ប្រែសម្រួល : កញ្ញាដាលីស (ឆានែលញូវអេស៊ា) ៖ ក្រុមហ៊ុន Apple កាលពីថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា បាននិយាយថា ខ្លួនបានរកឃើញបញ្ហាមួយចំនួនដែលអាចបណ្តាលឱ្យ iPhone ថ្មីដំណើរការក្តៅជាងការរំពឹងទុក រួមទាំងបញ្ហានៅក្នុងសូហ្វវែ iOS 17 ដែលនឹងត្រូវជួសជុលនៅក្នុងការអាប់ដេតនាពេលខាងមុខ។
បន្ទាប់ពីមានការត្អូញត្អែរថា ទូរស័ព្ទថ្មីឡើងកំដៅខ្លាំង Apple បាននិយាយថាឧបករណ៍នេះអាចមានអារម្មណ៍ក្តៅក្នុងរយៈពេលពីរបីថ្ងៃដំបូង “បន្ទាប់ពីដំឡើង ឬស្តារឧបករណ៍ឡើងវិញ ដោយសារតែសកម្មភាពនៅផ្ទៃខាងក្រោយច្រើនពេក។”
ក្រុមហ៊ុន Apple បាននិយាយថា “បញ្ហាមួយផ្សេងទៀតគឺពាក់ព័ន្ធនឹងការអាប់ដេតថ្មីៗមួយចំនួនចំពោះកម្មវិធីរបស់ភាគីទីបី ដែលបណ្តាលឱ្យទូរស័ព្ទប្រើប្រព័ន្ធធ្ងន់ធ្ងរហួសប្រមាណ” ដោយបន្ថែមថា ក្រុមហ៊ុនកំពុងធ្វើការជាមួយអ្នកបង្កើតកម្មវិធីទាំងនោះលើការជួសជុល ដែលកំពុងដំណើរការ។
កម្មវិធីភាគីទីបី ដែលបង្កបញ្ហាក្តៅម៉ាស៊ីន រួមមានហ្គេម Asphalt 9 កម្មវិធី Instagram របស់ Meta និង Uber នេះបើយោងតាមក្រុមហ៊ុន។ Instagram បានដោះស្រាយបញ្ហាជាមួយកម្មវិធីរបស់ខ្លួនរួចហើយនៅថ្ងៃទី ២៧ ខែកញ្ញា។
ការជួសជុល Bug នៅលើ iOS 17 នាពេលខាងមុខនឹងមិនកាត់បន្ថយសមត្ថភាពដំណើរការដើម្បីដោះស្រាយសីតុណ្ហភាពរបស់ iPhone នោះទេ។
ក្រុមហ៊ុន ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងឃូភើទីណូ (Cupertino) រដ្ឋកាលីហ្វ័រញ៉ានេះ បាននិយាយថា iPhone 15 Pro និង Pro Max មិនឡើងកំដៅខ្លាំងដោយសារតែការរចនានោះទេ ផ្ទុយទៅវិញសំបកទីតានីញ៉ូមថ្មីជួយឱ្យកម្តៅធូរស្បើយជាងមុនបើប្រៀបធៀបទៅនឹងម៉ូដែលដែកអ៊ីណុកពីមុន។
Apple ក៏បាននិយាយផងដែរថា បញ្ហានេះមិនមែនជាហានិភ័យសុវត្ថិភាពឬអាចបង្កជារបួសនោះទេ ហើយនឹងមិនប៉ះពាល់ដល់សមត្ថភាពដំណើរការរយៈពេលវែងរបស់ទូរស័ព្ទនោះទេ៕
កម្មវិធីភាគីទីបី ដែលបង្កបញ្ហាក្តៅម៉ាស៊ីន រួមមានហ្គេម Asphalt 9 កម្មវិធី Instagram របស់ Meta និង Uber