ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អាស៊ែបៃហ្សង់បាននិយាយថា ខ្លួនបានចាប់អតីតប្រមុខរដ្ឋាភិបាលផ្តាច់ខ្លួនរបស់តំបន់ណាហ្គ័រណូការ៉ាបាក់ (Nagorno-Karabakh) ខណៈដែលគាត់ព្យាយាមឆ្លងចូលទៅក្នុងប្រទេសអាមេនីកាលពីថ្ងៃពុធ រួមជាមួយនឹងមនុស្សរាប់ម៉ឺននាក់ផ្សេងទៀតដែលបានភៀសខ្លួនបន្ទាប់ពីការវាយប្រហាររយៈពេល ២៤ ម៉ោងរបស់អាស៊ែបៃហ្សង់កាលពីសប្តាហ៍មុន ដើម្បីដណ្តើមការគ្រប់គ្រងតំបន់ហ៊ុមព័ទ្ធនេះឡើងវិញ។
ការចាប់ខ្លួនលោក រូបិន វ៉ាដាន់យ៉ាន (Ruben Vardanyan) ត្រូវបានប្រកាសដោយសេវាការពារព្រំដែនរបស់ អាស៊ែបៃហ្សង់។ វាហាក់ដូចជាឆ្លុះបញ្ចាំងពីចេតនារបស់ អាស៊ែបៃហ្សង់ក្នុងការអនុវត្តយ៉ាងឆាប់រហ័ស និងដោយបង្ខំនៅក្នុងតំបន់នេះ បន្ទាប់ពីការវាយលុករបស់យោធាដែលបានជំរុញឱ្យមានការភៀសខ្លួនយ៉ាងឆាប់រហ័សនៃជនជាតិអាមេនី។
លោកវ៉ាដាន់យ៉ាន ជាពាណិជ្ជករមហាសេដ្ឋីដែលបានបង្កើតទ្រព្យសម្បត្តិរបស់គាត់នៅក្នុងប្រទេសរុស្ស៊ី កន្លែងដែលគាត់ជាម្ចាស់ធនាគារវិនិយោគដ៏ធំមួយនោះ បានផ្លាស់មករស់នៅក្នុងតំបន់ណាហ្គ័រណូការ៉ាបាក់ក្នុងឆ្នាំ ២០២២ ហើយបានបម្រើការជាប្រមុខរដ្ឋាភិបាលក្នុងតំបន់នេះអស់រយៈពេលជាច្រើនខែមុនពេលចុះចេញពីតំណែងកាលពីដើមឆ្នាំនេះ។
សេវាឆ្មាំព្រំដែនបាននិយាយថា លោកវ៉ាន់ដាន់យ៉ានត្រូវបាននាំខ្លួនទៅកាន់រដ្ឋធានីបាគូ (Baku) របស់ អាស៊ែបៃហ្សង់ ហើយបានប្រគល់ទៅឱ្យ “ស្ថាប័នរដ្ឋពាក់ព័ន្ធ” ដែលនឹងសម្រេចជោគវាសនារបស់គាត់។ សេវាឆ្មាំព្រំដែនបានបង្ហោះរូបភាពលោកវ៉ាន់ដាន់យ៉ានកំពុងក្រៀកដោយឆ្មាំព្រំដែនពីរនាក់នៅក្បែរឧទ្ធម្ភាគចក្រមួយ។
កាលពីថ្ងៃពុធផងដែរ ក្រសួងសុខាភិបាលរបស់ អាស៊ែបៃហ្សង់បាននិយាយថា ទាហានអាហ្សែបៃហ្សង់សរុបចំនួន ១៩២ នាក់ត្រូវបានសម្លាប់ និង ៥១១ នាក់បានរងរបួសក្នុងអំឡុងការវាយលុកនៅតំបន់ណាហ្គ័រណូការ៉ាបាក់។ ក្រសួងបាននិយាយថា ជនស៊ីវិល អាស៊ែបៃហ្សង់ម្នាក់ក៏បានស្លាប់នៅក្នុងអរិភាពនេះផងដែរ។
មន្ត្រីណាហ្គ័រណូការ៉ាបាក់បាននិយាយមុននោះថា មនុស្សយ៉ាងហោចណាស់២០០នាក់នៅខាងពួកគេ រួមទាំងជនស៊ីវិល ១០នាក់ ត្រូវបានសម្លាប់ និងជាង ៤០០នាក់បានរងរបួសនៅក្នុងការប្រយុទ្ធគ្នា។
យោងតាមអាជ្ញាធរអាមេនី មានមនុស្សជាង ៥៣.០០០ នាក់ ឬប្រហែល ៤៥% នៃចំនួនប្រជាជន១២០.០០០នាក់របស់តំបន់ណាហ្គ័រណូការ៉ាបាក់ បានចាកចេញពីតំបន់នេះទៅកាន់ប្រទេសអាមេនីគិតត្រឹមយប់ថ្ងៃពុធ៕
លោក រូបិន វ៉ាដាន់យ៉ាន ត្រូវបានចាប់ខ្លួនរួចនាំទៅរដ្ឋធានីបាគូរបស់ អាស៊ែបៃហ្សង់