ដោយៈ បាយ័ន / សៀមរាបៈ បងប្អូនអាជីវករលក់ផលិតផលខ្មែរមួយចំនួន នៅក្នុងការ តាំងពិព័រណ៍ “ភូមិមួយផលិតមួយ” ដែលបានរៀបចំឡើងដោយរដ្ឋបាលខេត្តសៀមរាប ត្រូវបានបើកសម្ពោធ កាលពីល្ងាច ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមវត្តមានលោក ផល សុជាតិ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិជម្រុញចលនាភូមិមួយផលិតផល មួយ ។ ពិព័ណនេះដែរ មានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៣ ។

លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានថ្លែងអំណរគុណ ចំពោះគណៈកម្មា ធិការជាតិជម្រុញចលនាភូមិមួយផលិតផលមួយ នៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានរៀបចំវេទិកាផ្គូរផ្គង រវាងអ្នកផលិត និងអ្នកទិញ និងការតាំងបង្ហាញផលិតផល ក្នុងស្រុក ក្រោមគម្រោងការទទួលបានទីផ្សារ សម្រាប់អ្នកផលិតក្នុងស្រុក និងសហគ្រាស ធុនមីក្រូតូច និង មធ្យម ដើម្បីឲ្យអ្នកផលិតនិងអ្នកទិញ បានជួបគ្នា និងធ្វើបទបង្ហាញពីផលិតផលរបស់ខ្លួន និង ការរកទីផ្សារផលិតផលក្នុងស្រុក ព្រមទាំង ការចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋាន ឲ្យចូលជាសមាជិក ចលនា ភូមិមួយផលិតផលមួយ និងអង្គភាព-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិកគណៈកម្មាធិការ ជាតិជម្រុញចលនាភូមិមួយផលិតផលមួយ ។

លោកបានបញ្ជាក់ថា ដើម្បីអនុវត្តការងារឲ្យទទួលបានលទ្ធផលល្អប្រសើរ ក្នុងន័យ ចូលរួមផ្សព្វផ្សាយ ជម្រុញ និងចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋាន ឲ្យចូលជាសមាជិកចលនាភូមិ១ផលិតផល១ ព្រមទាំងអភិវឌ្ឍន៍ធនធានមនុស្សទាក់ទង នឹងការជម្រុញចលនាភូមិ១ ផលិតផល១ នៅថ្នាក់ខេត្ត ដើម្បីទទួលបានចំណេះដឹង បទពិសោធន៍ ចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយការចំណាកស្រុក លើកកម្ពស់ជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាជន តាមសហគមន៍ ។

លោក ផល សុជាតិ បានគូសបញ្ជាក់ឲ្យដឹងផងដែរថា គណៈកម្មាធិការជាតិជំរុញចលនា ភូមិមួយ ផលិតផលមួយ បានបង្កើតអស់រយៈពេល១៦ឆ្នាំហើយ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្លាំងណាស់ លើចលនាភូមិមួយ ផលិត ផលមួយ ព្រោះវាអាចជួយធ្វើឲ្យសេដ្ឋកិច្ចមូលដ្ឋានល្អ។

លោកបានបន្តថា ជាបន្តបន្ទាប់ ក៏បានរៀបចំកសាងឯកសារគតិយុត្តិសំខាន់ៗ និង គោលនយោបាយមួយចំនួនទៀត ក្នុងនោះបានរៀបចំឡើងវិញនូវគោលនយោបាយជាតិ ស្តីពីការជម្រុញចលនាភូមិមួយផលិតផលមួយ​ឆ្នាំ២០១៦-២០២៦ និងបានកសាង ផែនការយុទ្ធសាស្ត្រជាតិជម្រុញចលនាភូមិមួយផលិតផលមួយ លើកទី១ ​ឆ្នាំ២០១៩-២០២៣ ។

លោកក៏បានគូសបញ្ជាក់ថា នៅចុងឆ្នាំ២០២១ គណៈកម្មាធិការជាតិជម្រុញចលនា ភូមិមួយ ផលិតផលមួយ បានចប់ដំណាក់កាលទី១ នៃចលនាភូមិមួយ ផលិតផលមួយ និងនៅឆ្នាំ២០២១ ដែលមានខេត្តចំនួន១០ ចងក្រងបាន​ ១២០ ផលិតផល នៅឆ្នាំ ២០២២ ទាំង២៥ រាជធានី/ខេត្ត ចងក្រងបាន​ ៦០០ ផលិតផល ដោយឡែក ខេត្តសៀមរាប មាន ៤២ ផលិតផល។

លោកបានបញ្ជាក់ថា ភូមិមួយ ផលិតផលមួយ ទាមទារឲ្យមានការចូលរួមយ៉ាងសកម្ម ពីក្រសួង អង្គភាព មន្ទីរស្ថាប័នពាក់ព័ន្ឋ ធ្វើយ៉ាងណាជម្រុញឲ្យមានការអភិវឌ្ឍ ផលិតផលថ្មីៗ ក៏ដូចជា ពង្រឹងគុណភាព និង សមត្ថភាពពាណិជ្ជកម្មនៃផលិតផល ដែលមានស្រាប់ នេះជាគោលការណ៍គ្រឺះ ជាគោលដៅ ដែលយើងចង់បាន សំដៅធ្វើឲ្យទទួលបាន នូវផលិតផលមានភាពសម្បូរបែប ក្នុងយុទ្ធសាសន៍បញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នេះផងដែរ ៕ V / N