ដោយៈ ទេព មង្គល / ភ្នំពេញៈ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃសៅរ៍ ទី ៣០ ខែកញ្ញា ឆ្នាំ២០២៣ បានអំពាវនាវដល់សាធារណជន ជាអ្នកប្រើ ប្រាស់ផ្លូវទាំងអស់ ឱ្យចូលរួម ក្នុងការបង្ការ ទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ នៅថ្ងៃទី ៣០ ខែកញ្ញា ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៣ ។
នៅក្នុងសេចក្តីអំពាវនាវនោះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមថ្លែងនូវការកោតសរសើរ ប្រកបដោយក្តីមោទនភាពជាទីបំផុត ចំពោះអ្នកប្រើប្រាស់ ផ្លូវដ៏ច្រើនលើសលប់ ដែលមានឆន្ទៈក្នុងការចូលរួមគោរព និងអនុវត្តច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោក យ៉ាងផុសផុល ក្នុងពេលធ្វើចរាចរណ៍ រួមចំណែកក្នុងការកាត់បន្ថយការបាត់បង់ ជីវិត រងរបួស និងការខូចខាតទ្រព្យសម្បត្តិ ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នាពេលកន្លងទៅ។
ទោះជាយ៉ាងនេះក្តី គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បាន និងកំពុងគំរាមកំហែងដល់អ្នកប្រើ ប្រាស់ផ្លូវ បង្កឱ្យមានសោកនាដកម្ម បាត់បង់ជីវិត រងរបួស និងខូចខាតទ្រព្យសម្បត្តិ ជារៀងរាល់ថ្ងៃ ហើយតែងតែមាន កំណើនខ្ពស់ ក្នុងពេលមានពីធីបុណ្យនានា ដែលមាន កំណើនចរាចរណ៍មមាញឹក ដោយការបើកបរ មិនគោរពច្បាប់ ការធ្វេសប្រហែស ឬខ្វះការយោគយល់អធ្យាស្រ័យ។
ក្នុងន័យនេះ នាឱកាសប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមអំពាវនាវដល់សាធារណជន ជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមមេត្តាខិតខំយកចិត្តទុកដាក់បង្កើនស្មារតីចូលរួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បើកបរយានយន្តតាមវិធានការ ដូចខាងក្រោម៖
១-ត្រូវបន្ថយល្បឿនបើកបរតាមច្បាប់កំណត់ និងតាមស្ថានភាពជាក់ស្តែង ដូចជា ទីប្រជុំជន សាលារៀន ផ្លូវគ្រលុក ផ្លូវកោង ផ្លូវប្រសព្វ ផ្លូវចំណោត ផ្លូវចង្អៀត ឬផ្លូវរអិល ។ល។ មូលហេតុចម្បង ដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺការបើកបរ លឿន ហួសល្បឿនកំណត់។
២-ត្រូវគោរពសិទ្ធិអាទិភាពនៅត្រង់ផ្លូវប្រសព្វ ដោយត្រូវបើកបរបន្ថយល្បឿន និងត្រូវទុក សិទ្ធិឱ្យអ្នកបើកបរ លើផ្លូវដែលមានសិទ្ធិ បានធ្វើចរាចរណ៍ទៅមុន។
៣-មុននឹងវ៉ាជែង ត្រូវដឹងច្បាស់ថា ផ្លូវខាងមុខទំនេរ អាចជែងបាន ដោយសុវត្ថិភាព ចៀសវាង ការវ៉ាជែង ដោយប្រថុយប្រថាន ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ជាយថាហេតុ។
៤-ចំពោះរថយន្តដឹកអ្នកដំណើរ ឬរថយន្តដឹកទំនិញ សូមកុំផ្ទុកមនុស្ស ឬទំនិញ លើសច្បាប់កំណត់ ជាពិសេសរថយន្តដឹកអ្នកដំណើរ មិនត្រូវផ្ទុកមនុស្សនៅ លើដំបូល និងមិនត្រូវដំឡើងថ្លៃធ្វើដំណើរ ក្នុងឱកាសនេះ។
៥-ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះរបស់ខ្លួន មុនពេលធ្វើចរាចរណ៍។
៦-អ្នកបើកបររថយន្ត និងអ្នករួមដំណើរ សូមពាក់ខ្សែក្រវាត់សុវត្ថិភាព ឱ្យបានត្រឹមត្រូវ ជាប់ជាប្រចាំ។
៧-អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរទាំងអស់ត្រូវពាក់មួកសុវត្ថិភាព ឱ្យបានត្រឹមត្រូវ គ្រប់ៗគ្នា ទោះធ្វើដំណើរជិត ឬឆ្ងាយ និងគ្រប់ពេលវេលា។ ត្រូវចងចាំជានិច្ចថា ” មួកសុវត្ថិភាពមួយ អាចជួយការពារនូវ ការរងរបួសក្បាល ឬអាចការពារជីវិតបាន “។
៨-ត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន និងសូមចងចាំជានិច្ចនូវ ពាក្យស្លោក “បើពិសាគ្រឿងស្រវឹង កុំបើកបរ ។ ស្ថានភាពស្រវឹង នឹងបង្កឱ្យអ្នកបើកបរ បាត់ការចងចាំ វង្វេងស្មារតី មិនអាចបញ្ជាយានបាន ដោយសុវត្ថិភាព ងាយប្រឈមនឹង ការបង្កគ្រោះថ្នាក់ចរាចរណ៍។
៩-នៅពេលបើកបរ ត្រូវប្រកាន់ខ្ជាប់នូវសុជីវធម៌ សីលធម៌ និងការអធ្យាស្រ័យគ្នា ទៅវិញទៅមក ដើម្បីបញ្ចៀសគ្រោះថ្នាក់ ឬការកកស្ទះចរាចរណ៍។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមសម្តែងនូវសេចក្តីសង្ឃឹម និង ជឿទុកចិត្ត លើស្មារតីប្រុងប្រយ័ត្នរបស់ សាធារណជន ក្នុងការអនុវត្តសេចក្តីអំពាវនាវ នេះ ដើម្បីនាំមកនូវសុវត្ថិភាព និងសេចក្តីសុខសប្បាយ រីករាយជាមួយក្រុមគ្រួសារ ក្នុងឱកាសប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រពៃណីជាតិ កុំឱ្យថ្ងៃសប្បាយ ក្លាយជាថ្ងៃកើតទុក្ខ៕/V