ដោយៈ មុនីរ័ត្ន/ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្ដីពីការចាប់ផ្តើមបើកដំណើរការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ការចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ការចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ និងការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសម្រាប់សង្កេតមើលតាមការិយាល័យចុះឈ្មោះបោះឆ្នោត។កិច្ចប្រជុំប្រព្រឹត្តិទៅនៅទីស្ដីការ គ.ជ.ប នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។
ប្រាប់ក្នុងប្រជុំលោក នុត សុខុម អនុប្រធាន គ.ជ.ប បានថ្លែងថា ការរៀបចំកិច្ចប្រជុំក្នុងថ្ងៃនេះ គឺក្នុងគោលបំណងប្រកាសអំពីការចាប់ផ្តើមបើកដំណើរការនៃការរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ ផ្អែកតាមច្បាប់ស្ដីពីវិសោធកម្ម ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា មាត្រា៣ថ្មី “ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវធ្វើឡើង ៦ (ប្រំាមួយ) ឆ្នាំម្តង នៅថ្ងៃអាទិត្យ សប្តាហ៍ទី៤ យ៉ាងយូរ មុនដំណាច់ឆ្នាំទី៦ នៃនីតិកាលព្រឹទ្ធសភា លើកលែងតែក្នុងករណីដែលមានចែងក្នុងបទប្បញ្ញត្តិមាត្រា ១០២ ថ្មី (មួយ) នៃរដ្ឋធម្មនុញ្ញ។ កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវកំណត់ និងប្រកាសដោយនាយករដ្ឋមន្ត្រី តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
លោកបន្តទៀតថា ប្រធានបទចំនួន ៤ សម្រាប់កិច្ចប្រជុំនៅថ្ងៃនេះ។ក្នុងនោះ៖ទី១. ការចាប់ផ្តើមបើកដំណើរការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ ៥៤ ស.ស.រ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។
ផ្តើមចេញពីមូលដ្ឋាននេះ គ.ជ.ប បានត្រៀមខ្លួន និងបានរៀបចំជាស្រេចនូវផែនការមេ ប្រតិទិនការងារ បានកែសម្រួលបទបញ្ជា និងនីតិវិធី រួមទាំងឯកសារគតិយុត្តផ្សេងៗ និងបានត្រៀមសម្ភារ បរិក្ខារផ្សេងៗទៀត ដើម្បីធានាឱ្យការរៀបចំចាត់ចែងការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។
ដូចមានក្នុងប្រតិទិនសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែលបានចែកជូន ចាប់ពីពេលនេះរហូតដល់ថ្ងៃបោះឆ្នោត គឺយើងមានការងារជាច្រើនត្រូវធ្វើជាមួយគ្រប់បណ្តាភាគីពាក់ព័ន្ធទាំងអស់ ដែលមានទាំងគណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល សមាគម អ្នកសារព័ត៌មាន ក្រសួង ស្ថាប័នពាក់ព័ន្ធ រួមទាំងអ្នកបោះឆ្នោត។ ការងារទាំងនោះ ត្រូវអនុវត្តតាមដំណាក់កាល និងមានកាលបរិច្ឆេទចាប់ផ្តើម និងបញ្ចប់ច្បាស់លាស់។
ទី២.ការចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ និងអ្នកសារព័ត៌មានជាតិ។ក. អ្នកសង្កេតការណ៍ជាតិ៖សមាគម ឬអង្គការមិនមែនរដ្ឋាភិបាល អាចបញ្ជូនតំណាងរបស់ខ្លួនមកចូលរួមសង្កេតការណ៍មើលការបោះឆ្នោត ដោយត្រូវបំពេញបែបបទ តាមលក្ខខណ្ឌកំណត់ដោយ គ.ជ.ប ដូចមានចែង ក្នុងច្បាប់ បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប។ ពាក្យស្នើសុំចុះឈ្មោះ អាចទាញចេញពីគេហទំព័ររបស់ គ.ជ.ប (www.nec.gov.kh) ឬទទួលយកពីនាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្ម នៅទីស្ដីការ គ.ជ.ប ដោយឥតគិតថ្លៃ ហើយត្រូវដាក់ពាក្យស្នើសុំរបស់ខ្លួននៅ គ.ជ.ប ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។ខ. អ្នកសារព័ត៌មានជាតិ៖
