ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ គ្រូបង្វឹកក្រុមជម្រើសជាតិបាល់ទាត់ ក្នុងសាលកម្ពុជា បានបញ្ចេញបញ្ជីឈ្មោះក្រុមកីឡាករជម្រើសជាតិចុងក្រោយ សម្រាប់ចូលរួមព្រឹត្តិការណ៍ AFC Futsal Asian 2024 វគ្គជម្រុះ នៅប្រទេសអ៊ូសបេគីស្ថាន ហើយ។

ក្នុងបញ្ជីឈ្មោះបឋម នៃក្រុមជម្រើសជាតិមានសមាជិក ចំនួន ១៩ រូប តែពេលនេះ សមាជិក ៥ រូប ត្រូវបានជម្រុះចេញ ដោយរក្សាទុកតែ ១៤ រូបប៉ុណ្ណោះ ក្នុងចំណោម ៤ រូបនោះ មានអ្នកចាំទីចំនួន ២ រូប។

ក្រុមទាំងមូល បានចេញទៅបោះជម្រំហ្វឹកហាត់ នៅប្រទេសថៃ ចាប់ពីថ្ងៃទី ២៨ កញ្ញា នេះ ដល់ថ្ងៃទី ៤ តុលា ទើបត្រឡប់មកវិញ។ ក្រុមបាល់ទាត់ក្នុងសាលជម្រើសជាតិ ដឹកនាំដោយគ្រូបង្គោល គឺលោក នៃ ប៊ុនភក្ត្រា គ្រូជំនួយលោក ជេត ច័ន្ទរចនា និងគ្រូ អ្នកចាំទី លោក ឡុង ណាស៊ី។

សម្រាប់ព្រឹត្តិការណ៍ AFC Futsal Asian 2024 វគ្គជម្រុះ នៅប្រទេស អ៊ូសបេគីស្ថាន នេះ កម្ពុជា ស្ថិតនៅពូល G ជាមួយអ៊ូសបេគីស្ថាន ដែលជាម្ចាស់ផ្ទះ អ៊ីរ៉ាក់ និង ម៉ាឡេស៊ី៕/V/r