ដោយៈ ភ្នំសន្ទុក / កំពង់ធំ៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានថ្លែងថា កងកម្លាំងប្រដាប់អាវុធ សុខចិត្តបង្ហូរញើស នៅទីលានហ្វឹកហាត់ ប្រសើរជាងបង្ហូរឈាម នៅលើសមរភូមិប្រយុទ្ធ។

លោក ងួន រតនៈ បានលើកឡើងដូច្នេះ ក្នុងពិធីបាញ់គ្រាប់ពិត នៃកម្មវិធីហ្វឹកហ្វឺនរបស់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅបញ្ជាការដ្ឋានវរៈ១ ភូមិតាឡែក ឃុំសាលាវិស័យ នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣។

លោក ងួន រតនៈ បានថ្លែងកោតសរសើរ ដោយស្មោះដល់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ដែលបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវតួនាទី ភារកិច្ច តាមបទ បញ្ជារបស់ អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ ក៏ដូចជា បញ្ជារបស់បញ្ជាការដ្ឋាន យោភូមិភាគ៤ ដែលបានដាក់ចូលផែនការប្រចាំឆ្នាំ ទាក់ទងទៅនឹងការហ្វឹកហាត់ ជាប្រចាំ ដល់កងកម្លាំងប្រដាប់អាវុធ។

លោកអភិបាលខេត្តកំពង់ធំ បានបន្ថែមទៀតថា នេះជាកិច្ចការដែលមានសារៈសំខាន់ ណាស់ សម្រាប់កងយោធពលខេមរភូមិន្ទ ក្នុងការបង្កើននូវសមត្ថភាពជំនាញ ពិតប្រាកដ ដល់កម្លាំងសម្រាប់ការពារប្រទេសជាតិ បើទោះបីប្រទេសយើង ធ្លាប់ឆ្លងកាត់សង្គ្រាម ហើយសព្វថ្ងៃនេះ ទទួលបានសុខសន្តិភាព ក៏ដោយ ប៉ុន្តែកងទ័ព មិនត្រូវបោះបង់ និងភ្លេចខ្លួននោះទេ ត្រូវតែហ្វឹកហាត់ បង្កើនសមត្ថភាព ចំណេះ ជំនាញ និងអង់អាច ក្លាហានជានិច្ច។

លោកបានបន្តទៀតថា ទោះបីយើងមានការហ្វឹកហាត់ ជាបន្តបន្ទាប់ក្តី ទាក់ទងនឹងសមត្ថ ភាព នៅមានកម្រិត ដោយសារការហ្វឹកហាត់នេះ មានរយៈពេលខ្លី ត្រឹមតែបីខែ ប៉ុណ្ណោះ។ ដូចនេះ ជំនាញនៅក្នុងមេរៀន មានការអនុវត្តជាក់ស្ដែង យើងទទួលបាន លទ្ធផល មានកម្រិត ទោះយ៉ាងណា ការយល់ដឹងទទួលបានលទ្ធផលល្អ។

លើសពីនេះទៀត លោកសូមកោតសរសើរដល់លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រៅពីការងារស្នូល និងការងារជំនាញ លោកមេបញ្ជាការ បានដឹកនាំកងកម្លាំង ធ្វើការងារសង្គមជាច្រើន ជាពិសេសការងារ មនុស្សធម៌ ផ្សារភ្ជាប់ជាមួយនឹងប្រជាពលរដ្ឋ។

ចុងក្រោយ លោក ងួន រតនៈ បាន ថ្លែងអំរគុណចំពោះអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ជុំវិញខេត្ត ព្រមទាំងសប្បុរសជននានា ដែលបានចំណាយទាំងសម្ភារៈ ថវិកា ដើម្បីចូលរួមចំណែកជាមួយ កងយោធពលខេមរភូមិន្ទ និងបានធ្វើឱ្យកងទ័ព មានលទ្ធភាព ការពារបូរណភាពទឹកដី ជាតិ មាតុភូមិ និងប្រជាជន ។

តាមរបាយការណ៍ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ បានបញ្ជាក់ថា លទ្ធផលហ្វឹកហ្វឺនរៀនសូត្រ រយៈពេល ៨៧ ថ្ងៃ កន្លងទៅ ដោយអនុវត្តតាមផែនការហ្វឹកហ្វឺន របស់បញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានយោធភូមិភាគទី៤ តាមខ្លឹមសារ និង កម្មវិធីហ្វឹកហ្វឺន ដែលបានគ្រោងទុក។ សិក្ខាកាមចំនួន ១០០ នាក់ និងក្រុមគ្រូយោធា ចារ្យចំនួន ១០នាក់ ត្រូវដំណើរការបាញ់ស៊ីបគ្រាប់ពិត ប្រភេទអាវុធ AK៤៧ ដើម្បីវាស់ស្ទង់ពីកម្រិតយល់ដឹង ក្នុងការប្រើប្រាស់បច្ចេកទេសអាវុធស្វ័យប្រវត្តិ ដែលយោធិនគ្រប់រូប ត្រូវចេះស្ទាត់ សម្រាប់ការពារខ្លួន និងបាញ់កំទេចគោលដៅខ្មាំង សត្រូវ ក្នុងពេលប្រយុទ្ធ នៅលើសមរភូមិ ៕ V / N