ព្រឹត្តិការណ៍​ជាតិ ប្រចាំ​សប្តាហ៍​

1096
ចែករម្លែក

ដោយ​: ម៉េង​ឆៃ / ភ្នំពេញ​: នៅក្នុង​សប្តាហ៍​ចុងខែ​កក្កដា ចូល​ខែសីហា ឆ្នាំ​២០១៨ មាន​ព្រឹត្តិការណ៍​ជាតិ លេចធ្លោ​ពីរ​គួរ​ឲ្យ​ចាប់អារម្មណ៍ នោះ​គឺ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ កាលពី​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ រួមទាំង​ការបង្ហាញ​វត្តមាន​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្រោយ​ថ្ងៃ​បោះឆ្នោត និង​ព្រឹត្តិការណ៍​ជាតិ​សំខាន់​មួយទៀត គឺ​គ្រោះទឹកជំនន់​ទន្លេមេគង្គ នៅ​ផ្នែក​ខាងលើ ក្នុង​ខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និង​ខេត្តកំពង់ចាម​។​

​កាលពី​ថ្ងៃទី​២៩ ខែកក្កដា កម្ពុជា​បានរៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​ទូទាំងប្រទេស ដោយមាន​ប្រជាជន​កម្ពុជា បាន​ចេញទៅ​បោះឆ្នោត រហូតដល់​ជាង ៦​លាន ៩​សែន​នាក់ ត្រូវ​ជាជាង ៨២​ភាគរយ​។ មួយថ្ងៃ​ក្រោយ​ការបោះឆ្នោត ពោលគឺ​នៅ​ថ្ងៃទី​៣០ ខែកក្កដា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ឬ គ​.​ជ​.​ប​. បានប្រកាស​ពី​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ដោយ​បង្ហាញ​ពី​សំឡេងឆ្នោត និង​ភាគរយ ដែល​គណបក្សនយោបាយ​ទាំង ២០ ទទួលបាន​។ ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងឆ្នោត​ច្រើនជាងគេ រហូតដល់​ជាង ៤ លាន ៨ សែន​សំឡេង ស្មើនឹង​ជាង ៧៦​ភាគរយ នៃ​ចំនួន​អ្នកបោះឆ្នោត​សរុប​ជាង ៦​លាន ៩​សែន​នាក់ ស្មើនឹង​ជាង ៨២​ភាគរយ​។
​ការបោះឆ្នោត​នៅ​កម្ពុជា កាលពី​ថ្ងៃទី​២៩ ខែកក្កដា បានទទួល​នូវ​ការ​សាទរ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ពី​គ្រប់​មជ្ឈដ្ឋាន ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នេះ​។ ទាំ​ងគ​.​ជ​.​ប គណបក្សនយោបាយ អ្នកសង្កេតការណ៍​ជាតិ​-​អន្តរជាតិ សុទ្ធតែ​បានចេញ​សេចក្ដីថ្លែងការណ៍ វាយតម្លៃ​ជា​វិជ្ជមាន​អំពី​ការ​ដំណើរការ​បោះឆ្នោត ដែលមាន​ពលរដ្ឋ​ចូលរួម​ច្រើន​លើសលុប មិន​ធ្លាប់មាន​។