អ្នកសារព័ត៌មានជាតិ ដែលមានបំណងចូលរួមយកព័ត៌មានក្នុងដំណើរការនៃការបោះឆ្នោត មានសិទ្ធិដាក់ពាក្យសុំចុះឈ្មោះដោយផ្ទាល់នៅ គ.ជ.ប ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។
ទី៣. ការចុះឈ្មោះអ្នកសង្កេតការណ៍អន្តរជាតិ និងអ្នកសារព័ត៌មានអន្តរជាតិ។ក. អ្នកសង្កេតការណ៍អន្ដរជាតិ៖អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ,អង្គការអន្តរជាតិនិងប្រទេសនានាដែលមានបំណងចូលរួមសង្កេតមើលការបោះឆ្នោតត្រូវបំពេញទម្រង់បែបបទពាក្យសុំចុះឈ្មោះ ដែលកំណត់ដោយ គ.ជ.ប និងត្រូវដាក់ពាក្យសុំចុះឈ្មោះនៅ គ.ជ.ប ឬផ្ញើទម្រង់ពាក្យសុំតាមរយៈអ៊ីម៉ែលមក គ.ជ.ប ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលគំរូទម្រង់ពាក្យសុំចុះឈ្មោះនេះ មានក្នុងគេហទំព័ររបស់ គ.ជ.ប ផងដែរ។
ខ. អ្នកសារព័ត៌មានអន្ដរជាតិ៖អ្នកសារព័ត៌មានអន្តរជាតិ អាចទាញយកពាក្យសុំពីគេហទំព័ររបស់ គ.ជ.ប និងអាចដាក់ពាក្យស្នើសុំដោយផ្ទាល់មក គ.ជ.ប ឬផ្ញើពាក្យសុំតាមរយៈអ៊ីម៉ែលមក គ.ជ.ប ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។
របៀបវារៈទី៤.ដែលជារបៀបវារៈចុងក្រោយគឺការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសម្រាប់សង្កេតមើលតាមការិយាល័យចុះឈ្មោះបោះឆ្នោត។គណបក្សនយោបាយ ដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ស្តីពីគណបក្សនយោបាយ ហើយមានបំណងដាក់ភ្នាក់ងាររបស់ខ្លួន ដើម្បីចូលរួមសង្កេតមើលការចុះឈ្មោះបោះឆ្នោត ត្រូវបំពេញពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ តាមទម្រង់បែបបទលេខ ១០០៧ ដែលត្រូវផ្ដល់ជូនដោយឥតគិតថ្លៃដោយ គ.ជ.ប។ គណបក្សនយោបាយអាចថតចម្លងពាក្យសុំទម្រង់បែបបទលេខ ១០០៧ ដើម្បីប្រើប្រាស់ក្នុងការដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ។ ទម្រង់បែបបទស្នើសុំអាចទាញយកពីគេហទំព័ររបស់ គ.ជ.ប (www.nec.gov.kh)។
គណបក្សនយោបាយ ដែលមានបំណងសង្កេតមើលការចុះឈ្មោះបោះឆ្នោតនៅអគ្គលេខា-ធិការដ្ឋានរដ្ឋសភា ត្រូវដាក់ពាក្យសុំនៅ គ.ជ.ប និងត្រូវដាក់ពាក្យសុំនៅលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ប្រសិនបើមានបំណងសង្កេតមើលនៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតក្នុងរាជធានី ខេត្តនៃភូមិភាគ។ កាលបរិច្ឆេទនៃការដាក់ពាក្យសុំ គឺចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។
ក្នុងនាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក នុត សុខុម សង្ឃឹមយ៉ាងមុតមាំថា តាមរយៈការបន្តខិតខំប្រឹងប្រែងរួមគ្នា អនុវត្តស្របតាមច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធី ក្រមសីលធម៌ និងសេចក្ដីណែនាំផ្សេងៗ ដោយស្មារតីទទួលខុសត្រូវខ្ពស់ យើងនឹងទទួលបានជោគជ័យក្នុងការបោះឆ្នោតនេះ៕សរន / N