ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី បានអញ្ជើញថ្វាយព្រះរាជវឌ្ឍនកិច្ច ទទួលព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់ ជីវិតតម្កល់លើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះ រាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងនិវត្តពីសា ធារណរដ្ឋប្រជាមានិតចិន មកកាន់មាតុប្រទេសវិញនារសៀលថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២៣ ។
អញ្ជើញថ្វាយព្រះរាជវឌ្ឍនកិច្ចទទួលព្រះរាជដំណើរដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញមានមេដឹកនាំកំពូលៗរួមមានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា,សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សូដារី ប្រធានរដ្ឋសភា , សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ,សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន , សម្តេចក្រឡាហោម ស ខេង ,សម្តេចពិជ័យសេនា ទៀ បាញ់ , សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ,លោក ហោ ណាំហុង រួមជាមួយរាជរង្សានុវង្សនិងមន្រ្តីរាជរដ្ឋាភិបាលជាច្រើនរូប ទៀត ។
ដោយឡែកឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនក៏មានវត្តមាននៅក្នុងឱកាសនោះដែរ ។
ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និង សម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតស្តេច យាងត្រឡប់មកដល់មាតុប្រទេសវិញហើយនាវេលារសៀលថ្ងៃ៣០ខែកញ្ញានេះបន្ទាប់ពីព្រះអង្គបានគង់ព្យាបាល ព្រះរោគ នៅទីក្រុងប៉េកាំងប្រទេសចិនអស់រយៈពេលជាង១ខែកន្លងមក ។ ព្រះមហា ក្សត្រ នរោត្តម សីហមុនី បានយាងចាកចេញពីមាតុភូមិកាលពីថ្ងៃទី២៨ ខែសីហាឆ្នាំ២០២៣ដើម្បីឲ្យក្រុមគ្រូពេទ្យចិនធ្វើការពិនិត្យព្រះរាជសុខភាពរបស់ព្រះអង្គទៅតាមវេជ្ជបញ្ជា ជាទៀងទាត់រៀងរាល់ ៦ ខែម្តង ៕