​ចំណែក​គ្រោះទឹកជំនន់​ទន្លេមេគង្គ​គឺ​កម្រិត​កម្ពស់​ទឹកទន្លេ​មេគង្គ ចាប់តាំងពី​ចុង​សប្តាហ៍​មុន បន្ត​ដល់​ដើម​សប្តាហ៍ នៅ​ចុងខែ​កក្កដា បាន​ហក់​ឡើងជា​បន្តបន្ទាប់​។ ក្នុងនោះ ទឹកទន្លេ​មេគង្គ ក្នុង​ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ត្បូងឃ្មុំ និង​កំពង់ចាម បាន​ហក់​ឡើង​លើស និង​ជិត​ដល់​ចំណុច​ប្រកាសអាសន្ន​។ អាជ្ញាធរ បាន​អំពា​នាវ និង​ចាត់វិធានការ​ជួយសង្គ្រោះ​ប្រជាជន​រស់នៅ​តាម​ដង​ទន្លេមេគង្គ​លើ នៅក្នុង​ខេត្តស្ទឹងត្រែង ក្រចេះ ខេត្ត​ត្បូងឃ្មុំ និង​ខេត្តកំពង់ចាម ដែល​ត្រូវ​ទឹក​ជន់​លិច​ទាំងនោះ​។​
​ពាក់ព័ន្ធ​គ្រោះទឹកជំនន់ តែ​នៅ​ប្រទេស​ឡាវ គឺ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងការបរទេស បានផ្ដល់​ជំនួយ​ទឹកប្រាក់​ចំនួន ១០​ម៉ឺន​ដុល្លារ​អាម៉េរិក ជូន​រដ្ឋាភិបាល​ប្រទេស​ឡាវ ដើម្បី​ប្រើប្រាស់​ក្នុង​កិច្ចការ​ជួយសង្គ្រោះ​ប្រជាជន​ឡាវ ក្រោយ​មហន្តរាយ​បាក់​ទំ​បន់​វា​រី​អគ្គិសនី​។ ពិធី​ប្រគល់​ប្រាក់​ជំនួយ​នេះ បានធ្វើ​ឡើង​នៅ​ក្រសួងការបរទេស​កម្ពុ​ជា កាលពី​ព្រឹក​ថ្ងៃ​៣០ ខែកក្កដា ដែល​ភាគី​កម្ពុជា តំណាង​ដោយ​លោក អ៊ុច បូរ​រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​ភាគី​ឡាវ តំណាង​ដោយ​ឯកអគ្គរដ្ឋទូត​ឡាវ ប្រចាំ​កម្ពុជា​។ ជាមួយគ្នា​នោះ កាកបាទក្រហមកម្ពុជា ក៏បានផ្តល់​ថវិកា​ជំនួយ ៥​ម៉ឺន​ដុល្លារ ដល់​ឯកអគ្គរដ្ឋទូត​ឡាវ ប្រចាំ​កម្ពុជា ដើម្បី​ប្រើប្រាស់​ក្នុងការ​ជួយសង្គ្រោះ​ប្រជាជន​ឡាវ ពី​គ្រោះទឹកជំនន់ ដែល​បាន​កើតឡើង ចាប់តាំងពី​ថ្ងៃទី​២៣ ខែកក្កដា​ផងដែរ​។​

​កាលពី​ថ្ងៃទី​៣១ ខែកក្កដា គ​.​ជ​.​ប​. បានប្រកាសថា មាន​បណ្ដឹង​ជាង​ពីរពាន់ ត្រូវបាន​តំណាង​គណបក្សនយោបាយ​ចំនួន​៣ ប្ដឹង​ទៅកាន់​គណៈកម្មកា​រ​រៀបចំ​ការបោះឆ្នោត​ថ្នាក់ឃុំ​សង្កាត់​។ ចំនួន​បណ្ដឹង​នៅ​ថ្ងៃ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត នៅ​អាណត្តិ​នេះ ប្រហាក់ប្រហែលគ្នា​នឹង​បណ្ដឹង​បោះឆ្នោត​អាណត្តិ​មុន​ដែរ ប៉ុន្តែ​ខុស​ត្រង់​បណ្ដឹង​អាណត្តិ​នេះ ត្រូវបាន គ​.​ជ​.​ប អះអាងថា ជា​បណ្ដឹង​ស្រាលៗ និង​មិន​រហូត​នាំ​ឲ្យ​ត្រូវ​រំកិល​កាលបរិច្ឆេទ​នៃ​ការប្រកាស​លទ្ធផល​បោះឆ្នោត​នោះទេ​។​

៣​ថ្ងៃក្រោយ​ថ្ងៃ​បោះឆ្នោត ពោលគឺ​កាលពី​ថ្ងៃទី​១ ខែសីហា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ចំណត​នាវា​ដឹក​អ្នកដំណើរ ក្នុង​ខណ្ឌឫស្សីកែវ ដែល​ចំណាយ​ថវិការដ្ឋ ក្នុងការ​សាងសង់​អស់​ប្រមាណ​ជិត ៥៩ ម៉ឺន​ដុល្លារ​។ ក្នុងឱកាស​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ បន្ត​ជិះ​កាណូត​ដឹក​អ្នកដំណើរ ពី​ព្រែ​ព្នៅ​-​ភ្នំពេញ​-​តាខ្មៅ និង​ជិះ​រថភ្លើង​ពី​ភ្នំពេញ ទៅ​ប៉ោយប៉ែត ដោយ​មិន​គិតថ្លៃ ចាប់ពី​ថ្ងៃទី​០១ ខែសីហា រហូតដល់​បំណាច់​ឆ្នាំ​២០១៨​។

