​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មន្ទីរ​បញ្ច​កោណ​បាន​ព្រមាន​សភា​ថា ខ្លួន​កំពុង​ខ្វះខាត​ថវិកា​ដើម្បី​ជំនួស​អាវុធ​ដែល​សហរដ្ឋ​អាម៉េរិក​បាន​បញ្ជូន​ទៅ​កាន់​អ៊ុ​យក្រែន ហើយ​ត្រូវ​បង្ខំចិត្ត​ពន្យឺត​ការផ្គត់ផ្គង់​ឡើង​វិញ​ដល់​កងទ័ព នេះ​បើ​យោងតាម​លិខិត​មួយ​ផ្ញើ​ទៅកាន់​ក្រុម​មេដឹកនាំ​សភា​។​

​លិខិត ដែល​ទទួល​បាន​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Associated Press ជំរុញ​ឱ្យ​សភា​បំពេញ​ថវិកា​សម្រាប់​អ៊ុ​យក្រែន​។

​សភា​បាន​បញ្ចៀស​ការបិទ​រដ្ឋាភិបាលតាមរ​យៈ​ការអនុម័ត​ច្បាប់​ផ្តល់​មូលនិធិ​រយៈពេល​ខ្លី​កាលពី​ចុង​សប្តាហ៍ ប៉ុន្តែ​វិធានការ​នេះ​បាន​ទម្លាក់​ចុះ​ទាំងអស់​នូវ​ជំនួយ​សម្រាប់​អ៊ុយ​ក្រែន​ក្នុង​ការប្រយុទ្ធ​ទប់ទ​ល់នឹង​រុស្ស៊ី​។​

​លោក ម៉ៃ​ឃើ​ល ម៉ា​កខត (Michael McCord) មន្ត្រី​គ្រប់គ្រង​មន្ទីរ​បញ្ច​កោណ​បាន​ប្រាប់​ក្រុម​មេដឹកនាំ​សភា​និង​ព្រឹទ្ធសភា​ថា នៅសល់​ថវិកា​តែ ១,៦ ពាន់​លាន​ដុល្លារ​នៃ​ថវិកា ២៥,៩ ពាន់​លាន​ដុល្លារ​ដែល​សភា​បាន​ផ្តល់​ដើម្បី​បំពេញ​បន្ថែម​ស្តុក​អាវុធ​យោធា​អាម៉េរិក​ដែល​បាន​ហូរ​ទៅ​អ៊ុ​យក្រែន​។ សព្វាវុធ​ទាំងនោះ​រួមមាន កាំភ្លើង​ធំ គ្រាប់​រ៉ុក្កែត និង​កាំជ្រួច​រាប់លាន​គ្រាប់ ដែល​មាន​សារៈសំខាន់​ចំពោះ​ការវាយលុក​របស់​អ៊ុយ​ក្រែន​ក្នុង​គោលបំណង​ដណ្តើម​យក​មក​វិញ​នូវ​ទឹកដី​ដែល​រុស្ស៊ី​ដណ្តើមបាន​ក្នុង​សង្គ្រាម​។​

​ក្រៅពីនេះ សហរដ្ឋ​អាម៉េរិក​នៅសល់​ទឹកប្រាក់​ប្រមាណ ៥,៤ ពាន់​លាន​ដុល្លារ​ដើម្បី​ផ្តល់​អាវុធ​និង​ឧបករណ៍​ពី​ឃ្លាំង​ស្តុក​របស់ខ្លួន​។ សហរដ្ឋ​អាម៉េរិក​នឹង​អស់​ថវិកា​នោះ​ហើយ ប្រសិនបើ​មន្ទីរ​បញ្ច​កោណ​មិនដឹង​ខ្លួន​នៅ​ដើមឆ្នាំ​នេះ​ថា​ខ្លួន​បាន​វាយ​តម្លៃលើស​លើ​ឧបករណ៍​ដែល​ខ្លួន​បាន​បញ្ជូន​រួច​ទៅ​ហើយ ដោយ​អាច​រំដោះ​ថវិកា​បាន​ប្រហែល ៦,២ ពាន់​លាន​ដុល្លារ​។ ឧបករណ៍​មួយ​ចំនួន​ត្រូវបាន​បញ្ជូន​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​។​

