ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖​មនុស្ស​ជាង​១.០០០​នាក់​នៅ​បង់​ក្លា​ដែស​បាន​ស្លាប់​ដោយ​ជំងឺគ្រុនឈាម​ចាប់តាំងពី​ដើមឆ្នាំ នេះ​បើ​តាម​តួ​​លេខ​ផ្លូវការ​បាន​បង្ហាញ ។​វា​ជា​ការផ្ទុះ​ជំងឺ​បង្កឡើង​ដោយសារ​មូស​ខ្លា​​ដ៏​អាក្រក់​បំផុត​នៅក្នុង​ប្រទេស​នៅ​អាស៊ី​ខាងត្បូង​មួយ​នេះ​។​

​គ្រុនឈាម​ជា​ជំងឺឆ្លង​នៅ​តំបន់​ត្រូពិច​។​វា​បង្កអោយអ្នកជំងឺក្តៅខ្លួន​ខ្លាំង រកកល​ចង់​ក្អួត ឈឺក្បាល ក្អួត និង​ឈឺ​សាច់ដុំ ហើយ​ក្នុងករណី​ធ្ងន់ធ្ងរ​អ្នកជំងឺ​ចេញ​ឈាម​និង​ស្លាប់​។​

​អង្គការ​សុខភាព​ពិភពលោក​បាន​ព្រមាន​ថា ជំងឺគ្រុនឈាម​និង​ជំងឺ​ដទៃ​ទៀត​បង្កឡើង​ដោយ​វីរុស​តាមរយៈ​សត្វ​មូស​ដូចជា​គ្រុនឈីក​(chikungunya) ជំងឺ​ខាន់​លឿន​(yellow fever) និង​ហ្ស៊ី​កា កំពុង​ឆ្លង​រាលដាល​កាន់តែ​លឿន​និងកាន់តែ​ឆ្ងាយ​ឡើង​ដោយសារ​តែ​ការប្រែប្រួល​អាកាសធាតុ​។​

​តួលេខ​មក​ពី​អគ្គនាយកដ្ឋាន​សេវា​សុខាភិបាល​បង់​ក្លា​ដែស​ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ បាន​និយាយថា​មនុស្ស​១.០០៦​នាក់​បាន​ស្លាប់ និង​ជាង​២០០.០០០​នាក់​កើត​គ្រុនឈាម​ចាប់តាំង​ពី​ដើម​ឆ្នាំ​មក​។​ចំនួន​មនុស្ស​ស្លាប់​ដោយ​គ្រុនឈាម​នៅ​ឆ្នាំនេះ ខ្ពស់​ជាង​ឆ្នាំ​មុន​បូក​រួម​ទាំង​ការស្លាប់​ចាប់តាំងពី​ឆ្នាំ​២០០០​មក​។​។​វា​ជា​ការស្លាប់​ដោយ​ជំងឺ​នេះ​ច្រើន​បំផុត​នៅ​បង់​ក្លា​ដែស​និងខ្ពស់បំផុត​នៅ​ទូទាំង​ពិភពលោក​។​

​ទិន្នន័យ​បានបង្ហាញ​ថា ក្នុងចំណោម​អ្នកស្លាប់​មាន​១១២​នាក់​ជា​កុមារ​។​

​ពួក​អ្នកវិទ្យាសាស្ត្រ​បាន​បន្ទោស​ការផ្ទុះ​គ្រុនឈាម​ដ៏​អាក្រក់​នៅ​ឆ្នាំ​នេះ​មួយ​ផ្នែក​លើ​ការឡើង​កំដៅ​ក្នុងអំឡុង​រដូវវស្សា​ដែល​ផ្តល់​លក្ខខណ្ឌ​អំណោយផល​សំរាប់​ការកកើត​មូស​៕

​បន្ទប់​ដាក់​អ្នក​ជំងឺគ្រុនឈាម​នៅ​មន្ទីរពេទ្យ​ធំ​ក្នុង​ទីក្រុង​ដា​ក្កា​ពេញ​ដោយ​អ្នកជំងឺ