​កាលពី​ថ្ងៃទី​២ ខែសីហា ពោលគឺ​៤​ថ្ងៃ ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ត​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​ដោះស្រាយ​បញ្ហា​ជូន​កម្មករ​កម្មការិនី​ជាថ្មី​បន្តទៀត ទៅតាម​អ្វីដែល​សម្តេច​បាន​សន្យា នៅមុន​ការបោះឆ្នោត​។ ក្នុងជំនួប​ជាមួយ​កម្មករ កម្មការិនី ជាង ១ ម៉ឺន ៤​ពាន់​នាក់ មកពី​រោងចក្រ​សហគ្រាស ២៤ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ខេត្ត​ភ្នំពេញ កាលពី​ថ្ងៃទី​២ ខែសីហា សម្តេចនាយក​រដ្ឋមន្ត្រី បានដាក់​ចេញ​នូវ​គោលនយោបាយ​ថ្មី និង​បន្ត​ដោះស្រាយ​បញ្ហា ដែល​នៅ​សេសសល់ ពិសេស​ការកំណត់​ផែនការ​ថ្មី ក្នុងន័យ​ផ្តល់នូវ​ផលប្រយោជន៍​បន្ថែម​ដល់​កម្មករ​កម្មការិនី នា​ថ្ងៃ​ភ្ជុំបិណ្ឌ និង​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ខាងមុខនេះ ដូចជា ការធ្វើដំណើរ​តាម​រថភ្លើង និង​រថយន្តក្រុង​រប​ស់រ​ដ្ឋ ដោយ​មិន​គិតថ្លៃ ជាដើម​។

​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កាត់ដេរ កាលពី​ព្រឹក​ថ្ងៃទី​២ ខែសីហា សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាសថា រដ្ឋសភា និង​រាជរដ្ឋាភិបាល អាណត្តិ​ថ្មី នឹង​បង្កើតឡើង​នៅ​ថ្ងៃទី​២០ ខែកញ្ញា​។ ក្នុងនោះ រដ្ឋសភា​ថ្មី នឹង​បើក​កិច្ចប្រជុំ​លើកដំបូង ក្រោម​ព្រះរាជាធិបតីភាព​របស់​ព្រះមហាក្សត្រ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨​។ បន្ទាប់មក នៅ​ព្រឹក​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ រដ្ឋសភា នឹង​ប្រជុំ​បោះឆ្នោត បង្កើត​រាជរដ្ឋាភិបាល​ថ្មី​។ រាជរដ្ឋាភិបាល អាណត្តិ​ថ្មី នឹង​បើក​កិច្ចប្រជុំ​លើកដំបូង​របស់ខ្លួន នៅ​ថ្ងៃទី​២១ ខែកញ្ញា​។
​សម្តេច​តេ​ជោ​ក៏បាន​ប្រកាស​ទុកជាមុន ដោយ​ណែនាំ​ទៅកាន់​មន្ត្រី​គ្រប់​ជាន់ថ្នាក់​ថា នៅ​អាណត្តិ​ថ្មី​នេះ ត្រូវ​បម្រើ​ប្រជាពលរដ្ឋ ដោយស្មោះ​ត្រង់​បំផុត មិនត្រូវ​ជិះសេះ​លែងដៃ នោះទេ​។ បើតាម​សម្តេច តេ​ជោ ហ៊ុន សែន ការបោះឆ្នោត​គាំទ្រ​របស់​ប្រជាជន លើ​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​ច្រើន​លើសលប់​នេះ គឺជា​បន្ទុក​កាន់តែ​ធំ និង​ធ្ងន់​ជាង​មុន ដែល​ទាមទារ​អោយ​មន្ត្រី​ទាំងអស់ រួមគ្នា ប្រព្រឹត្ត​តែ​អំពើ​ល្អ បញ្ជៀ​ស​អោយ​ខាន​តែ​បាន​នូវ​សកម្មភាព​ទាំងឡាយណា ដែល​ថ្នាំងថ្នាក់​ដល់​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​។​
​ពាក់ព័ន្ធ​នឹង​ស្ថានភាព​កម្ពស់​ទឹកជំនន់​ទន្លេមេគង្គ​លើ នៅក្នុង​ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃទី​០២ ខែសីហា ទឹកទន្លេ​មេគង្គ បានចាប់ផ្តើម​ស្រក​ចុះ​ហើយ​។ បន្ទាប់ពី​ទឹកជំនន់​ក្នុង​ខេត្តស្ទឹងត្រែង​ថមថយ ទឹកទន្លេ​មេគង្គ​នៅ​ខេត្តក្រចេះ ខេត្ត​ត្បូងឃ្មុំ និង​ខេត្តកំពង់ចាម ក៏​ស្រក​ចុះ​ក្នុង​រយៈពេល​បន្ដបន្ទាប់​គ្នា​ផងដែរ​។ កាលពី​ព្រឹក​ថ្ងៃទី​២ ខែសីហា កាកបាទក្រហមកម្ពុជា ដឹកនាំ​ដោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន បាន​ចុះ​ចែក​ជំនួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ជិត ២៥០០ គ្រួសារ នៅ​ខេត្ត​ត្បូងឃ្មុំ​។ នៅ​ព្រឹក​ថ្ងៃទី​០៣ ខែសីហា កាកបាទក្រហមកម្ពុជា ក៏​បន្ត​ចែក​ជំនួយ​សង្គ្រោះបន្ទាន់​បន្ថែម​ទៀត ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្តកំពង់ចាម ជាង ៣៥០០ គ្រួសារ ផងដែរ​។