​លោក​ម៉ា​កខត​បាន​និយាយថា សហរដ្ឋ​អាម៉េរិក​បាន​អស់​ទាំងស្រុង​នូវ​មូលនិធិ​រយៈពេល​វែង​សម្រាប់​រដ្ឋាភិបាល​ក្រុង​គៀវ តាមរយៈ​គំនិត​ផ្តួចផ្តើម​ជំនួយ​សន្តិសុខ​អ៊ុ​យក្រែន ដែល​ផ្តល់​ប្រាក់​ដើម្បី​ធ្វើ​កិច្ចសន្យា​សម្រាប់​អាវុធ​នា​ពេលអនាគត​។​

​លោក​ម៉ា​កខត​បាន​និយាយ​នៅក្នុង​សំបុត្រ​នោះ​ថា “​យើង​ត្រូវ​បាន​បង្ខំចិត្ត​រួច​ហើយ​ដើម្បី​ពន្យឺត​ការបំពេញបន្ថែម​ដល់​កងកម្លាំង​របស់​យើង​ផ្ទាល់​ដើម្បី​ទប់ទល់​នឹង​អនាគត​មូលនិធិ​មិន​ច្បាស់លាស់​។ ការខកខាន​ក្នុង​ការបំពេញបន្ថែម​សេវាកម្ម​យោធា​របស់​យើង​ទាន់ពេលវេលា​អាច​ប៉ះពាល់​ដល់​ការត្រៀមខ្លួន​របស់​យោធា​របស់​យើង​។​”

​លោក​បាន​បន្ថែមថា ប្រសិនបើ​គ្មាន​មូលនិធិ​បន្ថែម​នៅពេល​នេះ​ទេ សហរដ្ឋ​អាម៉េរិក​នឹង​ត្រូវ​ពន្យារ​ពេល​ឬ​រក្សា​ទុក​អាវុធ​ការពារ​ដែនអាកាស គ្រាប់រំសេវ ដ្រូ​ន និង​ឧបករណ៍​កម្ទេច​និង​បំបែក ដែល​មាន​សារៈសំខាន់​និង​បន្ទាន់​នៅពេលនេះ ខណៈ​ដែល​រុស្ស៊ី​ត្រៀម​ធ្វើ​ប្រតិបត្តិការ​វាយលុក​រដូវ​រងា​។​

​លោក​ប្រធានាធិបតី ចូ បៃ​ដិន បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ខណៈ​ជំនួយ​នឹង​បន្ត​ហូរ​មក​សម្រាប់​ពេល​នេះ ពេលវេលា​កំពុង​ជិត​អស់ហើយ​។​

​លោកបៃ​ដិនបាន​និយាយថា “​ទោះ​ស្ថិតក្រោម​កាលៈទេសៈ​ណា​ក៏​ដោយ​យើង​មិន​អាច​អនុញ្ញាត​ឱ្យ​ការគាំទ្រ​របស់​អាម៉េរិក​សម្រាប់​អ៊ុយ​ក្រែន​ត្រូវ​បាន​រំខាន​នោះឡើយ​។ យើង​មាន​ពេលវេលា មិន​ច្រើន​ទេ ហើយ​មាន​អារម្មណ៍​បន្ទាន់​ខ្លាំងណាស់​”៕

​រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក ឡយ អូ​ស្ទីន (​ស្តាំ​) និយាយ​ជាមួយ​លោក​ហ្សេ​លេន​ស្គី​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​២១ កញ្ញា ឆ្នាំ​២០២៣