ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ តៃវ៉ាន់បានបង្ហាញនាវាមុជទឹកផលិតក្នុងស្រុកជាលើកដំបូងរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ដោយកោះចាញ់ប្រៀបអាវុធគេយ៉ាងសម្បើមនេះកំពុងព្យាយាមពង្រឹងការការពារខ្លួនទប់ទល់នឹងប្រទេសចិន។
ចិន ដែលចាត់ទុកតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងជាទឹកដីរបស់ខ្លួនហើយដែលត្រូវបង្រួបបង្រួមគ្នាឡើងវិញនោះ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើសមយុទ្ធយោធាជាទៀងទាត់ជុំវិញកោះនេះ ខណៈខ្លួនព្យាយាមអះអាងអធិបតេយ្យភាពរបស់ខ្លួននិងដាក់សម្ពាធលើរដ្ឋាភិបាលក្រុងតៃប៉ិ។ តៃវ៉ាន់បដិសេធការអះអាងអធិបតេយ្យភាពរបស់ចិន។
តៃវ៉ាន់បានបង្កើនការចំណាយលើវិស័យការពារជាតិ ដោយបែងចែកថវិកាក្នុងកម្រិតកំណត់ត្រា ១៩ ពាន់លានដុល្លារសម្រាប់ឆ្នាំ ២០២៤ ដើម្បីទិញឧបករណ៍យោធា ជាពិសេសពីសម្ពន្ធមិត្តដ៏សំខាន់របស់ខ្លួនគឺសហរដ្ឋអាម៉េរិក ប៉ុន្តែការស្វែងរកនាវាមុជទឹកបានប្រឈមនឹងឧបសគ្គជាច្រើន។
ប្រធានាធិបតី សៃ អ៊ីងវិន បានចាប់ផ្តើមកម្មវិធីនាវាមុជទឹកក្នុងឆ្នាំ ២០១៦ ជាមួយនឹងគោលបំណងផ្តល់នាវាមុជទឹកចំនួនប្រាំបីគ្រឿង។
នាវាមុជទឹកគំរូដំបូងគេត្រូវបានដាក់ឈ្មោះថា Hai Kun ដែលមានន័យថា “ទេវតាសមុទ្រ” ជាភាសាចិន ហើយត្រូវបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ទី២៨កញ្ញានៅឯពិធីមួយនៅទីក្រុងកំពង់ផែ កៅស៊ុង (Kaohsiung) ភាគខាងត្បូង។
ឈរនៅពីមុខនាវាដែលគ្របទង់តៃវ៉ាន់ លោកស្រីសៃបានប្រកាសថា “ប្រវត្តិសាស្ត្រនឹងចងចាំថ្ងៃនេះជារៀងរហូត”។
លោកស្រីនិយាយថា “កាលពីមុន ការសាងសង់នាវាមុជទឹកក្នុងស្រុកត្រូវបានគេចាត់ទុកថាជាបេសកកម្មមិនអាចទៅរួច។ ប៉ុន្តែថ្ងៃនេះ នាវាមុជទឹកដែលរចនានិងសាងសង់ដោយប្រជាជនរបស់យើងគឺនៅចំពោះមុខមនុស្សគ្រប់គ្នា យើងធ្វើវាហើយ”៕
នាវាមុជទឹក Hai Kun ត្រូវបានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះនៅទីក្រុងកៅស៊ុង