​ក្រោយ​បញ្ចប់​ការបោះឆ្នោត គ​.​ជ​.​ប កំពុង​បន្ត​បំពេញការងារ​ឈានទៅ​ប្រកាស​លទ្ធផល​នៃ​ការបោះឆ្នោត​ផង និង​ក៏​កំពុង​រៀបចំ​ប្ដូរ​ទីស្នាក់ការ​ចេញពី​ក្នុង​បរិវេណ​ក្រសួងមហាផ្ទៃ ទៅកាន់​ទៅ​ស្នាក់ការ​ថ្មី នៅមុខ​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត​ផង​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី គ​.​ជ​.​ប​.​។ គ​.​ជ​.​ប​. ដែល​គ្រោង​នឹង​ប្រកាស​លទ្ធផល​បោះឆ្នោត​បណ្តោះ​អាសន្ន នៅ​ថ្ងៃទី​១១ ខែសីហា ហើយ​បើ​គ្មាន​បណ្តឹងតវ៉ា​ទេ គ​.​ជ​.​ប នឹង​ប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវការ នៅ​ថ្ងៃទី​១៥ ខែសីហា​។​

​ពាក់ព័ន្ធ​នឹង​គ្រោះ ទឹកជំនន់​ទន្លេមេគង្គ នៅក្នុង​ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្ត​ត្បូងឃ្មុំ និង​ខេត្តកំពង់ចាម គិត​ត្រឹម​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៨ បាន​បង្ក​ផលប៉ះពាល់​ដល់​ប្រជាជន​សរុប​ជិត ៣​ម៉ឺន​គ្រួសារ ហើយ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៤​នាក់​។ ជាមួយគ្នា​នោះ ទឹកទន្លេ​មេគង្គ នៅ​ខេត្តស្ទឹងត្រែង និង​នៅ​ខេត្តក្រចេះ បាន​បន្ត​ស្រក​ចុះ រីឯ​នៅ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តកំពង់ចាម ទឹកនឹង​ស្រក នៅ​ថ្ងៃទី​០៤ ខែសីហា​ផងដែរ​។​

​កាលពី​រសៀល​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៨ គ​.​ជ​.​ប​. បានធ្វើការ​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង​បូកសរុប​លទ្ធផល នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដោយ​ចាត់តាំង​ក្រុមការងារ ៤ ក្រុម​ធំៗ​។ ដំណើរការ​ពិនិត្យ ផ្ទៀងផ្ទាត់ និង​បូកសរុប​លទ្ធផល​បោះឆ្នោត​នេះ ត្រូវ​បានគ​.​ជ​.​ប ប្រកាសថា ចាប់ធ្វើ​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​០៤ ខែសីហា ឆ្នាំ​២០១៨ រហូតដល់​បញ្ចប់​ស្ថាពរ ដោយ​ធ្វើ​នៅ​សាលសន្និសីទ គ​.​ជ​.​ប​. ក្នុង​បរិវេណ​ក្រសួងមហាផ្ទៃ ក្នុង​រាជធានី​ភ្នំពេញ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម