ដោយៈ គង់ហេង / កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ច្រាំងទន្លេមេគង្គដែលរងការបាក់ស្រុត នៅស្រុកកោះសូទិន និងស្រុកស្រីសន្ធរ សរុបប្រមាណជិត ១.០០០ ម៉ែត្រ នឹងស្ថាបនា ដើម្បីទប់ស្កាត់ការបាក់ស្រុតបន្ត គឺនឹងប្រើប្រាស់បាវច្រកខ្សាច់ នៅដើមឆ្នាំ២០២៤ ខាងមុខ។

ការថ្លែងឱ្យដឹងបែបនេះ បន្ទាប់ពីលោកអភិបាលខេត្តកំពង់ចាម បានដឹកនាំសហការី មន្រ្តី នៃមន្ទីរពាក់ព័ន្ធ និងមន្រ្តីជំនាញ ចុះសិក្សា និងពិនិត្យលទ្ធភាពជួសជុល ការបាក់ស្រុត ច្រាំងទន្លេមេគង្គ ក្នុងភូមិសាស្រ្តស្រុកកោះសូទិន និងស្រុកស្រីសន្ធរ នៅព្រឹកថ្ងៃទី ២៨ កញ្ញា នេះ ។

លោកបានបន្ថែមថា ក្រោយពីជំនាញសិក្សារួចរាល់ ចាំបាច់ត្រូវជ្រើសរើសយកទីតាំង ណា ដែលប្រឈមខ្លាំង ដូចជានៅភូមិសាស្រ្តផ្សារជីហែ ចំនួន ពីរ កន្លែង ប្រវែង​ ២៥០ ម៉ែត្រ ក្នុងឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ធ្វើការសាងសង់មុនគេ។ បន្តមក ឃុំមានជ័យ ប្រវែង ២០០ ម៉ែត្រ ស្ថាបនាបន្ទាប់ ដោយសារការបាក់ច្រាំង នៅតំបន់នោះ មកដល់ក្បែរ ផ្លូវ និងស្ថាបនាចុងក្រោយច្រាំងបាក់ ប្រវែង ៥០០ ម៉ែត្រ នៅឃុំកោះអណ្តែត ស្រុកស្រីសន្ធរ៕ V / N