ក្រសួង​៖ ជម្ងឺ​អេ​បូ​ឡា​នៅ​កុង​ហ្គោ​សម្លាប់​មនុស្ស​៣៣​នាក់​

881
ចែករម្លែក

​ការផ្ទុះ​ជម្ងឺ​អេ​បូ​ឡា​បានសម្លាប់​មនុស្ស​៣៣​នាក់ នៅ​ភាគ​ខាងកើត​ប្រទេស​កុង​ហ្គោ នេះ​បើតាម​ការបញ្ជាក់​ពី​ក្រសួងសុខាភិបាល​កុង​ហ្គោ​។​​ករណី​អេ​បូ​ឡា​១៣​ត្រូវបាន​បញ្ជាក់​អះ​អាង​ចាប់តាំងពី​ការផ្ទុះ​ជម្ងឺ​នេះ​ជាថ្មី​កាលពីថ្ងៃ​១​សីហា​នៅក្នុង​ខេត្ត​ណត គី​វូ​។​

​ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​១៣​នាក់​មាន​៣​នាក់​បាន​បាត់​បង់ជីវិត ខណៈ​ចំនួន​មនុស្ស​ស្លាប់​ត្រូវគេ​ជឿថា​កើន​ដល់​៣៣​នាក់​។​

​ការផ្ទុះ​ជម្ងឺ​នេះ​នៅក្នុង​ខេត្ត​ណត គី​វូ នៅ​សាធារណរដ្ឋ​កុង​ហ្គោ ត្រូវបាន​ប្រកាស​មួយ​សប្តាហ៍​ក្រោយពី​អង្គការ​សុខភាព​ពិភពលោក​និង​រដ្ឋាភិបាល​ក្រុង​គីន​សា​សា​អប​​អរ​ការបញ្ចប់​ការផ្ទុះ​ជម្ងឺ​អេ​បូ​ឡា​នេះ​នៅក្នុង​ខេត្ត អេក្ក​វា​ទឺ ដែល​បានសម្លាប់​មនុស្ស​៣៣​នាក់​។​

​វា​ជាការ​ផ្ទុះ​ជម្ងឺ​នេះ​លើក​ទី​១០​នៅ​សាធារណរដ្ឋ​កុង​ហ្គោ​ចាប់តាំងពី​ឆ្នាំ​១៩៧៦ ពេល​វា​ត្រូវបាន​គេ​រកឃើញ​នៅ​ភាគ​ខាងជើង​ប្រទេស​។​

​នៅ​ក្រុង​ហ្សឺ​ណែវ អង្គការ​សុខភាព​ពិភពលោក បាន​និយាយថា ភាគច្រើនបំផុត​នៃ​ការឆ្លង​ថ្មី​ត្រូវបាន​គេ​រកឃើញ​នៅ​ស្រុក​ម៉​ង់​ហ្គី​ណា នៅ​តំបន់​មាន​ជម្លោះ​មួយ ដែល​ធ្វើ​​អោយ​ពិបាក​ក្នុងការ​ចូលទៅ​ព្យាបាល​អ្នក​ជម្ងឺ​។​

​ជា​ជម្ងឺ​ដែល​គួរអោយ​ភ័យខ្លាច​បំផុត​នៅក្នុង​លោក អេ​បូ​ឡា​ជា​ជម្ងឺ​ក្តៅខ្លួន​បង្កឡើង​ដោយ​វីរុស្ស ដែល​ករណី​ធ្ងន់ធ្ងរ​វា​បង្កអោយមាន​ការចេញ​ឈាម​មកពី​សរីរាង្គ​ក្នុង​​ តាម​មាត់ ភ្នែក​និង​ត្រចៀក​។​

​ក្នុងករណី​ផ្ទុះ​ជម្ងឺ​នេះ​អាក្រក់​បំផុត មនុស្ស​ជាង​១១.៣០០​នាក់​បាន​ស្លាប់​ដោយ​អេ​បូ​ឡា​នៅ​ប្រទេស​ហ្គី​ណេ លី​បេ​រី​យ៉ា​និង​អេ​រ៉ា ឡេ​អូន ក្នុង​ឆ្នាំ​២០១៣-២០១៥​។​ដោយ៖វាសនា