គ​.​ជ​.​ប ចាប់ធ្វើ​ផ្តើម​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង​បូកសរុប​លទ្ធផល នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​

1265
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានចាប់ផ្តើម​ធ្វើការ​ត្រួត​ពិនិត្យ ផ្ទៀងផ្ទាត់ និង​បូកសរុប​លទ្ធផល នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​រសៀល​ពីថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០១៨ រហ​ហូត​ដល់​បញ្ចប់​ស្ថាពរ នៅ​សាលសន្និសីទ​គ​.​ជ​.​ប ដោយមាន​ការចូលរួម​ពី​តំណាង​គណបក្សនយោបាយ និង​អ្នកសង្កេតការណ៍​ជាតិ អន្តរជាតិ​។​

​ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់​នេះ ត្រូវបានចាត់តាំង​ជា ៤​ក្រុម​ធំៗ រួមមានៈ ក្រុម​សម្រួល​ថ្នាក់កណ្តាល ក្រុម​ទទួល​សម្ភារៈ ឯកសារ​បោះឆ្នោត ក្រុម​កំណត់​បែងចែក​អាសនៈ និង​ក្រុម​ត្រួតពិនិត្យ​លទ្ធផល​ឡើងវិញ​។ ដោយឡែក​ក្រុម​ត្រួតពិនិត្យ​ឡើងវិញ ត្រូវបាន​បែងចែក​ជា​៥​ក្រុម​តូច​ទៀត ដើម្បី​ជួយ​បំពេញការងារ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។​

លោក សោម សូលី​ដា អគ្គលេខាធិការរង គ​.​ជ​.​ប ពេល​ថ្លែងប្រាប់​ក្រុមអ្នកកាសែត (រូប: មុនីរ័ត្ន)

​ទាក់ទង​ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង​បូកសរុប​លទ្ធផល នៃ​ការបោះឆ្នោត លោក សោម សូលី​ដា អគ្គលេខាធិការរង គ​.​ជ​.​ប បាន​ថ្លែងប្រាប់​ក្រុមអ្នកកាសែត​ថា កាលពី​ព្រឹក​ថ្ងៃទី ៤ ខែសីហា គ​.​ជ​.​ប បានទទួល​កញ្ចប់​លទ្ធផល និង​សម្ភារ​ឯកសារ​បោះឆ្នោត​ពី​ខេត្ត​ចំនួន​១៤​ខេត្ត​។ ហើយ​នៅពេល​រសៀល គ​.​ជ​.​ប បានធ្វើការ​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​លទ្ធផល​បណ្តោះអាសន្ន នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ហើយ​ចែកចេញជា​ប្រាំ​ក្រុម​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ដោយមាន​ការចូលរួម​ពី​អ្នកសង្កេតការណ៍​បោះឆ្នោត ភ្នាក់ងារ​គណបក្សនយោបាយ និង​សារ​ព័​ត៍​មាន ហើយ​អ្វីៗ​ទាំងអស់​ដំណើរការបាន​រលូន ហើយ​មិន​ប៉ះពាល់​ដល់ពេល​វេលា​ប្រកាស​លទ្ធផល​បណ្តោះអាសន្ន​នោះទេ​។

​លោក​បាន​បន្តថា ការផ្ទៀងផ្ទាត់​នេះ គឺ​ផ្អែកទៅលើ​គណៈកម្មការ​រាជធានី​ខេត្ត រៀបចំ​ការបោះឆ្នោត​ផ្តល់​មក​ឲ្យ គឺមាន​ឯកសារ​បូកសរុប​លទ្ធផល​នៅ​រាជធានី ខេត្ត គឺមាន ១១១០ , ១១១៤ , ១១១៦​។ ហើយ ១១១០ គឺជា​តារាង​បូកសរុប​លទ្ធផល​បោះឆ្នោត​នៅក្នុង​មណ្ឌល​រាជធានី ខេត្ត ដែល​តារាង​នោះបាន​ស្រង់​យក​តួលេខ​ដែលមាន​នៅក្នុង​ទម្រង់​បែបបទ ១១០៣ កំណត់ហេតុ​នៃ​ការ​បូកសរុប​លទ្ធផល​បោះឆ្នោត​នៅក្នុង​ឃុំ សង្កាត់ បញ្ចូល​គ្នា​ទៅជា​លទ្ធផល​នៃ​ការបោះឆ្នោត​ក្នុង​មណ្ឌល​រាជធានី​ខេត្ត​។ បន្ទាប់មកទៀត គឺ​ទម្រង់​បែបបទ ១១១០​នេះ នឹង​បញ្ចូល​ទៅក្នុង​ទម្រង់​បែបបទ ១១១៦ តព គឺ​ទម្រង់​បែបបទ​ត្រួតពិនិត្យ ដើម្បី​ផ្ទៀងផ្ទាត់​ថា តើ​ការ​បូកសរុប​លទ្ធផល នៃ​ការបោះឆ្នោត​រាជធានី​ខេត្ត ត្រឹមត្រូវ ឬទេ​? ហើយ​បន្ទាប់មកទៀត​និង​មាន​លទ្ធ​ផ​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅក្នុង​មណ្ឌលបោះឆ្នោត​រាជធានី ខេត្ត វា​មាន​ទម្រង់ ១១១៤​។ ផ្អែកទៅលើ​ឯកសារ​ទាំងអស់នេះ គ​.​ជ​.​ប និង​ក្រុមការងារ​ធ្វើការ​ពិនិត្យ​ផ្ទៀងផ្ទាត់​ឯកសារ​ទាំងអស់នោះ ដើម្បី​បញ្ចូល​ទៅក្នុង​ទម្រង់​បែបបទ ដែល​គ​.​ជ​.​ប ប្រើប្រាស់​សម្រាប់​ការត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​។​

​លោក​បាន​បញ្ជាក់ថា តាម​ការគ្រោងទុក​គ​.​ជ​.​ប នឹង​ប្រកាស​លទ្ធផល​បណ្តោះអាសន្ន​នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៨៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម