កម្លាំងនគរបាលចម្រុះ បានឃាត់ខ្លួនជនសង្ស័យ ៥ នាក់ ជាជនជាតិវៀតណាម ពាក់ព័ន្ធនឹងការចរាចរគ្រឿងញៀនឆ្លងដែន ខុសច្បាប់ ទម្ងន់ជាង ២.៣០០ ក្រាម
ដោយៈ មុនីរ័ត្ន – សុខុម / មណ្ឌលគិរី ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនគោកទ្វេភាគី ឡាប៉ាខេនិងកម្លាំងនគរបាលស្រុកកែវសីមា កម្លាំងការិយាល័យបច្ចេកទេស កម្លាំងការិយាល័យអនុវត្តនីតិវិធី នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក ហុង វណ្ណារិទ្ឋិ នាយករងនៃមន្ទីរប្រឆាំងគ្រឿងញៀន និងដោយមានការសម្របសម្រួលនីតិវិធី ពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តមណ្ឌលគិរី បានឃាត់ខ្លួនជនសង្ស័យបានចំនួន ៥ នាក់ ករណីដឹកជញ្ជូនឆ្លងដែន រក្សាទុក និងប្រើប្រាស់ ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចច្រកទ្វារទ្វេភាគីឡាប៉ាខេ ស្ថិតនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។