ដោយៈប.ខុន/ភ្នំពេញៈក្រសួងធនធានទឹកនិងឧតុនិយមបានចាត់មន្ត្រីចុះត្រួតពិនិត្យតាមដានស្ថានភាពទឹកស្ទឹងព្រែកត្នោតនិងដាក់កម្លាំងប្រចាំការនៅទំនប់៧មករាដើម្បីត្រៀមអន្តរាគមន៍ក្នុងករណីមានទឹកធ្លុះធ្លាយទំនប់សណ្តស្ទឹងកើតឡើងបន្ទាប់ពីទ្វារទឹកទំនប់រលាំងជ្រៃចំនួន៥ត្រូវបានបើកបញ្ចេញទឹកដាក់ចូលស្ទឹងព្រែកត្នោតរួចមក។

លោក ប៉ុញ សច្ចៈ រដ្ឋលេខាធិការទទួលបន្ទុកសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក ប្រចាំរាជធានីភ្នំពេញ ខេត្តកណ្តាលនិងខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២៣បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកនិងសំណង់ទ្វារទឹកមួយចំនួនតាមសណ្តសងខាងស្ទឹងព្រែកត្នោត  ផ្នែកខាងក្រោមសំណង់ទ្វារទឹកទំនប់៧មករាខណៈទ្វារទឹកទំនប់រលាំងជ្រៃបានបើកចំនួន៥ទ្វារទម្លាក់ទឹកចូលស្ទឹងព្រែកត្នោតពីរបីថ្ងៃជាប់គ្នាធ្វើឱ្យទឹកស្ទឹងនៅផ្នែកខាងក្រោមងើបឡើងរួចមក។

ក្រៅពីការចុះពិនិត្យមើលស្ថានភាពទ្វារទឹក ទំនប់សណ្ត លោករដ្ឋលេខាធិការក៏បានចាត់តាំងមន្ត្រីបច្ចេកទេសមកពីនាយកដ្ឋានវិស្វកម្ម និងនាយកធារាសាស្ត្រកសិកម្មប្រចាំការនិងត្រួតពិនិត្យចល័តត្រៀមធ្វើអន្តរាគមន៍ គ្រប់ទីតាំងសណ្តស្ទឹងព្រែកត្នោត ចាប់ពីផ្នែកខាងលើក្នុងភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ រហូតមកដល់ក្នុងភូមិសាស្ត្រ ខេត្តកណ្តាល និងរាជធានីភ្នំពេញ។

លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺបានឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២៣ថានៅរលាំងជ្រៃថ្ងៃនេះ(៣០កញ្ញា)ទឹកមានកម្ពស់៧,៣៩ម៉ែត្រខ្ពស់ជាងថ្ងៃទី២៩កញ្ញា០,០៣ម៉ែត្រ។ទ្វារទឹក ទំនប់រលាំងជ្រៃត្រូវបានបើកចំនួន៥ទ្វារ ដោយមួយទ្វារកម្ពស់២,៨០ម៉ែត្រ ពីរទ្វាកម្ពស់២,៣០ម៉ែត្រនិងពីរទ្វារកម្ពស់២,១០ម៉ែត្រសម្រាប់ទ្វារនីមួយៗ។

ស្ថានភាពទឹកនៅតាមស្ថានីយជលសាស្ត្របណ្តោយស្ទឹងព្រែកត្នោតភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តកណ្តាលនិងរាជធានីភ្នំពេញ គិតត្រឹមម៉ោង ១០ព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ មានដូចខាងក្រោម៖

នៅស្ថានីយជលសាស្ត្រទំនប់តាសាល ក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កម្ពស់ទឹក ១៨,៧៥ម៉ែត្រ (១៩,០០ ជាកម្ពស់ប្រុងប្រយ័ត្ន)

នៅស្ថានីយពាមឃ្លៃ ក្នុងឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ  កម្ពស់ទឹក ៦,៣៨ម៉ែត្រ (៧,០០ម៉ែត្រ ជាកម្ពស់ប្រុងប្រយ័ត្ន)

នៅស្ថានីយជលសាស្ត្រទំនប់រលាំងជ្រៃ កម្ពស់ទឹក ៧,៣៦ម៉ែត្រ (៧,៥០ម៉ែត្រ ជាកម្ពស់ប្រុងប្រយ័ត្ន)

នៅស្ថានីយជលសាស្ត្រទំនប់ ៧មករា ផ្នែកខាងមុខទ្វារទឹកមានកម្ពស់ ៤,៧៥ម៉ែត្រ (ទាបជាងបង្ហៀរ០,០៥ម៉ែត្រ (៥,៣០ម៉ែត្រ ជាកម្ពស់ប្រុងប្រយ័ត្ន)នៅក្រោយទ្វារទឹកមានកម្ពស់ ៧,៤០ម៉ែត្រ (៧,០០ម៉ែត្រ ជាកម្ពស់ប្រុងប្រយ័ត្នក្រោមកម្ពស់ទំនប់សណ្តស្ទឹង ២,៧០ម៉ែត្រ)។

ស្ថានភាពទូទៅនៃកម្ពស់ទឹកស្ទឹងព្រែកត្នោតគិតត្រឹមរសៀលថ្ងៃទី៣០ខែកញ្ញានេះពុំមានអ្វីប៉ះពាល់ និងមានការព្រួយបារម្ភ គំរាមកំហែងទឹកជំនន់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាលឡើយ៕ P / N