ដោយះសរិទ្ធ/ភ្នំពេញ៖កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ យុវជនម្នាក់សម្រេចចិត្តឡើងមកលើស្ពានជ្រោយចង្វារ ដើម្បីលោតទឹកសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលទាំងកណ្ដាលរាត្រី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យុវជនរងគ្រោះខាងលើ មានឈ្មោះ សំណាង អាយុ១៦ឆ្នាំ មានទីលំនៅ សង្កាត់មិត្តភាព ខណ្ឌ៧មករា។
តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា ដំបូងគេបានឃើញយុវជនម្នាក់ ជិះម៉ូតូហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ដែលមានស្លាកលេខភ្នំពេញ 1JV-5724 ជាមួយទឹកមុខសោកសៅ ឡើងមកលើស្ពានជ្រោយចង្វារ រួចឈប់ម៉ូតូក្បែរបង្កាន់ដៃស្ពាន បន្ទាប់មកក៏ដោះស្បែកជើងចេញ ទុកទូរស័ព្ទ IPHONE ១គ្រឿង ក្បែរស្បែកជើង និងម៉ូតូ ហើយក៏លោតទឹកបាត់តែម្ដង។
ភ្លាមៗនោះ ពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ស្ពានបានរាយការណ៍ទៅសមត្ថកិច្ចមូដ្ឋាន អោយចុះមកទីតាំងកើតហេតុ តែជាអកុសលមិនអាចជួយមនុស្សបាន ដោយយុវជនខាងលើបាន លិចបាត់ក្នុងទឹកទន្លេបាត់ទៅហើយ។
បន្ទាប់ពីកើតហេតុរួច ក្រុមគ្រួសារ សាច់ញាតិ ក៏បានឡើងមកលើស្ពានជាមួយទឹកភ្នែក ដោយបានបញ្ជាក់អោយដឹងថា មុនពេលកើតហេតុ ឪពុករបស់ យុវជនរងគ្រោះ បានឈ្លោះប្រកែកគ្នា ស្របពេលយុវជនខាងលើ កំពុងពិបាកចិត្តខ្លាំង តាំងពីប៉ុន្មានថ្ងៃមុនពេលកើតហេតុមកម៉្លេះ រហូដល់យប់កើតហេតុ យុវជនរងគ្រោះទ្រាំលែងបានជាមួយការឈ្លោះគ្នារបស់គ្រួសារខ្លួន បានជិះម៉ូតូឡើងទៅធ្វើអត្តឃាត នៅស្ពានជ្រោយចង្វារតែម្តង។
បច្ចុប្បន្ន សមត្ថកិច្ចមូលដ្ឋាន បានយកម៉ូតូ និងសម្ភារៈរបស់ យុវជនរងគ្រោះ ទៅរក្សាទុកនៅប៉ុស្ត៍នគរបាលរដ្ឋបាលស្រះចកជាបណ្តោះអាសន្ន ដើម្បីរង់ចាំក្រុមគ្រួសារមកទទួល និងចាត់វិធានការជាបន្តទៀត៕ P / N