ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ រដ្ឋមន្ត្រីការបទេសអាម៉េរិក អានថូនី ប្លីងកិន កាលពីថ្ងៃព្រហស្បតិ៍បានជួបជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា ចំពេលមានជម្លោះក្តៅគគុករវាងរដ្ឋាភិបាលក្រុងញូវដេល្លីនិងអូតាវ៉ាជុំវិញការចោទប្រកាន់ថាមានការពាក់ព័ន្ធរបស់រដ្ឋាភិបាលឥណ្ឌាក្នុងការសម្លាប់សកម្មជនសាសនាស៊ីក (Sikh) នៅក្នុងប្រទេសកាណាដា។
លោកប្លីងកិននិងលោក សូប្រាម៉ាន់យ៉ាម ចៃសានកា (Subrahmanyam Jaishankar) បានជួបគ្នាកាលពីថ្ងៃព្រហស្បតិ៍នៅក្រសួងការបរទេស ខណៈដែលសហរដ្ឋអាម៉េរិកព្យាយាមស្វែងយល់ពីជម្លោះរវាងអ្នកជិតខាងភាគខាងជើងរបស់ខ្លួននិងប្រទេសអាស៊ីខាងត្បូងនេះ ។
បុរសទាំងពីរនាក់មិនបាននិយាយអំពីភាពចម្រូងចម្រាសដែលបានរំខានដល់ទំនាក់ទំនងកាណាដា-ឥណ្ឌានៅក្នុងការអត្ថាធិប្បាយខ្លីៗទៅកាន់អ្នកសារព័ត៌មាននោះទេ។ ក្រុមមន្ត្រីអាម៉េរិកបាននិយាយថា ពួកគេរំពឹងថាប្រធានបទនេះនឹងត្រូវបានលើកឡើង។ អ្នកនាំពាក្យក្រសួងការបរទេសលោក ម៉ាត់ធូ មីលល័រ (Matthew Miller) បាននិយាយថា “យើងបានចូលរួមជាប់លាប់ជាមួយរដ្ឋាភិបាលឥណ្ឌាលើបញ្ហានេះ ហើយបានជំរុញឱ្យពួកគេសហការគ្នា”។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ បាននិយាយថា លោកត្រូវបានគេប្រាប់ថា លោកប្លីងកិននឹងដោះស្រាយរឿងនេះ ហើយលើកទឹកចិត្តឱ្យរដ្ឋាភិបាលឥណ្ឌាសហការជាមួយនឹងការស៊ើបអង្កេតលើការសម្លាប់នេះ។
លោកទ្រូដូបាននិយាយថា “អាម៉េរិកនៅជាមួយយើងក្នុងការនិយាយជាមួយរដ្ឋាភិបាលឥណ្ឌាអំពីសារៈសំខាន់ដែលថាពួកគេចូលរួមក្នុងការតាមដានការចោទប្រកាន់ដ៏គួរឱ្យជឿជាក់ថាភ្នាក់ងាររបស់រដ្ឋាភិបាលឥណ្ឌាបានសម្លាប់ពលរដ្ឋកាណាដានៅលើទឹកដីកាណាដា”។
លោកបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងម៉ុងរ៉េអាល់ (Montreal) ថា “នេះគឺជាអ្វីដែលប្រទេសប្រជាធិបតេយ្យទាំងអស់ ពោលគឺប្រទេសទាំងអស់ដែលគោរពច្បាប់ ត្រូវតែយកចិត្តទុកដាក់ ហើយយើងកំពុងឆ្ពោះទៅមុខប្រកបដោយការគិតគូរនិងមានទំនួលខុសត្រូវ ដោយប្រកាន់ខ្ជាប់ក្នុងនីតិរដ្ឋជាមួយដៃគូទាំងអស់ រួមទាំងក្នុងវិធីសាស្ត្ររបស់យើងជាមួយរដ្ឋាភិបាលឥណ្ឌា។”
ក្រុមមន្ត្រីអាម៉េរិកបានទទួលស្គាល់ថា ជម្លោះពីការចោទប្រកាន់ ដែលពួកគេបានយកចិត្តទុកដាក់យ៉ាងខ្លាំងនោះ អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ទំនាក់ទំនងជាមួយឥណ្ឌា ប៉ុន្តែបានប្រយ័ត្នប្រយែងមិនហ៊ានបន្ទោសនៅក្នុងករណីសម្លាប់សកម្មជនសាសនាស៊ីកកាលពីខែមិថុនា គឺលោក ហាឌីប ស៊ីង នីចា (Hardeep Singh Nijjar) ដែលត្រូវបានសម្លាប់នៅជាយក្រុងវ៉ាន់ឃូវើ (Vancouver) នោះទេ។
ត្រូវបានសម្លាប់ដោយក្រុមខ្មាន់កាំភ្លើងពាក់ម៉ាស់ លោកនីចាគឺជាអ្នកដឹកនាំនៅក្នុងអ្វីដែលជាចលនារឹងមាំសេសសល់ចុងក្រោយដើម្បីបង្កើតទឹកដីកំណើតស៊ីកឯករាជ្យមួយ ដែលគេស្គាល់ថា ខាលីស្ថាន (Khalistan) ហើយឥណ្ឌាបានកំណត់គាត់ថាជាភេរវករ៕
លោកប្លីងកិននិងលោក សូប្រាម៉ាន់យ៉ាម ចៃសានកា (ឆ្វេង) ជួបគ្នានៅក្រសួងការបរទេសអាម៉េរិកកាលពីថ្ងៃព្រហស្បតិ៍