ដោយៈ មុនីរ័ត្ន / ភ្នំពេញ៖ លោក ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋាន ពន្ធនាគារ បានជម្រាបជូនលោកនាយឧត្តមសេនីយ៍ ស ថេតអគ្គស្នងការនគរបាលជាតិ អំពីបញ្ហាចង្អៀតណែន នៅក្នុងពន្ធនាគារ ដោយសារកំណើនទណ្ឌិត និងបានស្នើសុំកិច្ច សហការពីអគ្គស្នងការដ្ឋាននគរបាលជាតិ លើកិច្ចការពារសុវត្ថិភាព សន្តិសុខ ចំពោះការផ្ទេរទណ្ឌិត ពីពន្ធនាគារមួយ ទៅពន្ធនាគារមួយ និងប្តេជ្ញារួមសហការគ្នា ពង្រឹងការងារគ្រប់គ្រងប័ណ្ណសារទណ្ឌិត តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល សំដៅបង្កើន ប្រសិទ្ធភាព ក្នុងការងារស្រាវជ្រាវ ស៊ើបអង្កេត និងបង្រ្កាបបទល្មើសនានា។
ការលេីកឡេីងអំពីបញ្ហាចង្អៀតណែន នៅក្នុងពន្ធនាគារ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កាលពីរសៀលថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ ។
លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ ឯកភាព និងគាំទ្រលើការធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងការផ្ទេរទណ្ឌិត ពីពន្ធនាគារមួយ ទៅពន្ធនាគារមួយ និងបន្តរួមកិច្ចសហការគ្នា ឲ្យបានល្អបន្ថែមទៀត សំដៅធានាសន្តិសុខ និងសុវត្ថិភាពសង្គម។ លោកក៏បានលើកឡើងពីកិច្ចសហការ កន្លងមក ក្នុងការស្រាវជ្រាវ ស្វែងរកទណ្ឌិត ដែលបានរត់គេចខ្លួនផងដែរ។
ក្នុងជំនួបនេះ លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអគ្គនាយកដ្ឋានពន្ធនាគារ ក៏បានពិភាក្សាលើចំណុច ពាក់ព័ន្ធនឹងការងារសន្តិសុខ ក្នុងពន្ធនាគារ ដើម្បីធានាសុខសុវត្ថិភាពសង្គម និងចូលរួមចំណែកកាត់បន្ថយបទល្មើស ក្នុងសហគមន៍៕/V/r