាពេលកន្លងមក។ បន្ទាប់ពីពិធីសម្ពោធនាថ្ងៃនេះ បណ្ណាល័យ និងកន្លែងស្រាវជ្រាវនេះ នឹងត្រូវដាក់ក្រោមការគ្រប់គ្រងរួមគ្នាជាមួយមជ្ឈមណ្ឌលឯកសារច្បាប់ និងបើកបម្រើជាផ្លូវការ ចាប់ពីម៉ោង ១០ព្រឹក ដល់ម៉ោង ៨យប់ សម្រាប់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងចាប់បើក ពីម៉ោង ១០ព្រឹក ដល់ម៉ោង ៦ល្ងាច សម្រាប់ថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាក។
ដោយឡែក ចំពោះការងារទី២ ទី៣ និងទី៤ នៃមជ្ឈមណ្ឌលធនធានរបស់ អ.វ.ត.ក. ក៏គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៣ ហើយការងារ​ទី៥ និងទី៦ ត្រូវបានដាក់ក្នុងគម្រោងថវិកាសាងសង់របស់ អ.វ.ត.ក. នៅឆ្នាំ២០២៤។ ជាងនេះទៅទៀត ការដាក់ផ្សព្វផ្សាយជា​សាធារណៈ​នូវកម្មវិធីវីដេអូខ្លីអប់រំ និងផ្សព្វផ្សាយជាស៊េរីរបស់ អ.វ.ត.ក. ដែលដកស្រង់ចេញពីឯកសារកំណត់ត្រា និងបណ្ណសារពាក់ព័ន្ធនឹង​ដំណើរការ​កាត់សេចក្តីរបស់សាលាក្តីខ្មែរក្រហម ក៏នឹងក្លាយជាផ្នែកមួយដ៏សំខាន់នៃការងារផ្សព្វផ្សាយ និងសម្មភាពអប់រំ ក្នុងគោលដៅរំឭកការចង​ចាំជាប្រវត្តិសាស្ត្រដល់យុវជនជំនាន់ក្រោយអំពីរឿងរ៉ាវដែលបានកើតមានឡើងក្នុងរបបខ្មែរក្រហម តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា ដូចជា Facebook, Telegram, YouTube, TikTok, Instagram, និងតាមប្រព័ន្ធទូរទស្សន៍ផងដែរ៕សរន