ប្រែសម្រួលៈបំណង(CNA)៖ ចិននឹងបង្កើនកិច្ចខិតខំប្រឆាំងអំពើពុករលួយនៅតាមបណ្តាក្រុមហ៊ុនរដ្ឋនិងក្នុងវិស័យហិរញ្ញវត្ថុដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ីនហួកាលពីថ្ងៃពុធ ដោយយោងតាមរបាយការណ៍នៃកិច្ចប្រជុំរបស់ការិយាល័យនយោបាយក្រោយអធិបតីភាពរបស់ប្រធានាធិបតី ស៊ីជីនពីង។
ការលើកឡើងបែបនេះរបស់ការិយាល័យនយោបាយ កើតឡើងតែមួយថ្ងៃក្រោយក្រុមអធិការកិច្ចរបស់បក្សកុំម្មុយនីស្តបញ្ចប់ការស៊ើបអង្កេតលើសហគ្រាសរដ្ឋរាប់សិប។
អានសម្រង់របាយការណ៍នៃកិច្ចប្រជុំ ស៊ីនហួបាននិយាយថា« យើងត្រូវការ…ជំរុញដំឡើងតំណែងអ្នកដែលមិនហ៊ាន មិនអាចនិងមិនចង់ពាក់ព័ន្ធក្នុងអំពើពុករលួយ។កិច្ចប្រជុំបានសង្កត់ធ្ងន់ថា យើងគួរបន្តជំរុញ ការប្រកួតប្រជែងក្នុងចំណោមសហគ្រាសរដ្ឋ និង…បង្កើនកិច្ចខិតខំរបស់សហគ្រាសហិរញ្ញវត្ថុដើម្បីបំរើសេដ្ឋកិច្ចជាក់ស្តែងនិងយុទ្ធសាស្ត្រជាតិ»។
សូមបញ្ជាក់ថា រដ្ឋាភិបាលចិនបានជួបពេលវឹកវរមួយជាមួយនឹងការបាត់ខ្លួនអតីតរដ្ឋមន្ត្រីការបរទេស ឈិន ហ្កាង និងរដ្ឋមន្ត្រីការពារជាតិ លី សាងហ្វ៊ូ។ការបាត់មុខរបស់មន្ត្រីចិនច្រើនតែមានសេចក្តីប្រកាសតាមក្រោយថា ពួកគេស្ថិតក្រោមការស៊ើបអង្កេតចំពោះការរំលោភវិន័យ តែរដ្ឋាភិបាលទីក្រុងប៉េកាំងនៅមិនទាន់ពន្យល់ប្រាប់ជាសាធារណៈអំពីការបាត់ខ្លួនរបស់លោកឈិន និងលោកលី ទេ។
ដោយសារកំពុងមានភាពតានតឹងអំពីបញ្ហាតៃវ៉ាន់ សមុទ្រចិនខាងត្បូង និងការគ្រប់គ្រងការនាំចេញរបស់អាម៉េរិកដែលសំដៅលើវិស័យយោធានិងបច្ចេកវិទ្យាទំនើបចិន ការគ្រប់គ្រងរបស់លោកស៊ីកាន់តែផ្តោតលើហានិភ័យនៃសន្តិសុខជាតិនៅក្នុងបក្ស រដ្ឋាភិបាលនិងឧស្សាហកម្មធំៗ។
ការិយាល័យនយោបាយចិនត្រូវបានស្រង់សម្តីដូចដែលបានលើកឡើងថា«វាចាំបាច់…បង្កើតបន្ទាត់ក្រហមនិងផ្លូវប្រកាន់តឹងមួយ ចាត់វិធានការដោយប្រសិទ្ធភាពដើម្បីរារាំងនិងដោះស្រាយហានិភ័យធំៗ ព្រមទាំងរក្សាគោលជំហររឹងមាំអំពីសុវត្ថិភាព»៕
ស៊ី ជីនពីង ចូលរួមសម័យប្រជុំកំពូលរបស់អង្គការBRICS កាលពីឆ្នាំ២០២៣