ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ កាលពីថ្ងៃព្រហស្បតិ៍ អគ្គលេខាធិការអង្គការណាតូ លោក ជែន ស្តូលធិនបឺក (Jens Stoltenberg) បានជួបជាមួយប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងទីក្រុងគៀវដើម្បីពិភាក្សាអំពីស្ថានភាពសង្គ្រាមនិងតម្រូវការរបស់យោធាអ៊ុយក្រែន។
កិច្ចប្រជុំនេះកើតឡើងមួយថ្ងៃបន្ទាប់ពីរុស្ស៊ីបានចោទប្រកាន់សម្ពន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែនថាបានជួយរៀបចំផែនការ និងធ្វើការវាយប្រហារដោយមីស៊ីលកាលពីសប្តាហ៍មុនលើទីស្នាក់ការកណ្តាលរបស់កងនាវាសមុទ្រខ្មៅនៅឧបទ្វីបគ្រីម៉េ។
លោកហ្សេលេនស្គីបាននិយាយថា លោកស្តូលធិនបឺកបានយល់ព្រមក្នុងការខិតខំប្រឹងប្រែងដើម្បីឱ្យសមាជិកណាតូជួយផ្តល់ប្រព័ន្ធការពារដែនអាកាសបន្ថែម ដើម្បីការពាររោងចក្រថាមពលនិងហេដ្ឋារចនាសម្ពន្ធថាមពលរបស់អ៊ុយក្រែន ដែលត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងការវាយប្រហារឥតឈប់ឈរ និងដ៏សាហាវពីសំណាក់រុស្ស៊ីកាលពីរដូវរងាឆ្នាំមុន។
លោកក៏បានប្រាប់អគ្គលេខាធិការផងដែរអំពីការវាយប្រហារជាបន្តបន្ទាប់ដែលជារឿយៗវាយប្រហារតំបន់ស៊ីវិល រួមទាំងការវាយប្រហារដោយដ្រូនចំនួន ៤០ លើកកាលពីយប់កន្លងទៅ។
មេដឹកនាំអ៊ុយក្រែនបាននិយាយថា “នៅចំពោះមុខការវាយប្រហារដ៏ខ្លាំងក្លាបែបនេះប្រឆាំងនឹងប្រជាជនអ៊ុយក្រែន ប្រឆាំងនឹងទីក្រុងរបស់យើង កំពង់ផែរបស់យើង ដែលមានសារៈសំខាន់សម្រាប់សន្តិសុខស្បៀងអាហារពិភពលោក យើងត្រូវការដាក់សម្ពាធខ្លាំងក្លាដើម្បីឆ្លើយតបលើរុស្ស៊ីនិងពង្រឹងការការពារដែនអាកាសរបស់យើង”។
លោកស្តូលធិនបឺកបាននិយាយថា ណាតូមានកិច្ចសន្យាតម្លៃ ២,៤ ពាន់លានអឺរ៉ូគិតជាគ្រាប់រំសេវសម្រាប់អ៊ុយក្រែន រួមទាំងគ្រាប់កាំភ្លើងធំ១៥៥មិល្លីម៉ែត្រ កាំជ្រួចប្រឆាំងរថក្រោះ និង គ្រាប់សម្រាប់រថក្រោះ។
លោកស្តូលធិនបឺកបាននិយាយថា “អ៊ុយក្រែនកាន់តែរឹងមាំ យើងកាន់តែខិតទៅជិតការបញ្ចប់ការឈ្លានពានរបស់រុស្ស៊ី។”
“រុស្ស៊ីអាចដាក់អាវុធចុះនិងបញ្ចប់សង្គ្រាមនៅថ្ងៃនេះ។ អ៊ុយក្រែនមិនមានជម្រើសមួយនេះទេ។ ការចុះចាញ់របស់អ៊ុយក្រែនមិនមានន័យថាសន្តិភាពទេ។ វានឹងមានន័យថាការកាន់កាប់របស់រុស្ស៊ីដ៏ឃោរឃៅ។ សន្តិភាពដែលបង់រាល់តម្លៃក៏មិនមានសន្តិភាពនោះដែរ”៕
អគ្គលេខាធិការអង្គការណាតូ លោក ជែន ស្តូលធិនបឺក បានជួបជាមួយប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងទីក្រុងគៀវ