ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្រុមមន្ត្រីអាម៉េរិកបាននិយាយថា ទាហានអាម៉េរិក ឈ្មោះ ត្រាវីស ឃីង (Travis King) ត្រូវបានកូរ៉េខាងជើងដោះលែង ហើយ “រីករាយ” ពេលធ្វើដំណើរត្រឡប់ទៅស្រុកវិញកាលពីថ្ងៃពុធទី២៧កញ្ញា គឺជិតបីខែបន្ទាប់ពីរូបគេបានរត់ឆ្លងកាត់ព្រំដែនពីកូរ៉េខាងត្បូង។
ការដោះលែងបុរសវ័យ ២៣ ឆ្នាំរូបនេះធ្វើឡើងបន្ទាប់ពីមានទំនាក់ទំនងការទូតក្រោយឆាកដ៏តានតឹង និងបញ្ចប់ការរំពឹងទុកនៃការស្នាក់នៅរយៈពេលយូរនៅក្នុងប្រទេសមួយ ដែលមានប្រវត្តិប្រើប្រាស់ជនជាតិអាម៉េរិកជាប់ឃុំធ្វើជានុយចរចា។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើងបានធ្វើសេចក្តីប្រកាសដ៏ភ្ញាក់ផ្អើលមួយកាលពីប៉ុន្មានម៉ោងមុននោះថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានសម្រេចចិត្តដោះលែងឃីង ដែលមន្ត្រីអាម៉េរិកនិយាយថា “មានសុខភាពល្អធម្មតា។”
ឃីងបានឆ្លងកាត់ព្រំដែនកូរ៉េខាងជើងទៅកាន់ប្រទេសចិន ដោយមានជំនួយពីអ្នកការទូតស៊ុយអែត ជាកន្លែងដែលឃីងត្រូវបានប្រគល់ឱ្យឯកអគ្គរដ្ឋទូតអាម៉េរិក និងមន្ត្រីយោធាជាន់ខ្ពស់ម្នាក់កាលពីថ្ងៃពុធ។ បន្ទាប់មករូបគេបានហោះចេញទៅមូលដ្ឋានយោធាអាម៉េរិក។
មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋអាម៉េរិកបានប្រាប់អ្នកយកព័ត៌មានថា “យើងអាចបញ្ជាក់បានថា ពលទោ ឃីង រីករាយណាស់ដែលបានធ្វើដំណើរទៅផ្ទះរបស់គេវិញ។ រូបគេទន្ទឹងរង់ចាំមើលក្រុមគ្រួសារយ៉ាងខ្លាំង។”
បន្ទាប់ពីស្រវឹងវាយតប់គ្នានៅហាងស្រា ឧបទ្ទវហេតុជាមួយប៉ូលិស និងការដេកក្នុងពន្ធនាគារកូរ៉េខាងត្បូង ពលទោថ្នាក់ទី២ ឃីង ត្រូវបាននាំទៅកាន់អាកាសយានដ្ឋានកាលពីខែកក្កដា ដើម្បីហោះត្រឡប់ទៅរដ្ឋតិចសាស់វិញ។ប៉ុន្តែជំនួសឱ្យការធ្វើដំណើរទៅកាន់បន្ទាយហ្វតប្ល៊ីស (Fort Bliss) សម្រាប់សវនាការវិន័យ ឃីងបានគេចខ្លួន ចូលរួមក្នុងដំណើរកម្សាន្តទស្សនាតំបន់គ្មានយោធា ហើយលួចឆ្លងព្រំដែន។
កាលពីខែមុន រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានបញ្ជាក់ថា ពួកគេបានចាប់ខ្លួនឃីង ដោយនិយាយថា ឃីងបានរត់ចោលជួរចូលទៅកូរ៉េខាងជើងដើម្បីគេចពី “ការធ្វើបាប និងការរើសអើងពូជសាសន៍នៅក្នុងជួរកងទ័ពអាម៉េរិក”៕
ឃីងត្រូវបានកូរ៉េខាងជើងដោះលែងកាលពីថ្ងៃពុធ