ដោយៈសុផានីតា/កោះកុង៖ លោកស្រីអភិបាលខេត្តកោះកុង បានប្រកាសផ្តល់ថវិកាលើកចិត្តទឹកដល់សិស្សានុសិស្សណាដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេសA នៅក្នុងម្នាក់១,០០០ដុល្លារ។
រដ្ឋបាលខេត្តកោះកុង លើកឡើងតាមរយៈលិខិតរបស់ខ្លួននៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ថា លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង សូមលើកទឹកចិត្តដល់ប្អូន និងក្មួយៗដែលជាសិស្សានុសិស្សទាំងអស់ក្នុងខេត្តឱ្យខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ក្នុងការប្រឡងយកចំណេះដឹងសមត្ថភាពផ្ទាល់ខ្លួនជាមូលដ្ឋានមិនត្រូវពឹងផ្អែកលើការលួចចម្លងពីសំណៅឯកសារផ្សេងៗ ឬការលួចចម្លងពីអ្នកដ៏ទៃនោះឡើយ។
លោកស្រីអភិបាលខេត្ត ក៏សូមអំពាវនាវដល់មាតា បិតា អាណាព្យាបាលសិស្សគ្រប់រូបសូមជួយណែនាំដល់កូន ចៅ របស់ខ្លួន ឱ្យយកអស់ពីសមត្ថភាពក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅថ្ងៃទី៦ ខែវិច្ឆិកា ខាងមុខ ដោយត្រូវគោរពតាមបទបញ្ជាផ្ទៃក្នុង និងគោលការណ៍នានាសម្រាប់ការប្រឡង ហើយមិនត្រូវចាញ់ឧបាយកលទុច្ចរិតរបស់ជនខិលខូចមួយចំនួនពាក់ព័ន្ធនឹងការរត់ការក្នុងការប្រឡងជាដាច់ខាត។
ទន្ទឹមនោះ លោកស្រី មិថុនា ភូថង ប្រកាសផ្តល់ថវិកាលើកចិត្តទឹកដល់ប្អូន និងក្មួយៗសិស្សានុសិស្សណាដែលប្រឡងជាប់និទ្ទេស A ក្នុងម្នាក់ៗចំនួន៤លានរៀលគត់ ស្មើ១,០០០ដុល្លារ។ យ៉ាងណានោះ ដើម្បីកាន់តែផ្តល់ភាពងាយស្រួល និងកាត់បន្ថយការចំណាយផ្សេងៗ រដ្ឋបាលខេត្តកោះកុង ផ្តល់ជាទីកន្លែងស្នាក់នៅដល់សិស្សានុសិស្សឥតគិតថ្លៃដែលមកបណ្តាស្រុកឆ្ងាយៗដាច់ស្រយោលចូលរួមប្រឡង៕/r