ស្ត្រី​ម្នាក់​បាន​ដេកស្លាប់​ចោល​កូនតូច​អាយុ​៤​ឆ្នាំ ដោយសារ​ជំងឺ​ប្រចាំកាយ​

971
ចែករម្លែក
  • 184
    Shares

ដោយ​: ចាន់តូ / ភ្នំពេញ​: អាសូរ​ណាស់​ស្ត្រី​ម្នាក់​ដេកស្លាប់​ចោល​កូនតូច​អាយុ​៤​ឆ្នាំ គួរ​ឲ្យ​អ​ណោ​ច​អធម៌ នៅក្នុង​បន្ទប់​ជួល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពីវេលា​ម៉ោង ៧​យប់ ថ្ងៃទី​៤​ ខែសីហា ឆ្នាំ​២០១៨ ត្រង់ចំណុច​ខាងក្រោយ​រោងចក្រ​ឥណ្ឌា ក្នុងភូមិ​ព្រែ​កទារ​ទី​១ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ស្ត្រី​រងគ្រោះ​ខាងលើ​មិន ត្រូវបាន​ស្គាល់ឈ្មោះ​នៅឡើយ អ្នកជិតខាង​គេ​តែ​ហៅថា ម៉ែ អា​អ៊ូ​ខុង អាយុ​ប្រហែល​៣០​ជាង មុខរបរ​នៅផ្ទះ មានកូន​តូច​មួយ អាយុ​៤​ឆ្នាំ ភេទ​ប្រុស និង​ប្តី​របស់គាត់​មានឈ្មោះ សុង សា​រ៉ែ​ន អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មាន​ស្រុកកំណើត នៅ​ភូមិ បង់​អិត ឃុំ​បង់​អិត ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​។​

​តាម​សម្តី​យុវជន​ប្រុស​ម្នាក់​ដែល​រស់នៅ​បន្ទប់​ជិតខាង​បាន ប្រាប់​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​៧​យប់​រូបគាត់​រួមទាំង​អ្នកជិតខាង​២​នាក់​ទៀត​បាន​ឡើងទៅ​លើផ្ទះ​យក​បាយ​ឲ្យ​ហូប​ពេលទៅដល់ ក៏​ឃើញ​កូន​និង​ម្តាយ​ដេក​នៅ​ជិតគ្នា ហើយក៏​ហៅ​ឲ្យ​ក្រោក​តែ​មិន​ក្រោក​ទើប​ដឹងថា​ស្ត្រី​ខាងលើ បាន​ស្លាប់​បាត់ទៅ​ហើយក៏​នាំគ្នា​ចុះមក​វិញ ប្រាប់​អ្នកជិតខាង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​។ ប្រភព​ដដែល​បាន​បន្តទៀតថា ស្ត្រី​រងគ្រោះ​ខាងលើ​ជាប្រចាំ​តែងតែ​ផឹកស្រា​ថ្នាំ​រាល់ថ្ងៃ​គួបផ្សំ​មាន​ជំងឺ​ប្រចាំកាយ​ផង បណ្តាល​ឲ្យ​គាត់​ស្លាប់ ចោល​កូនតូច​ជាទី​ស្រលាញ់​គួរ​ឲ្យ​អ​ណោ​ច​អធម៌​ណាស់​។​

​ក្រោយមក​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើ​កោសល្យ​ពិច័យ ទើប​ដឹងថា ស្ត្រី​ខាងលើ​គាំងបេះដូង​ស្លាប់​។ ដោយសារ​ជីវភាព​ក្រីក្រ​បងប្អូន​ជិតខាង​បាន​រ៉ៃ​លុយ​គ្នា ជួយ​ឲ្យ​ប្តី​យក​សព​ទៅ​បូជា នៅ​វត្ត​ទឹកថ្លា​តាម​ប្រពៃណី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម